កីឡាអន្តរជាតិ
អន្តរជាតិ
Pogba ចង់​ចេញពី Man Utd មែនទែន​ហើយ​
18, Jun 2019 , 10:24 am        
រូបភាព
Paul Pogba ខ្សែបម្រើ​ឆ្មើ​ម Manchester United បាន​និយាយ​យ៉ាងច្បាស់​ថា​នេះ​ជា​ពេលវេលា​ដ៏​ល្អ​ដើម្បី​រូបគេ​ផ្លាស់​ទៅ​កន្លែង​ថ្មី សម្រាប់​ការប្រកួតប្រជែង​ថ្មី​។ ការលើកឡើង​បែបនេះ ត្រូវបាន​គេ​ជឿជាក់ថា Pogba ពិតជា​ចង់​ចាក​ចេញពី Old Trafford នៅ​រដូវ​កាល​ថ្មី​នេះហើយ​។


 
​ខ្សែបម្រើ​វ័យ​២៦​ឆ្នាំ ដែល​ជួយ​បារាំង​ឈ្នះ​ពាន World Cup ឆ្នាំ​២០១៨ នៅ​រុស្ស៊ី កំពុងមាន​ទំនាក់ទំនង​ទៅនឹង​ការផ្លាស់ប្តូរ​ទៅកាន់​ក្លិប​យក្ស​អេ​ស្ប៉ា​ញ Real Madrid ឬ Juventus ក្នុងតម្លៃ​ខ្លួន​ដ៏​ខ្ពស់​មួយ​។​
 
​ទោះយ៉ាងណា​ក៏ដោយ Pogba ដែល​ជាប់​ឈ្មោះ​ក្នុងចំណោម​កីឡាករ​ល្អ​ផុត​ទាំង​១១​នាក់ PFA team of the Year ប្រចាំ​រដូវ​កាល ២០១៨-១៩ នោះ​នៅសល់​កិច្ចសន្យា​ជាមួយ Man Utd រហូតដល់​ខែកក្កដា ឆ្នាំ ២០២១ ឯណោះ​។​
 
«​ខ្ញុំ​កំពុង​គិតថា ខ្ញុំ​ចង់​មានការ​ប្រកួតប្រជែង​ថ្មី​នៅ​កន្លែង​ផ្សេង​។ សម្រាប់​ខ្ញុំ ខ្ញុំ​បាន​ស្នាក់នៅ​រយៈ ៣​ឆ្នាំ​នៅ​ទីក្រុង Manchester ហើយ​បានធ្វើ​រឿង​ដ៏​អស្ចារ្យ​មួយចំនួន ក៏ដូចជា​រឿង​មិនល្អ​ផងដែរ​ជាមួយ​អ្នក​គ្រប់គ្នា ក៏ដូចជា​នទី​កន្លែង​នេះ​។ បន្ទាប់ពី​រដូវ​កាល​នេះ និង​អ្វី​គ្រប់យ៉ាង​ដែល​បានកើត​ឡើង​នៅ​រដូវ​កាល​នេះ គឺជា​រដូវ​កាល​ដ៏​ល្អ​សម្រាប់​ខ្ញុំ​... ខ្ញុំ​គិតថា​នេះ​ជា​ពេលវេលា​ដ៏​ល្អ​ដើម្បី​ឲ្យ​មានការ​ប្រកួតប្រជែង​ថ្មី​ទៀត​»​។ Pogba និយាយ​បែបនេះ នៅពេល​រូបគេធ្វើដំណើរ​មក​តំបន់​អាស៊ី​ដើម្បី​ចូលរួម​ផ្សព្វផ្សាយ​កម្មវិធី​ទេសចរណ៍​នៅ​ចិន និង​ជប៉ុន​។​
 
​បើទោះជា Pogba លើកឡើង​យ៉ាងនេះ​ក្តី ម្ចាស់​ជើងឯក​លី​គ​កំពូល​អង់គ្លេស​២០​សម័យ​នៅតែ​ជឿជាក់​លើ​ខ្សែបម្រើ​ឆ្នើម​សញ្ជាតិ​បារាំង​រូបនេះ​នៅ​បន្ត​ស្នាក់នៅ Old Trafford នា​រដូវ​កាល​ក្រោយ​ដដែល​។​
 
Pogba បាន​ផ្ទេរ​ត្រឡប់មក​ក្រុម​បិសាច​ក្រហម​វិញ​កាល​នៅក្រោម​ការដឹកនាំ​របស់​លោក Jose Mourinho ពី​ក្លិប​រហស្សនាម​សេះបង្កង់​ក្នុងតម្លៃ​៨៩,៣​លាន​ផោន (១១២​លាន​ដុល្លារ​អាមេរិក​) កាលពី​ខែសីហា ឆ្នាំ​២០១៦​។ Pogba ជា​យុវជន​របស់ Man Utd មុន​ទៅលេង​នៅ Juventus ក្នុង​ឆ្នាំ​២០១២៕

Tag:
 បាល់ទាត់​
  Paul Pogba
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com