FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
World Cup នារី៖ ន័រវែស អេស្ប៉ាញ និងចិនរួមដំណើរជាមួយក្រុម៨ទៀតទៅវគ្គ១៦ក្រុម
× ក្រុមកីឡាបាល់ទាត់ជម្រើសជាតិនារី ន័រវែស អេស្ប៉ាញ និងចិនបានសិទ្ធិឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយនៃការប្រកួតពានរង្វាន់ FIFA Women's World Cup ឆ្នាំ២០១៩ រួមជាមួយក្រុមចំនួន៨ផ្សេងទៀតដែលបានកៅអីទៅចាំមុនរួចទៅហើយនោះ។
នាការប្រកួតចុងក្រោយពូល A នៅថ្ងៃទី១៧ ខែមិថុនា ន័រវែសបានយកឈ្នះក្រុមលេងបង្គ្រប់កិច្ចកូរ៉េខាងត្បូង ២-១ ដែលលទ្ធផលនេះបាននាំក្រុមពីតំបន់អឺរ៉ុបទទួលបាន៦ពិន្ទុឈរនៅចំណាត់ថ្នាក់ទី២ ដោយនាំមុខនីហ្សេរីយ៉ាដែលមាន៣ពិន្ទុក្រោយប្រកួតចាញ់ម្ចាស់ផ្ទះបារាំង ១-០។ ដូច្នេះ ន័រវែសឡើងទៅវគ្គបន្តជាមួយបារាំង ខណៈនីហ្សេរីយ៉ានៅចាំអ៊ុតមើលលេខ៣ល្អបំផុត។
ដោយឡែក ចិននិងអេស្ប៉ាញបន្ទាប់ពីប្រកួតដោយគ្មានការស៊ុតបញ្ជូលទីគ្នាក្នុងជំនួបចុងក្រោយពូល B បានចាប់ដៃគ្នាឡើងទៅវគ្គ១៦ក្រុមទាំងពីរតែម្តងដ្បិតមាន៤ពិន្ទុដូចគ្នា។ ពូល B នេះមានក្រុមចំនួន៣ឈានវគ្គបន្តក្នុងនោះមានអាល្លឺម៉ង់លេខ១ក្នុងពូលដែលបានកៅអីតាំងពីប្រកួតលើកទី២ ហើយអេស្ប៉ាញលេខ២ និងចិនលេខ៣ល្អបំផុត ស្របពេលអាហ្វ្រិកខាងត្បូងហាលអាវ។ អាល្លឺម៉ង់បន្តជ័យជម្នះរបស់ខ្លួនដោយឈ្នះអាហ្វ្រិកខាងត្បូង ៤-០។
ដូច្នេះគិតត្រឹមពេលនេះគេរកឃើញក្រុមចំនួន១១ហើយដែលឈានទៅវគ្គ១/៨ផ្តាច់ព្រ័ត្រ ដែលរួមមាន ម្ចាស់ផ្ទះបារាំង អាល្លឺម៉ង់ អ៊ីតាលី អង់គ្លេស ហូឡង់ កាណាដា ស៊ុយអែត ម្ចាស់ជើងឯកចាស់អាមេរិក ន័រវែស អេស្ប៉ាញ និងចិន។ ៥ក្រុមទៀតត្រូវកាត់សេចក្តីបន្តបន្ទាប់ក្នុងជំនួបចុងក្រោយ៕
Tag:
បាល់ទាត់
World Cup Women
© រក្សាសិទ្ធិដោយ thmeythmey.com