លោក ស៊ី នឹង​ទៅ​ជួប​លោក គីម ដើម្បី​រក​ច្រកចេញ​បញ្ហា​នៅ​ឧបទ្វីប​កូរ៉េ​
អន្តរជាតិ
លោក ស៊ី នឹង​ទៅ​ជួប​លោក គីម ដើម្បី​រក​ច្រកចេញ​បញ្ហា​នៅ​ឧបទ្វីប​កូរ៉េ​
18, Jun 2019 , 11:11 am        
រូបភាព
រូបភាព Xinhua
រូបភាព Xinhua
​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង នឹងធ្វើ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​កូរ៉េខាងជើង​នៅ​សប្ដាហ៍​នេះ​។ នេះ​បើតាម​ការផ្សាយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន​នៅ​ល្ងាច​ថ្ងៃទី​១៧ ខែមិថុនា​។ ទំនាក់ទំនង​ទ្វេភាគី និង​ស្ថានការណ៍​នៅ​ឧបទ្វីប​កូរ៉េ ជា​របៀបវារៈ​សំខាន់​នៃ​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​ចិន ដែល​ធ្វើឡើង​ស្រប​ពេលដែល​ការចរចា​ដើម្បី​រំសាយ​នុយក្លេអ៊ែរ​រវាង​វ៉ាស៊ីនតោន និង​ព្យុងយ៉ាង​ជាប់គាំង​។ សំណុំរឿង​នុយក្លេអ៊ែរ ក៏​ទំនងជា​ស្ថិតក្នុង​របៀបវារៈ​ផងដែរ​។​

 
​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង នឹងធ្វើ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​កូរ៉េខាងជើង​ចាប់ពី​ថ្ងៃទី​២០ ដល់ទី​២១ ខែមិថុនា តាម​ការអញ្ជើញ​របស់​ប្រមុខ​ដឹកនាំ​កំពូល​កូរ៉េខាងជើង គីម ជុង​អ៊ុន ។ នេះ​ជា​ដំណើរ​ទស្សនកិច្ច​លើកដំបូង​បំផុត​របស់​ប្រធានាធិបតី​ចិន​ទៅកាន់​កូរ៉េខាងជើង​ក្នុង​រយៈពេល​១៤​ឆ្នាំ​មកនេះ​។ ទស្សនកិច្ច​ចុងក្រោយ​បំផុត​របស់​ប្រមុខ​ដឹកនាំ​កំពូល​ចិន​ទៅកាន់​ព្យុងយ៉ាង មាន​តាំងពី​ឆ្នាំ​២០០៥ ដោយ​ប្រធានាធិបតី ហ៊ូ ជីន​ថាវ ។​
 
​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់លោក ស៊ី ធ្វើឡើង​ចំ​ខួប​៧០​ឆ្នាំ នៃ​ការបង្កើត​ចំណង​ការទូត​ចិន និង​កូរ៉េខាងជើង ដែល​ត្រូវបាន​គេ​មើលឃើញថា ជា​សម្ព័ន្ធមិត្ត​ចាក់ទឹក​មិនលិច​។ ទស្សនកិច្ច​នេះ ក៏​ជាការ​ឆ្លើយតប​នឹង​ដំណើរ​ទស្សនកិច្ច​បួន​ដង​របស់លោក គីម នៅ​ទឹកដី​ចិន​ផងដែរ​។ ទូរទស្សន៍​រដ្ឋ​ចិន CCTV ផ្សាយ​នៅ​ថ្ងៃទី​១៧ ខែមិថុនា ថា ភាគី​ទាំងពីរ នឹង​ផ្លាស់ប្ដូរ​ទស្សនៈ​គ្នា​ជុំវិញ​សភាពការណ៍​នៅ​ឧបទ្វីប​កូរ៉េ និង​ជំរុញ​ដំណើរការ​ឈានទៅរក​ដំណោះស្រាយ​សម្រាប់​វិបត្តិ​នៅ​ឧបទ្វីប​មួយ​នេះ​។​
 
​វិបត្តិ​នៅ​ឧបទ្វីប​នេះ គ្មានអ្វី​ក្រៅពី​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​ឡើយ​។ បច្ចុប្បន្ន ការចរចារ​រវាង​អាមេរិក និង​កូរ៉េខាងជើង មិនមាន​ដំណើរការ​អ្វី​ឡើយ​ចាប់តាំងពី​ជំនួប​បរាជ័យ​នៅ​វៀតណាម​ក្នុង​ខែកុម្ភៈ​មក​។ ទីក្រុង​ព្យុងយ៉ាង បាន​រិះគន់​វ៉ាស៊ីនតោន​យ៉ាង​ចាស់ដៃ​ចំពោះ​បរាជ័យ​នេះ ហើយ​ប្រាប​ឲ្យ​វ៉ា​ស៊ីន​តោ​ផ្លាស់ប្ដូរ​ឥរិយាបថ​ដូច​បច្ចុប្បន្ន បើ​ចង់​ឲ្យ​ការចរចា​មាន​ដង្ហើម​ទៀត​នោះ​។ នៅ​អាមេរិក​វិញ រដ្ឋការ​លោក ដូ​ណា​ល់ ត្រាំ នៅតែមាន​ជំហរ​វិជ្ជមាន​ក្នុងការ​ចរចា​ដ​ដេ​ល​។​
 
​ជំនួប​រវាង​លោក ស៊ី និង​លោក គីម នៅ​ព្យុងយ៉ាង​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ ធ្វើឡើង​មុន​ជំនួប​ប្រទេស​មាន​សេដ្ឋកិច្ច​រីកចម្រើន​ទាំង​ម្ភៃ (G20) ។ គេ​រំពឹងថា លោក ស៊ី នឹង​ជួប​លោក ត្រាំ នៅក្រៅ​កិច្ចប្រជុំ​នេះ​ផងដែរ​។ បើ​ពិតមែន ប្រធានាធិបតី​ចិន​ទំនង​មាន​ពាក្យ​ផ្ដាំផ្ញើ​ពី​សំណាក់​ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង​សម្រាប់​លោក ត្រាំ ជុំវិញ​បញ្ហា​នុយក្លេអ៊ែរ ដ្បិត​ទាំង​លោក គីម និង​លោក ត្រាំ ក៏​មិនទាន់​បោះបង់​ផ្លូវ​ចរចា​នៅឡើយ​ដែរ​។​
 
​តួនាទី និង​ឥទ្ធិពល​របស់​ចិន​លើ​កូរ៉េខាងជើង ជា​កត្តា​មិនអាច​មើលស្រាល​បានឡើយ​។ ចិន​ជា​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​បំផុត​របស់​កូរ៉េខាងជើង និង​ជា​ខ្នងបង្អែក​រឹងមាំ​របស់​របប​ដឹកនាំ​ក្រុង​ព្យុងយ៉ាង​ផងដែរ​។ ការ​លូកដៃ​របស់​ប៉េកាំង អាច​ជះ​ផល​វិជ្ជមាន ឬ​អវិជ្ជមាន​លើ​ដំណើរការ​ដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​របស់​ព្យុងយ៉ាង​។ ដោយសារ​រឿងនេះ ប៉េកាំង​អាច​យក​សំណុំ​រឿងនេះ ដើម្បី​តថ្លៃ​ជាមួយ​អាមេរិក​ក្នុងការ​បញ្ចប់​ជម្លោះ​ពាណិជ្ជកម្ម​ផង​៕  

Tag:
 ចិន​
  កូរ៉េខាងជើង​
  អាមេរិក​
  ស៊ី ជិន​ភីង​
  គីម ជុង​អ៊ុន
© រក្សាសិទ្ធិដោយ thmeythmey.com