ជាតិ
​​​ន​យោ​បាយ​ជាតិ​
រដ្ឋាភិបាល​៖ ប្លុក​មួយ​ក្នុង​សមុទ្រ កំពុង​ឈានទៅ​ផលិត​ប្រេងកាត
17, Jun 2019 , 10:59 pm        
រូបភាព
ដោយ: ថ្មីៗ
​រដ្ឋាភិបាល បានបង្ហាញ​សញ្ញា​ថា កម្ពុជា ជិត​មាន​ប្រេង​ប្រើ​ខ្លួនឯង​ហើយ​។ ការ​បង្ហើប​របស់​រដ្ឋា​ភិ​បាល គឺ​នៅក្នុង​សេចក្តីថ្លែងហេតុ អំពី​សេចក្តីព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​ប្រេងកាត និង ផលិតផល​ប្រេងកាត​។


 
​សេចក្តីថ្លែងហេតុ ដែល​ចុះហត្ថលេខា​ដោយ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ត្រូវបាន​ផ្សព្វផ្សាយ​ក្នុង​កិច្ចប្រជុំពេញអង្គ​របស់​រដ្ឋសភា នា​ព្រឹក​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៩ បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា «....​ការរុករក​និង​ការអភិវឌ្ឍ​ធនធាន​ប្រេងកាត ទាំង​ដែន​គោក​និង​ដែនសមុទ្រ កំពុងដំណើរការ​ទៅមុខ ដែល​ក្នុងនោះ ប្លុក​ប្រេងកាត​មួយ​នៅ​ដែនសមុទ្រ កំពុង​ឈានទៅរក​ការផលិត​ធនធាន​ប្រេងកាត​លើកទីមួយ​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា​នាពេល​ខាងមុខនេះ​»​។​
 
​ក្នុង​កិច្ចប្រជុំពេញអង្គ សមាជិក​រដ្ឋសភា បានអនុម័ត​សេចក្តីព្រាងច្បាប់​នេះហើយ ដែលមាន មាន​៩​ជំ​ពួក និង ៧២​មាត្រា​។ រដ្ឋាភិបាល បញ្ជាក់​ក្នុង​សេចក្តីថ្លែងហេតុ​ថា ការតាក់តែង​សេចក្តីព្រាង​ច្បាប់​នេះ គឺ​ដើម្បី​គ្រប់គ្រង​និង​អភិវឌ្ឍ​ប្រេងកាត​ឲ្យ​មាន​ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព ទាក់ទាញ និង​ផ្តល់​ទំនុកចិត្ត​ដល់​អ្នកវិនិយោគ និង​ដើម្បី​ជំរុញ​ការអភិវឌ្ឍ​វិស័យ​ប្រេងកាត​ប្រកបដោយ​និរន្តរភាព ក្នុងការ​រួមចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម និង​ផលប្រយោជន៍​យូរអង្វែង​របស់​ប្រទេសជាតិ​។ 
 
​សេចក្តីថ្លែងហេតុ បាន​ឲ្យ​ដឹងថា សេចក្តីព្រាងច្បាប់​ច្បាប់​នេះ ត្រូវបាន​តាក់តែង​លើកដំបូង ដោយ​ក្រសួង​រ៉ែ​និង​ថាមពល តាំងពី​ក្នុង​ឆ្នាំ​១៩៩៦​មក​។ នៅ​ឆ្នាំ​២០០៦ អតីត​អាជ្ញាធរ​ប្រេងកាត​ជាតិ​កម្ពុជា បាន​យក​សេចក្តីព្រាងច្បាប់​នេះ ទៅ​កែសម្រួល​ឡើងវិញ ដោយមាន​ការពិគ្រោះ​យោបល់​ជាមួយ​អ្នកបច្ចេកទេស និង​អ្នកជំនាញ​ផ្នែក​ច្បាប់​ជាតិ​-​អន្តរជាតិ​។ 
 
​សេចក្តីថ្លែងហេតុ បន្តថា ក្នុង​ឆ្នាំ​២០១៣ សេចក្តីព្រាងច្បាប់​នេះ ត្រូវបាន​កែសម្រួល​បន្ថែម ដោយ​បញ្ចូល​បរិបទ​ថ្មីៗ​មួយចំនួន​ផ្អែកលើ​បទពិសោធ​ពី​បណ្តា​ប្រទេស​ផ្សេងៗ ដូចជា ន័​រវេ​ស អូស្ត្រាលី ជប៉ុន ឥណ្ឌូនេស៊ី ថៃ វៀតណាម ទី​ម័​រ​ខាងកើត ម៉ាឡេស៊ី និង ព្រុយ​ណេ ជាដើម​។ រហូតដល់​ខែមេសា ឆ្នាំ​២០១៩ គណៈរដ្ឋមន្ត្រី ក៏​សម្រេច​បញ្ជូន​សេចក្តីព្រាងច្បាប់​នេះ ទៅ​រដ្ឋសភា​។ 
 
​ក្រោយ​អនុម័ត រដ្ឋសភា ក៏​បញ្ជូន​សេចក្តីព្រាងច្បាប់ ទៅ​ព្រឹទ្ធសភា ដើម្បី​ពិនិត្យ​បន្ត​។ ក្រោយ​ចេញពី​ព្រឹទ្ធសភា សេចក្តីព្រាងច្បាប់ នឹងត្រូវ​ថ្វាយទៅ​ព្រះមហាក្សត្រ ដើម្បី​ព្រះអង្គ​ចេញ​ព្រះរាជក្រម​ប្រកាស​ឲ្យ​ប្រើប្រាស់​៕ 

Tag:
 ច្បាប់​ប្រេងកាត​
  រដ្ឋសភា
© រក្សាសិទ្ធិដោយ thmeythmey.com