ជាតិ
សេដ្ឋកិច្ច
ពលរដ្ឋខ្មែរ អាចទូទាត់ប្រាក់រៀលនៅថៃ តាម QR Code នៅចុងឆ្នាំ២០១៩
18, Jun 2019 , 9:57 am        
រូបភាព
អ្នកស្រីជា សិរី អគ្គនាយិកាបច្ចេកទេសនៃធនាគារជាតិ ផ្តល់បទសម្ភាសដល់អ្នកកាសែត
អ្នកស្រីជា សិរី អគ្គនាយិកាបច្ចេកទេសនៃធនាគារជាតិ ផ្តល់បទសម្ភាសដល់អ្នកកាសែត
គម្រោងដាក់ឲ្យចរាចរប្រាក់រៀល និង ប្រាក់បាត តាមរយៈប្រព័ន្ធ QR Code លើការទូទាត់ប្រាក់រវាង កម្ពុជា និង ថៃ អាចនឹងចាប់ផ្តើមដំណើរការ នៅចុងឆ្នាំ២០១៩នេះ។ នេះបើតាមការអះអាងរបស់អ្នកស្រីជា សិរី អគ្គនាយិកាបច្ចេកទេសនៃធនាគារជាតិ។



អ្នកស្រីជា សិរី បានលើកឡើងក្នុងកម្មវិធីផ្សព្វផ្សាយគម្រោងស្តីពី «ការទូទាត់តាមរយៈ QR Code ឆ្លងដែនរវាងកម្ពុជា និងថៃ» នារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ ថា ការប្រតិបត្តិការទូទាត់ប្រាក់រវាងប្រទេសទាំងពីរអាចនឹងចាប់ផ្ដើមនៅចុងឆ្នាំ២០១៩ ខណៈ បច្ចុប្បន្ន ក្រុមការងាររវាងប្រទេសទាំងពីរបានសម្រេចការងារសំខាន់ៗរួចរាល់អស់ហើយ។

អ្នកស្រី បន្តថា ធនាគារជាតិបានជ្រើសធនាគារឯកជនរបស់កម្ពុជា៣ គឺ ធនាគារអេស៊ីលីដា ធនាគារពាណិជ្ជកម្មក្រៅប្រទេស និងធានាគារកម្ពុជាពាណិជ្ជ ដើម្បីជួយសម្រួលដល់ការងារនៃគម្រោងនេះ ក៏ដូចជាចរចាជាមួយភាគីថៃ។ ដូច្នេះ ប្រសិនបើធនាគារ ឬអ្នកផ្តល់សេវាកម្មផ្នែកហិរញ្ញវត្តុ ក្នុងប្រទេសកម្ពុជាផ្សេងទៀត ដែលមានបំណងប្រើប្រាស់ប្រព័ន្ធ QR Code ត្រូវ សហការណ៍ជាមួយធនាគារណាមួយក្នុងចំណោម៣ខាងលើ ដើម្បីអាចទូទាត់ប្រាក់រៀលនៅលើទឹកដីថៃបាន។

អ្នកស្រី បាននិយាយថា៖«ឥឡូវនេះយើងសង្ឃឹមថាអាចនឹងចាប់ផ្ដើមនៅចុងឆ្នាំហ្នឹង នឹងអាចទៅបាន ព្រោះការងារសំខាន់ៗ យើងបានសម្រេចអស់ហើយ អ្វីដែលនៅបន្ទាប់នឹងគឺរឿង ដែលគេហៅថា system integrations ប៉ុន្តែខ្ញុំគិតថាអាចនឹងទៅលឿន»។

អគ្គនាយិកាបច្ចេកទេសនៃធនាគារជាតិរូបនេះ បានបន្តទៀតថា ពលរដ្ឋកម្ពុជានឹងទទួលបានអត្ថប្រយោជន៍ជាច្រើនពីគម្រោងមូយនេះ គឺ ទី១ ការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ពីព្រោះការប្រើប្រាស់ QR Code នេះទាមទារឲ្យមានគណនីជាប្រាក់រៀល ទី២ ការការពារពលរដ្ឋពីហានិភ័យផ្សេងៗ ដូចជាការបាត់បង់ ឬចោរកម្ម ដែលអាចកើតមានឡើងតាមរយៈការប្រើប្រាស់សាច់ប្រាក់ដោយផ្ទាល់ និងទី៣ ការពារហានិភ័យពីអត្រាប្ដូរប្រាក់ (ខាតទឹកប្រាក់តាមរយៈការប្តូរប្រាក់)។ លើសពីនេះទៅទៀតការប្រតិបត្តិការតាម QR Codeនេះ នឹងជួយឲ្យធនាគារកណ្ដាលដឹងពីទំហំនៃការចាយវាយរវាងប្រជាជននៃប្រទេសទាំងពីរផងដែរ៕

Tag:
 កម្ពុជា
  ថៃ
  QR Code
  ប្រាក់រៀល
© រក្សាសិទ្ធិដោយ thmeythmey.com