នូ​វែ​ល​សេ​ឡង់​ប្រកាស​សាកល្បង «​រថយន្ត​តាក់ស៊ី​ហោះ​» (Flying Taxi) មុនគេ​
រថយន្ត
អន្តរជាតិ
នូ​វែ​ល​សេ​ឡង់​ប្រកាស​សាកល្បង «​រថយន្ត​តាក់ស៊ី​ហោះ​» (Flying Taxi) មុនគេ​
17, Jun 2019 , 7:39 pm        
រូបភាព
ដោយ: ធីតា
​ខណៈដែល​គម្រោង​របស់​ក្រុមហ៊ុន Uber មិនទាន់​ចេញ​ជា​រូបរាង​ច្បាស់លាស់​នោះ ក្រុមហ៊ុន​នៅ​នូ​វែ​ល​សេ​ឡង់ ប្រកាសថា ពួកគេ​នឹង​បោះជំហាន​ទៅមុខ​មុន តាមរយៈ​ការដាក់​ដំណើរការ​សាកល្បង​រថ​យន្ត​តាក់ស៊ី​ហោះ «Flying Taxi» នៅលើ​ផ្លូវអាកាស​របស់​ខ្លួន ជាពិសេស​នៅ​តំបន់ Mackenzie ដែលមាន​ទេសភាព​ល្អ​ប្រណីត​ច្រើន​។ នេះ​បើតាម​ការផ្សាយ​របស់ Stuff​។​


 
​ក្រុមហ៊ុន​ផលិត​យន្តហោះ​អាមេរិក Kitty Hawk មាន​វត្ត​មាននៅ​នូ​វែ​ល​សេ​ឡង់ កាលពី​ឆ្នាំ​២០១៦ ហើយ​បានចាប់ផ្តើម​រចនា​យន្ត​ហោះ​ប្រភេទ​តាក់ស៊ី Cora នៅ​ឆ្នាំ​២០១៨​។ រថយន្ត​តាក់ស៊ី (Flying Taxi) ដែលមាន​ឈ្មោះថា Cora នោះ ត្រូវបាន​ចាត់ទុក​ដូចជា ដ្រូ​ន​យក្ស ដែល​ហើយ​ហោះហើរ​បាន​ក្នុង​ល្បឿន​១៨០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​។​
 
​បើតាម​ការផ្សាយ​របស់ Stuff យន្តហោះ​តាក់ស៊ី Cora គ្មាន​អ្នកបើកបរ​នោះឡើយ ដែល​ខុសពី​គម្រោង​របស់ Uber ដែល​ត្រូវការ​មនុស្ស​ត្រួតពិនិត្យ​ពីលើ​។ កាលពី​ជំនួប​ប្រចាំឆ្នាំ​លើក​ទី​ពីរ Elevate Summit នៅ Los Angeles សហរដ្ឋអាមេរិក Uber បានប្រកាស​ពី​គម្រោង​រថយន្ត​តាក់ស៊ី «​ហោះ​» (Flying Taxi) នៅ​ចាប់ពី​ឆ្នាំ​២០២៣ ខាងមុខ ដោយ​ទទួលបាន​កិច្ចសហប្រតិបត្តិការ​ពី​ភ្នាក់ងារ​អវកាស​ណា​សា (NASA)​។ 


 
​ទោះបីជា​មិនបាន​កំណត់​ពេលវេលា​ជាក់លាក់​នៅឡើយ ប៉ុន្តែ​ក្រុមហ៊ុន Kitty Hawk បាន​អះអាងថា ពួកគេ​ត្រៀម​ធ្វើយ៉ាងណា​ឲ្យ​នូ​វែ​ល​សេ​ឡង់​ក្លាយជា​ប្រទេស​ដំបូង​បំផុត​ដែល​ដាក់​ដំណើរការ Flying Taxi ដោយ​រង់ចាំ​ការគាំទ្រ​បន្ត​ពី​អាជ្ញាធរ​អាកាសចរណ៍ CAA និង​រដ្ឋាភិបាល​នូ​វែ​ល​សេ​ឡង់​ផ្ទាល់​។​
 
Kitty Hawk អះអាងថា Cora គឺជា​យាន​ដែលមាន​សុវត្ថិភាព​ខ្ពស់បំផុត ដែល​អាច​ផ្ទុក​មនុស្ស​២​នាក់ ហើយ​ហើរ​បាន​កម្ពស់​ពី​១៥០​ម៉ែត្រ និង​៩០០​ម៉ែត្រ​។ Cora មាន​បំពាក់​ឧបករណ៍​ទំនើប​នានា ជាពិសេស​ទប់ស្កាត់​បញ្ហា​គ្រោះថ្នាក់​ជាយថាហេតុ​។​
 
Kitty Hawk ក៏ដូចជា Uber មិនមែនជា​ក្រុមហ៊ុន​ដំបូង​ដែល​ប្រកាស​ពី​គម្រោង​សេវាកម្ម​រថយន្ត​ហោះ​នោះឡើយ ក្រុមហ៊ុន​ស្លូ​វ៉ា​គី AeroMobil បានលើកឡើង​ផងដែរ​ពី​ការអភិវឌ្ឍន៍​រថយន្ត​ហោះ ដែលមាន​ទម្រង់​ដូចជា​យន្តហោះ​។ ជាមួយគ្នានេះ ក្រុមហ៊ុន Cora  ដែល​ទទួលបាន​ហិរញ្ញវត្ថុ​ពី​សហ​ស្ថាបនិក Google លោក Larry Page ក៏​ត្រៀមខ្លួន​ប្រជែង​លើ​សេវាកម្ម​បច្ចេកវិទ្យា​ទំនើប​នេះ​ផងដែរ​៕


 

Tag:
 Flying Taxi
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម