អន្តរជាតិ
អាមេរិក បន្ថែម​ទ័ព​មួយ​ពាន់​នាក់​ទៅ​មជ្ឈិមបូព៌ា ក្រោយ​ភាព​តានតឹង​កើនឡើង​
18, Jun 2019 , 2:19 pm        
រូបភាព
ប្រមុខមន្ទីរបញ្ចកោណ ផាទ្រីកសាណាហាន់ (ឆ្វេង) អំឡុងជំនួបជាមួយប្រធានាធិបតី ដូណាល់ ត្រាំ (កណ្ដាល) និងនាយសេនាធិការចម្រុះកងទ័ពអាមេរិក ចូសេហ្វ ដាន់ហ្វត (ស្ដាំ)។ រូបភាព AFP
ប្រមុខមន្ទីរបញ្ចកោណ ផាទ្រីកសាណាហាន់ (ឆ្វេង) អំឡុងជំនួបជាមួយប្រធានាធិបតី ដូណាល់ ត្រាំ (កណ្ដាល) និងនាយសេនាធិការចម្រុះកងទ័ពអាមេរិក ចូសេហ្វ ដាន់ហ្វត (ស្ដាំ)។ រូបភាព AFP
​ក្រសួងការពារជាតិ​អាមេរិក នៅ​ថ្ងៃទី​១៧ ខែមិថុនា បាន​បើកភ្លើង​ខៀវ​ដល់​ការបញ្ជូន​កងទ័ព​ចំនួន​មួយ​ពាន់​នាក់​ទៅកាន់​មជ្ឈិមបូព៌ា ខណៈដែល​ភាព​តានតឹង​ជាមួយ​អ៊ីរ៉ង់​កើនឡើង​ខ្លាំង​។ យ៉ាងណាមិញ កងទ័ព​ដែល​ត្រូវ​ពង្រាយ​នេះ មិន​មែនមាន​គោលដៅ​ប្រយុទ្ធ​ឡើយ​។ នេះ​បើតាម​ការប្រកាស​របស់​មន្ទីរ​បញ្ច​កោណ​។ ប៉ុន្តែ​ការវាយប្រហារ​លើក​ប៉ាល់​ពីរ​គ្រឿង​នៅ​ឈូង​សមុទ្រ​អូ​ម៉​ង់​នាពេល​ថ្មីៗ​នេះ ធ្វើ​ឲ្យ​អាមេរិក​ប្រុង​ជើងការ​កាន់តែខ្លាំង​ថែមទៀត​។​

 
​ស្របពេល​ស្ថានការណ៍​នៅ​តំបន់​ឈូង​សមុទ្រ​ពែ​រ្ស និង​មជ្ឈិមបូព៌ា​ឡើង​កម្ដៅ​ខ្លាំង អាមេរិក​ក៏មាន​គម្រោង​បញ្ជូន​ទ័ព​ទៅ​បន្ថែមទៀត​ដើម្បី​ការពារ​ប្រយោជន៍​អាមេរិក​នៅ​ទីនោះ​។ នៅ​ថ្ងៃទី​១៧ ខែមិថុនា មន្ទីរ​បញ្ច​កោណ បាន​យល់ព្រម​ពង្រាយ​ទ័ព​ចំនួន​មួយ​ពាន់​នាក់​នៅ​មជ្ឈិមបូព៌ា​។ 
 
​រដ្ឋមន្ត្រី​ស្តីទី​ក្រសួង​កា​ពារ​ជាតិ​អាមេរិក ផា​ទ្រី​ក សា​ណា​ហាន់ និយាយ​ក្នុង​សេចក្ដីប្រកាស​របស់​មន្ទី​រប​ញ្ចិ​កោណ ថា កម្លាំង​ទ័ព​ថ្មី​នេះ​ដែល​ត្រូវ​ពង្រាយ​នៅ​មជ្ឈិមបូព៌ា មាន​គោលដៅ​ការពារ​ផលប្រយោជន៍​ពី​ការ​គំរាម​ទាំង​ផ្លូវគោក ផ្លូវទឹក និង​ផ្លូវអាកាស​។ ប៉ុន្តែ​លោក សា​ណា​ហាន់ មិន​និយាយថា ការគំរាមកំហែង​នោះ​បង្កដោយ​ប្រទេស​ណា ឬ​និយាយ​ចំឈ្មោះ​អ៊ីរ៉ង់​ឡើយ តែ​បាន​លើកយក​ការវាយប្រហារ​ចុងក្រោយ​នៅ​ឈូង​សមុទ្រ​អូ​ម៉​ង់​។​
 
​ទីក្រុង​វ៉ាស៊ីនតោន បាន​ទម្លាក់កំហុស​លើ​ទីក្រុង​តេ​ហេ​រ៉ង់​លើ​ការវាយប្រហារ​លើក​ប៉ាល់​ពីរ​គ្រឿង​ដែលជា​កម្មសិទ្ធិ​របស់​ជ​ប៉ុន និង​ន័​រ​វ៉េ​ស​។ កងទ័ពជើងទឹក​អាមេរិក បាន​បញ្ចេញ​វីដេអូ​ចំនួន​ពីរ​បន្តបន្ទាប់​ដែល​បង្ហាញ​ពី​សកម្មភាព​អ៊ីរ៉ង់ ហើយក៏​យក​ជា​ភស្តុតាង​ចង្អុលមុខ​អ៊ីរ៉ង់​តែម្ដង​។ ប៉ុន្តែ​អ៊ីរ៉ង់​បាន​បដិសេធ​ការចោទប្រកាន់​នេះ ហើយ​ចាត់ទុក​ជាការ​ចោទ​ដោយ​គ្មាន​មូលដ្ឋាន ខណៈ​ប្រទេស​ខ្លះទៀត អំពាវនាវ​ឲ្យ​មានការ​ស៊ើបអង្កេត​ឯករាជ្យ​។​
 
​វត្តមាន​ទ័ព​មួយ​ពាន់​នាក់​នេះ នឹងចូលរួម​ជាមួយ​ក​ង​ទ័ព​ចំនួន​១៥០០​នាក់​ដែល​ត្រូវបាន​ពង្រាយ​កាលពី​ខែឧសភា​កន្លងទៅ ក្រោយ​ការវាយប្រហារ​លើក​ប៉ាល់​ដឹក​ប្រេង​នៅ​តំបន់​ឈូង​សមុទ្រ​។ កាលនោះ អ៊ីរ៉ង់​ដដែល ជា​គោលដៅ​ទម្លាក់កំហុស​របស់​អាមេរិក និង​គូកន​របស់ខ្លួន​។ ដោយសារ​ស្ថានការណ៍​តានតឹង​នោះ អាមេរិក ក៏បាន​បង្កើន​វត្តមាន​យោធា និង​សព្វាវុធ​សំខាន់ៗ​ជាច្រើន​ទៅ​កៀក​អ៊ីរ៉ង់​ដូចជា​នាវា​ដឹក​យន្តហោះ និង​យន្តហោះ​ទម្លាក់​គ្រាប់បែក​ជាដើម​។​
 
​ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​ស្រង់​សម្ដី​មន្ត្រី​ការពារជាតិ​អាម​រិ​កថា កងទ័ព​ដែល​ត្រូវបញ្ជូន​ទៅកាន់​មជ្ឈិមបូព៌ា​នេះ មាន​ទាំង​អង្គភាព​ប្រមូល​ព័ត៌មាន តាមដាន និង​ឈ្លា​ប​ការណ៍​តាម​អាកាស​ដែលមាន​សមត្ថភាព​តាម​ចាប់​សកម្មភាព​គំរាមកំហែង និង​រូបភាព​គូសត្រូវ​ផងដែរ​។​
 
​ទោះជា​យ៉ាងណា អាមេរិក​ថា ខ្លួន​មិន​គ្មាន​បំណង​ធ្វើសង្គ្រាម​ឡើយ​។ ក្នុង​សេចក្ដី​ខាងលើ មន្ទីរ​បញ្ច​កោណ​លើកឡើងថា សហរដ្ឋអាមេរិក មិន​ចង់​មាន​ជម្លោះ​ជាមួយ​អ៊ីរ៉ង់​ឡើយ ឯ​ការពង្រាយ​ទ័ព​លើក​នេះ មាន​គោលដៅ​ធានា​សុវត្ថិភាព​យោធា​អាមេរិក​ដែល​ធ្វើការ​នៅ​ទូទាំង​តំបន់ និង​ដើម្បី​ការពារ​ផលប្រយោជន៍​អាមេរិក​ប៉ុណ្ណោះ​៕

Tag:
 អាមេរិក​
  អ៊ីរ៉ង់​
  មជ្ឈិមបូព៌ា​
  ផា​ទ្រី​ក សា​ណា​ហាន់​
© រក្សាសិទ្ធិដោយ thmeythmey.com