E-Sports៖ ក្រុម Mister លើក​ពាន ROS KH Cup អម​ជាមួយ​ថវិកា​២៥​លាន​រៀល​
កីឡាជាតិ
ជាតិ
E-Sports៖ ក្រុម Mister លើក​ពាន ROS KH Cup អម​ជាមួយ​ថវិកា​២៥​លាន​រៀល​
17, Jun 2019 , 9:39 pm        
រូបភាព
​ក្រុមកីឡា​អេឡិចត្រូនិក Mister បាន​ក្លាយជា​ម្ចាស់​ជើងឯក​ពានរង្វាន់ ROS KH Cup លើ​វិញ្ញាសា Rules of Survival បន្ទាប់ពី​ពួកគេ​ទទួលបាន​ពិន្ទុ​ខ្ពស់​ជាងគេ​នា​ការប្រកួត​ជុំ​ផ្តា​ត់​ព្រ័ត្រ ដែលមាន​១៥​ក្រុម​(១​ក្រុម​មាន​គ្នា​៤​នាក់​)​ចូលរួម​។ ប្រធាន​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​បាន​បញ្ជាក់ថា គោលបំណង​នៃ​ការប្រកួត​នេះ គឺ​ដើម្បី​ពង្រឹង​និង​វាស់​ស្ទង់​សមត្ថភាព​កីឡាករ ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេម​នៅ​ហ្វីលីពីន​ឆ្នាំនេះ​។ ហើយ​លោក​ក្រើនរំលឹក​មហាជន​កុំ​ឲ្យ​មានការ​យល់ច្រឡំ​រវាង​កីឡា​អេឡិចត្រូនិក និង​ល្បែង​អេឡិចត្រូនិក ព្រោះ​វា​ទាំងពីរ​មាន​លក្ខណៈ​ខុសគ្នា​។

 
​ក្រោយ​ឆ្លងកាត់​ការប្រកួត​ជម្រុះ​អស់​រយៈពេល​ជាច្រើន​ខែ ការប្រកួត​កីឡា​អេឡិចត្រូនិក​ដណ្តើម​ពានរង្វាន់ ROS KH Cup រដូវ​កាល​ទី​១​លើ​វិញ្ញាសា Rules of Survival បាន​រកឃើញ​ម្ចាស់​ជើងឯក​ហើយ គឺ​ក្រុម Mister បន្ទាប់ពី​ពួកគេ​យកឈ្នះ​គូប្រកួត​ក្នុង​ជុំ​ផ្តាច់ព្រ័ត្រ​កាលពី​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ផ្សារ​ទំនើប​អ៊ី​អន​ទី​២​។ សម្រាប់​ការប្រកួត​ជុំ​ផ្តា​ត់​ព្រ័ត្រ ដែលមាន​១៥​ក្រុម​ចូលរួម ក្រុម Mister ធ្វើបាន​ក្នុង​កម្រិត​ពិន្ទុ​១១៨០ ខណៈ​ក្រុម​លេខ​២ Warrior ធ្វើបាន​១១៦០​ពិន្ទុ ក្រុម​លេខ​៣ UP ធ្វើបាន​១១៥០​ពិន្ទុ និង​ក្រុម​លេខ​៤ NRX Cambodia ធ្វើបាន​៨៥០​ពិន្ទុ​។ 


 
​ក្រៅពី​ពាន​និង​មេដាយ ក្រុម​ជើងឯក Mister ទទួលបាន​ប្រាក់រង្វាន់​លើកទឹកចិត្ត​ចំនួន​២៥​លាន​រៀល ខណៈ Warrior ទទួលបាន​២០​លាន​រៀល UP បាន​១០​លាន​រៀល និង​ក្រុម​លេខ​៤ NRX Cambodia ទទួលបាន​៧​លាន​រៀល​។ ក្រុម​១១​ផ្សេងទៀត​ក៏​ទទួលបាន​ថវិកា​លើកទឹកចិត្ត​ផងដែរ​ក្នុងនោះ KNOCK បាន​៦​លាន​រៀល​, ROSE ៥,៥​លាន​រៀល​, FAKE LOUD4 ៥​លាន​រៀល​, PRIME ៤,៥ លាន​រៀល​, ASTRO ៤​លាន​រៀល​, SIMPLE ៣,៥​លាន​រៀល​, Dragon ៣​លាន​រៀល​, CAT បាន​២,៥​លាន​រៀល​, Legends ២​លាន​រៀល​, Becareful និង Khmer Heart ទទួលបាន​១​លាន​រៀល​ដូចគ្នា​។​
 
​លោក ជា ច័ន្ទ​បរិបូរណ៍ ប្រធាន​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​បាន​បញ្ជាក់ថា ការប្រកួត​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​ពង្រឹង​និង​វាស់​ស្ទង់​សមត្ថភាព​របស់​កីឡាករ​អេឡិចត្រូនិក​កម្ពុជា ពិសេស​មើល​ពី​សក្តានុពល​ពួកគេ មុន​សម្រេច​បញ្ជូនទៅ​ចូលរួម​ការប្រកួត​កីឡា​ស៊ី​ហ្គេម​នៅ​ឆ្នាំនេះ​។ 


 
«​សហព័ន្ធ មាន​គោលបំណង ពង្រឹងសមត្ថភាព​កីឡាករ​អេឡិចត្រូនិក​របស់​យើង ព្រោះ E-sports មាន​វិញ្ញាសា​ច្រើនណាស់ ខណៈ​កីឡា​ប្រភេទ​នេះ ក៏ត្រូវ​ដាក់បញ្ចូល​ក្នុង​ស៊ី​ហ្គេម​ឆ្នាំ​២០១៩​ជា​លើកដំបូង​ផងដែរ​។ ដូច្នេះ​យើង​ចង់ដឹង​សមត្ថភាព​កីឡាករ​យើង​លើ​គ្រប់​វិញ្ញាសា​ទាំងអស់ ថា​តើ​យើង​គួរ​យក​វិញ្ញាសា​អ្វី​ទៅ​ប្រកួត​ជាមួយ​គេ​»​។ លោក ជា ច័ន្ទ​បរិបូរណ៍ បញ្ជាក់​ដូច្នេះ​ក្រោយ​ការប្រកួត​ជុំ​ផ្តាច់ព្រ័ត្រ កាលពីពេល​ថ្មីៗ​។ 


 
​ជាមួយ​ការលើក​ពី​អត្ថប្រយោជន៍​របស់​កីឡា​អេឡិចត្រូនិក​ក្នុង​ការជួយ​ឲ្យ​យុវជន​មាន​ស្មារតី​រឹងប៉ឹង គិត​រហ័ស និង​ចៀស​ផុតពី​ការប្រព្រឹត្ត​អំពើ​ដែល​សង្គម​ស្អប់ខ្ពើម រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​រូបនេះ​បាន​បន្ថែមថា​៖«​ខ្ញុំ​សូមបញ្ជាក់ថា កុំ​បូ​កប​ញ្ជូ​ល​កីឡា E-sports ទៅនឹង​ការលេង​ល្បែង​អេឡិចត្រូនិក ដែល​មានការ​ភ្នាល់​ដាក់​លុយ គឺ​វា​ខុសគ្នា មិនមែនជា​កីឡា​អេ​ឡិ​ត្រូ​និក​នោះទេ​»​។​
 
​សូមបញ្ជាក់ថា ក្រុម​ទាំង​១៥​ដែល​ចូលរួម​ប្រកួត​ក្នុង​ជុំ​ផ្តាច់ព្រ័ត្រ​ខាងលើ គឺ​ចម្រាញ់​ចេញពី​ក្រុម​ជាង​៨០០ ដែល​បាន​ចូលរួម​ប្រកួត​ជម្រុះ​តាំងពី​អំឡុង​ខែមីនា ឆ្នាំ​២០១៩ កន្លងទៅ​។ សម្រាប់​ការប្រកួត​លើ​វិញ្ញាសា Rules of Survival គឺ​មួយក្រុម​មាន​សមាជិក​៤​នាក់ ហើយ​ក្រុម​នីមួយៗ​ត្រូវ​ប្រកួតប្រជែង​គ្នា​ដោយ​ប្រើ​ទូរ​សព្ទ​ដៃ ដើម្បី​ដណ្តើមយក​ពិន្ទុ​៕   

Tag:
 កីឡា​អេឡិចត្រូនិក​
  ជា ច័ន្ទ​បរិបូរណ៍​
  ROS KH Cup
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម