អចលនទ្រព្យ
អត្ថបទពាណិជ្ជកម្ម
ក្រុង​បាវិត​នឹង​ក្លាយជា​តំបន់​សក្តានុពល​សម្រាប់​ការវិនិយោគ​នៅពេល​អនាគត​
18, Jun 2019 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
​វិនិយោគិន​បរទេស បាន​សម្រុក​មក​បណ្តាក់​ទុនវិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា និង​បាន​ចាប់យក​តំបន់​សំខាន់ៗ​ដូចជា​៖ ក្រុងព្រះសីហនុ និង​សៀមរាប ក្រុង​ប៉ោយប៉ែត​ជាដើម ដែល​បាន​ជំរុញ​សកម្មភាព​សេដ្ឋកិច្ច និង​ការអភិវឌ្ឍ​វិស័យ​អចលនទ្រព្យ​ឲ្យ​រីកចម្រើន​ឡើង​។​
 
​ចំណែក​ក្រុង​បាវិត​វិញ បន្ទាប់ពី​រដ្ឋាភិបាល​បានដាក់​ផែនការអភិវឌ្ឍន៍​ក្រុង សម្រាប់​ឆ្នាំ ២០១៥ ដល់​២០២៥ រួចមក បច្ចុប្បន្ន​ក្រុង​នេះ ក៏​ទទួលបាន​ការចាប់អារម្មណ៍​គួរ​ឲ្យ​កត់សម្គាល់​ពី​សំណាក់​វិនិយោគិន​បរទេស​ផងដែរ​។ រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ យើង​បាន​សង្កេតឃើញ​នូវ​សញ្ញាណ​សំខាន់ៗ​មួយចំនួន នៃ​កំណើន​ការវិនិយោគ​នៅ​ក្រុង​បាវិត ហើយ​អ្នកជំនាញ​រំពឹងថា ក្រុង​បាវិត​នឹង​ក្លាយជា​តំបន់​មាន​សក្តានុពល​ពិសេស មួយ​ផ្សេងទៀត​របស់​កម្ពុជា​។​
 
​ទីតាំង​ភូមិសាស្ត្រ     
 
​ជាមួយនឹង​ក្រឡា​ផ្ទៃ ២០៦,៦៩ គីឡូម៉ែត្រ​ការ៉េ​ក្រុង​បាវិត ស្ថិតនៅ​ចន្លោះ​ទីក្រុង​ភ្នំពេញ និង​ក្រុង​ហូជីមិញ ដែល​សុទ្ធតែជា​ទីក្រុង​សេដ្ឋកិច្ច​ដ៏​សំខាន់​។ ដូច្នេះ ក្រុង​បាវិត​ត្រូវបាន​គេ​ចាត់ទុកជា​ច្រកទ្វារ​ដ៏​សំខាន់ ក្នុងការ​ភ្ជាប់​ទីក្រុង​ភ្នំពេញ និង​ក្រុង​ហូជីមិញ​នៃ​ប្រទេស​វៀតណាម​។​
 
​តាម​ការលើកឡើង​រប​ស់លោក​សោម កែវ ម៉ា​លីដា អនុប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា ក្រុង​បាវិត មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ជិត​១០ ជាមួយនឹង​រោងចក្រ​ផ្សេងៗ​ជាច្រើន​។ លោក​ថែមទាំង​បន្ថែមទៀតថា ក្រុង​បាវិត ជា​តំបន់​សំខាន់​ស្រប​នឹង​គម្រោង​ផ្តួចផ្តើម​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ​របស់​ចិន និង​ជា​ច្រក​ផ្លូវទឹក​យ៉ាងសំខាន់ ទៅ​កំពង់ផែ​វៀតណាម​។​
 
​ទោះយ៉ាងណា​ក៏ដោយ លោក​មើលឃើញថា ប្រទេស​កម្ពុជា​នៅតែ​ជួប​បញ្ហា​ប្រឈម​មួយចំនួន ទាក់ទង​នឹង​ការធ្វើដំណើរ ដែល​តម្រូវ​ឲ្យ​មានការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ ឲ្យ​កាន់តែ​ល្អ​ជាង​មុន ដើម្បី​គាំទ្រ​ដល់​កំណើន​នៃ​សកម្មភាព​ពាណិជ្ជកម្ម​នៅ​ក្រុង​បាវិត​។​
 
​ហេតុ​ដូចនេះហើយ ក្រោម​ការសហការ​ជាមួយ JICA រាជរដ្ឋាភិបាល​កម្ពុជា​បានប្រកាស​សិក្សា​គម្រោង​សាងសង់​ស្ពាន ដែល​ត​ភ្ជាប់​ទីក្រុង​ភ្នំពេញ ទៅ​ក្រុង​បាវិត​។ ការសិក្សា​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​នេះ ត្រូវបាន​ប៉ាន់​ស្មានថា ចំណាយ​អស់​ទឹកប្រាក់​ចំនួន ៣,៨០០ លាន​ដុល្លារ​អាមេរិក ដែល​ត្រូវ​សង់ស្ពាន​ដែលមាន​ចម្ងាយ ១០​គីឡូម៉ែត្រ នៅ​តំបន់​ល្វាឯម ដើម្បី​សម្រួល​ដល់​ការដឹកជញ្ជូន​ទំនិញ​ផ្សេងៗ​។​
 
​ដោយ​មើលឃើញ​អំពី​ទីតាំង​ភូមិសាស្ត្រ​ល្អ និង​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មីៗ  បច្ចុប្បន្ន​អ្នកវិនិយោគទុន ចាប់ផ្តើម​ក្រឡេកមើល​ស​ក្តា​នុព​ល​នៃ​ក្រុង​មួយ​នេះ​។​
 
​គម្រោង​សាងសង់​ទីក្រុង​រណប​ក្រុង​បាវិត​
 
​ក្រៅពី​ការវិនិយោគ​លើ​កាស៊ីណូ រោងចក្រ និង​សណ្ឋាគារ ក្រុមហ៊ុន​យក្ស Empire World បានប្រកាស​ចាប់ផ្តើម​គ​ម្រោ​ង​ទីក្រុង​រណប កាលពីដើមឆ្នាំ​២០១៩​នេះ​។ ទីក្រុង​រណប​នេះ​ត្រូវ​ប្រើប្រាស់​ដី​ចំនួន ១,០០០ ហិកតា ជា​ទំហំ​មួយ​ធំ​លើសពី​គម្រោង​ផ្សេងទៀត​។​
 
​គម្រោង​ទីក្រុង​រណប​នេះ គឺជា​គម្រោង​ប្រមូលផ្តុំ​តំបន់​កម្សាន្ត​ផ្សេងៗ​ដូចជា​៖ កាស៊ីណូ សណ្ឋាគារ​កម្រិត​ផ្កាយ​ប្រាំ អា​ផាត​មិន មណ្ឌល​បច្ចេកវិទ្យា និង​តំបន់​ផ្សេងៗ​ជាច្រើន​ទៀត ហើយ​គេ​រំពឹងថា គម្រោង​នេះ​នឹង​ប្រមូលផ្តុំ​មនុស្ស មកពី​គ្រប់ទិសទី​ផងដែរ​។​
 
​ក្រៅពី​គម្រោង​នេះ គេ​នៅ​ឃើញ​មាន​គម្រោង​ទីក្រុង​រណប​ហេង ហេង ដែល​ធ្វើ​នៅលើ​ដី ៧ ហិកតា​ផ្សេងទៀត​។ ជាមួយនឹង​គម្រោង​អភិវឌ្ឍន៍​ទាំងពីរ​នេះ ស្ថានភាព​អចលនទ្រព្យ​នៅ​ក្រុង​បាវិត​បានការ​ប្រែប្រួល បើទោះបីជា​ក្នុងពេល​បច្ចុប្បន្ន ការប្រែប្រួល​មិនសូវ​មានការ​ល្បី​សុះសាយ​យ៉ាងណាក្តី​។​
 
​យើង​សង្កេតឃើញថា តម្លៃ​ដីកា​លពី​ឆ្នាំ​២០១៤ មាន​ទំហំ​ប្រមាណ ១០០​ដុល្លារ ទៅ ៤០០ ដុល្លា ក្នុង​មួយ​ម៉ែត្រការ៉េ អាស្រ័យ​ទៅតាម​ស្ថានភាព​ដែល​នៅ​ជុំវិញ​តំបន់​នោះ​។ លោក សោម កែវ​ម៉ា​លីដា បាន​លើកឡើងថា ដី​ដែល​ចេញពី​ផ្លូវជាតិ​ទៅ​កាលពី​ឆ្នាំ​២០១៨ មានតម្លៃ​ចន្លោះ ៤ ទៅ​៧​ដុល្លារ ក្នុង​មួយ​ម៉ែត្រការ៉េ ប៉ុន្តែ​បច្ចុប្បន្ន​តម្លៃ​នេះ បាន​កើន​ដល់ ២៥ ទៅ ៤០ ដុល្លារ ក្នុង​មួយ​ម៉ែត្រការ៉េ​។​
 
​ការលើកឡើង​នេះ ស្របទៅនឹង​គម្រោង​ទីក្រុង​រណប​ពីរ​ដែល​កំពុងដំណើរកា​រ​សាងសង់ ក្នុង​ឆ្នាំ​២០១៩​នេះ​។ គេ​នៅតែមាន​សុទិដ្ឋិនិយម​ចំពោះ​ក្រុង​បាវិត ក្នុងការ​ទាក់ទាញ​ការចាប់អារម្មណ៍ របស់​អ្នកវិនិយោគទុន ដើម្បី​បន្ត​ការអភិវឌ្ឍ​តំបន់​នោះ​៕
 
​(អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com