ការដែលអ្នកមិនមែនគេងលើគ្រែជាប់រហូតមិនមែនមានន័យថា អ្នកមិនស្ថិតក្នុងរបៀបរស់នៅបែបស៊ីដេកៗនោះទេ។ បើសិនជាអ្នកចំណាយពេលវេលាដឹងខ្លួនធម្មតាអង្គុយច្រើនម៉ោង នោះអ្នកក៏ប្រឈមនឹងបញ្ហាសុខភាពនៅថ្ងៃមុខច្រើនដែរ ហើយភាគច្រើននឹងធ្វើឲ្យជីវិតស្ថិតក្នុងភាពគ្រោះថ្នាក់បាន។
យ៉ាងណាមិញ ខាងក្រោមនេះ ខ្ញុំនឹងបង្ហាញអំពីបញ្ហាសុខភាពមួយចំនួន ដែលអាចកើតឡើងបើសិនអ្នកចេះតែចំណាយពេលវេលាយូរៗក្នុងការអង្គុយជាប់៖
ធាត់ជ្រុល
ពិតណាស់ ការអង្គុយច្រើនពេកអាចធ្វើឲ្យឡើងទម្ងន់បាន ដោយសារតែវាមិនអាចជួយរំលាយជាតិខ្លាញ់ដែលលើសក្នុងខ្លួនចោលបានទេ។ ការធាត់ជ្រុលមិនត្រឹមតែប៉ះពាល់ដល់រូបសម្រស់ទេ តែវាក៏ជាជំងឺដែលមានផលវិបាកធ្ងន់ធ្ងរផងដែរ។
ឈឺសន្លាក់
បើសិនជាអ្នកគិតថា ការមិនបានប្រើប្រាស់សន្លាក់ អាចធ្វើឲ្យវាមានសុខភាពល្អ និងមិនឈឺ ឬហើមនោះ ចូរគិតឡើងវិញ ព្រោះអ្នកជំនាញនិយាយថា ការអង្គុយជាប់ច្រើនម៉ោងអាចធ្វើឲ្យសន្លាក់ឈឺខ្លាំង រលាក និងគាំងបាន។ រឿងនេះកើតឡើងជាពិសេសចំពោះអ្នកជំងឺរលាកឆ្អឹងខ្ចីក្នុងសន្លាក់តែម្តង។
ជំងឺពុកឆ្អឹង
គ្រប់គ្នាដឹងហើយថា របបអាហារមានជាតិកាលស្យូមខ្ពស់សំខាន់ណាស់ក្នុងការថែរក្សាឆ្អឹងឲ្យរឹងមាំ។ ប៉ុន្តែបើសិនជាអ្នកកំពុងតែរស់នៅបែបស៊ីដេកៗច្រើន ការញ៉ាំអាហារសម្បូរជាតិកាលស្យូមច្រើនអាចធ្វើឲ្យអ្នកប្រឈមខ្ពស់នឹងការពុកឆ្អឹងទៅវិញទេ។ ដើម្បីឆ្អឹងមានភាពរឹងមាំ ចូរព្យាយាមដើរឲ្យបាន ១០០០០ជំហានក្នុងមួយថ្ងៃ។
បាក់ទឹកចិត្ត
ការរស់នៅបែបសកម្មដូចជា ការហាត់ប្រាណទៀងទាត់ គឺជារឿងល្អសម្រាប់ជួយឲ្យអារម្មណ៍ល្អ ហើយវាក៏ជួយបង្កើនអ័រម៉ូនសប្បាយចិត្តក្នុងខួរក្បាលដែរ។ យ៉ាងណាមិញ ការចំណាយពេលពេញមួយថ្ងៃអង្គុយ អាចធ្វើឲ្យប្រឈមនឹងការបាក់ទឹកចិត្តបាន។
លើសសម្ពាធឈាម
សម្ពាធឈាមមនុស្សយើង កាលណាលើសពី ១២០/៨០ mmHg ហើយ មានន័យថាវាអាចប៉ះពាល់ដល់ជីវិតអ្នកគ្រប់ពេលហើយ។ បើសិនជាអ្នកមិនអាចរក្សាសម្ពាធឈាមឲ្យនៅធម្មតាបានទេ វានឹងបង្កជាជំងឺបន្ថែមដល់បេះដូង និងប្រព័ន្ធសរសៃឈាមកាន់តែខ្លាំងថែមទៀត។
ជំងឺបេះដូង
ជំងឺបេះដូងត្រូវបានគេរកឃើញថា ជាដើមហេតុនាំឲ្យមនុស្សស្លាប់ច្រើនណាស់។ តើអ្វីទៅជាកត្តាប្រឈមនឹងជំងឺបេះដូងនេះទៅ? នោះគឺជាការរស់នៅបែបស៊ីដេកៗ។ វាមិនខុសគ្នានឹងអ្វីដែលបានរៀបរាប់ខាងលើនោះទេ ការដែលលើសសម្ពាធឈាម គឺងាយនឹងនាំឲ្យមានជំងឺបេះដូងខ្លាំងណាស់៕
ត្រួតពិនិត្យដោយ www.health.com.kh