អន្តរជាតិ
អតីត​មេដឹកនាំ​ផ្ដាច់ការ​ស៊ូដង់ បង្ហាញមុខ​លើកដំបូង​ជុំវិញ​បទល្មើស​ពុករលួយ
17, Jun 2019 , 9:59 pm        
រូបភាព
អតីតប្រធានាធិបតីស៊ូដង់ អូម៉ា អាល់-បាសៀ ត្រូវបាននាំចូលទៅសាកសួរនៅការិយាល័យរដ្ឋអាជ្ញា។ រូបភាព AFP
អតីតប្រធានាធិបតីស៊ូដង់ អូម៉ា អាល់-បាសៀ ត្រូវបាននាំចូលទៅសាកសួរនៅការិយាល័យរដ្ឋអាជ្ញា។ រូបភាព AFP
​អតីត​មេដឹកនាំ​ផ្ដាច់ការ​ស៊ូដង់ អូ​ម៉ា អាល់​-​បា​សៀ (Omar al-Bashir) នៅ​ថ្ងៃទី​១៦ ខែមិថុនា បានបង្ហាញ​មុខជា​សាធារណៈ​លើកដំបូង​បំផុត​ចាប់តាំងពី​ត្រូវបាន​យោធា​ទម្លាក់​ពី​អំណាច​ក្នុង​ខែមេសា​កន្លងទៅ​។ ទីតាំង​ដែល​បង្ហាញមុខ​លើក​នេះ គឺ​ការិយាល័យ​រដ្ឋអាជ្ញា​ជុំវិញ​ការចោទប្រកាន់​ករណី​ពុករលួយ​។ របប​យោធា​ស៊ូដង់​ដែល​កំពុង​ដឹកនាំ​ប្រទេស​នាពេល​បច្ចុប្បន្ន បាន​រឹបអូស​លុយ​សុទ្ធ​ជាង​មួយរយ​លាន​ដុល្លារ​ពី​ផ្ទះ​លោក អាល់​-​បា​សៀ ។​

 
​ក្រោម​កិច្ចការពារ​យ៉ាង​ប្រុងប្រយ័ត្ន​បំផុត អតីត​ប្រធានាធិបតី​ស៊ូដង់​ដែល​ត្រូវ​ទម្លាក់​ពី​តំណែង អូ​ម៉ា អាល់​-​បា​សៀ (Omar al-Bashir) ត្រូវបាន​បញ្ជូន​ពី​ពន្ធនាគារ​ល្បី​អសោច​ន៍ Kober ទៅកាន់​ការិយាល័យ​រដ្ឋ​អាជ្ញា​ដើម្បី​ប្រឈមមុខ​ការចោទប្រកាន់​ពីបទ​ពុករលួយ​។ នេះ​ជា​លើកដំបូង​ដែល​គេ​ឃើញ​វត្តមាន​លោក អាល់​-​បា​សៀ ជា​សាធារណៈ បន្ទាប់ពី​ត្រូវបាន​យោធា​បណ្ដេញ​ចេញពី​អំណាច​នៅ​ថ្ងៃទី​១១ ខែមេសា​កន្លងទៅ​។​
 
​រដ្ឋអាជ្ញា​ស៊ូដង់ Alaeddin Dafallah បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា មេដឹកនាំ​កាន់អំណាច​៣០​ឆ្នាំ​រូបនេះ​ត្រូវបាន​ជូនដំណឹង​ពី​ការចោទប្រកាន់​លើ​ករណី​ដូចជា​ការកាប់​លុយ​បរទេស​ខុសច្បាប់​,​អំពើពុករលួយ និង​ការទទួល​សំណូក​ខុសច្បាប់​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​
 
​មិនយូរប៉ុន្មាន​ក្រោយ​ដណ្ដើម​អំណាច ក្រុម​យោធា​បាន​ចូល​និវេសនដ្ឋាន​លោក អាល់​-​បា​សៀ ក្នុង​រដ្ឋធានី​ខា​ទុំ និង​រឹបអូស​លុយ​ជាច្រើន​លាន​ដុល្លារ​។ ប្រមុខ​ក្រុមប្រឹក្សា​យោធា​ស៊ូដង់​កំពុង​ដឹកនាំ​ប្រទេស ឧ​ត្ត​ម​សេនីយ៍ Abdel Fattah al-Burhan និយាយថា ប៉ូលិស និង​កងទ័ព​រកឃើញ​លុយ​សុទ្ធ​ចំនួន​៣៥​ម៉ឺន​ដុល្លារ​, លុយ​អឺរ៉ុប​៧​លាន​អឺរ៉ូ (៧,៨​លាន​ដុល្លារ​) និង​លុយ​ស៊ូដង់​ប្រាំ​ពាន់​លាន​ផោន (១០៥​លាន​ដុល្លារ​)​ក្នុងផ្ទះ​លោក អាល់​-​បា​សៀ ។​
 
​កាលពី​ខែកុម្ភៈ​កន្លងទៅ លោក អាល់​-​បា​សៀ ដែល​នៅ​កាន់អំណាច​ពេញដៃ​នៅឡើយ​នោះ បានចេញ​ក្រឹត្យ​មួយ​ដែល​កំណត់ថា ការកាប់​លុយ​បរទេស​ច្រើនជាង​ប្រាំ​ពាន់​លាន​ដុល្លារ ជា​រឿង​ខុសច្បាប់​។ នេះ​ជា​ផ្នែក​មួយ​នៃ​វិធានការ​ទប់ស្កាត់​របស់​រដ្ឋាភិបាល​លោក អាល់​-​បា​សៀ ដែល​ដឹកនាំ​ប្រទេស​ក្រោម​ច្បាប់​អាសន្ន សំដៅ​បោសសម្អាត​ការធ្វើ​បាតុកម្ម​តវ៉ា​ប្រឆាំងនឹង​ការដឹកនាំ​របស់លោក​។ បាតុករ​ជាច្រើន​បាន​បាត់​បង់ជីវិត មុនពេល​យោធា​ទម្លាក់​មេដឹកនាំ​រូបនេះ​ចេញពី​តំណែង​។​
 
​សូមបញ្ជាក់ថា ស៊ូដង់ ជា​ប្រទេស​មាន​អត្រា​ពុករលួយ​ខ្លាំង​មួយ​លើ​ពិភពលោក​ក្រោម​ការដឹកនាំ​របស់លោក អាល់​-​បា​សៀ ។ ក្នុង​ចំណាត់​ប្រចាំឆ្នាំ​២០១៨ របស់​អង្គការ​តម្លាភាព​ពិភពលោក ស៊ូដង់​ឈរ​លេខ​១៧២​ក្នុងចំណោម​១៨០​ប្រទេស​។ បញ្ហា​ពុករលួយ​នេះហើយ ជា​ឬ​សគល់​មួយ​ដែល​នាំ​ឲ្យ​មានការ​ងើប​តវ៉ា​ពី​សំណាក់​ប្រជាជន​ស៊ូដង់ ដែល​ចុងក្រោយ​អំណាច​លោក អាល់​-​បា​សៀ ក៏​ដួលរលំ​ដោយសារ​យោធា​តែម្ដង​។ 
 
​របប​លោក អាល់​-​បា​សៀ ដួលរលំ​មែន តែ​វិបត្តិ​នយោបាយ​មិនទាន់​បញ្ចប់​នៅឡើយ​ទេ​។ ក្រុមបាតុករ​ដែល​ទាមទារ​ឲ្យ​លោក អាល់​-​បា​សៀ ចុះចេញ​នោះ នៅតែ​ប្រមូល​ផ្ដុំគ្នា​ក្នុង​ទីក្រុង​ខា​ទុំ ដើម្បី​ស្នើ​ឲ្យ​ក្រុម​យោធា​ប្រគល់​អំណាច​ឲ្យ​ស៊ីវិល​វិញ​ម្ដង​។ ក្រុម​យោធា បាន​បដិសេធ​ចែករំលែក​អំណាច​ទៅ​ឲ្យ​តំណាង​ស៊ីវិល ខណៈ​ការចរចា​ជាច្រើនលើក​មិនបាន​ទទួលបាន​លទ្ធផល​ឡើយ​។ ចុងក្រោយ​នេះ យោធា​ក៏បាន​បង្ក្រាប​ការតវ៉ា​ដែល​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ជាច្រើន​នាក់​៕ 

Tag:
 អាហ្វ្រិក​
  ស៊ូដង់​
  អូ​ម៉ា អាល់​-​បា​សៀ
© រក្សាសិទ្ធិដោយ thmeythmey.com