អន្តរជាតិ
លោក លី សៀនឡុង សាទរលោក ប្រាយុទ្ធ ដែលបន្តតំណែងនាយករដ្ឋមន្ត្រី លោកប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្ត្រីថៃ (ឆ្វេង) និងលោក លី សៀនឡុង នាយករដ្ឋមន្ត្រីសិង្ហបុរី ។ (ប្រភពរូប៖ AFP)
× នាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី សៀនឡុង បានចេញសារអបអរចំពោះអតីតមេដឹកនាំរបបសឹកថៃលោក ប្រាយុទ្ធ ចន្ទអូចា ក្រោយទទួលជោគជ័យក្នុងការបោះឆ្នោតក្លាយជានាយករដ្ឋមន្ត្រីថៃ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសសិង្ហបុរី នៅថ្ងៃចន្ទ ទី១៧ ខែមិថុនា។
តាមរយៈលិខិតដែលចុះតាំងពីថ្ងៃទី១៤ ខែមិថុនាមក លោក លី សៀនឡុង បញ្ជាក់បែបនេះថា៖«តំណាងឲ្យរដ្ឋាភិបាលសិង្ហបុរីទាំងមូល ខ្ញុំសូមសម្តែងការសាទរយ៉ាងកក់ក្តៅចំពោះការជាប់ឆ្នោតរបស់លោកជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ»។ លោក បន្ថែមទៀតថា៖«ខ្ញុំជូនពរលោក [ប្រាយុទ្ធ] ទទួលបានជោគជ័យខណៈលោកចាប់ផ្តើមអាណត្តិថ្មី ហើយខ្ញុំមានទំនុកចិត្តថា ថៃ នឹងបន្តអភិវឌ្ឍ និងរីកចម្រើនទៅមុខ ក្រោមការដឹកនាំរបស់លោក»។
តាមរយៈការចុះផ្សាយរបស់ទូរទស្សន៍សិង្ហបុរី CNA លោក លី សៀនឡុង គូសបញ្ជាក់ទៀតថា សិង្ហបុរី និងថៃ គឺជាមិត្តចាស់ ជាមួយកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធក្នុងវិស័យជាច្រើន។ លោក ពេញចិត្តចំពោះកិច្ចប្រឹងប្រែងផ្ទាល់របស់លោកប្រាយុទ្ធ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ដើម្បីពង្រឹងចំណងទាក់ទងរវាងប្រទេសទាំងពីរ។
«ទន្ទឹមនឹងគ្នានេះ ខ្ញុំ សង្ឃឹមនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយលោក ដើម្បីពង្រឹងទំនាក់ទំនងរបស់យើងឲ្យកាន់តែរឹងមាំបន្ថែមទៀត ព្រមទាំងរិះរកបង្កើតកិច្ចសហការក្នុងវិស័យថ្មីៗផ្សេងទៀត ដូចជា នវានុវត្តន៍ និងសេដ្ឋកិច្ច ឌីជីថល ជាដើម»។ នេះជាការបញ្ជាក់របស់លោក លី ។
សូមបញ្ជាក់ថា ៥ឆ្នាំក្រោយរដ្ឋប្រហារ ថៃ បានរៀបចំការបោះឆ្នោតថ្នាក់ជាតិដ៏ចម្រូងចម្រាស ក្នុងខែមីនាកន្លងទៅ ។ សភាថៃ កាលពីសប្តាហ៍មុន បានបោះឆ្នោតឲ្យលោក ប្រាយុទ្ធ ក្លាយជានាយករដ្ឋមន្ត្រី។ ប៉ុន្មានថ្ងៃក្រោយការបោះឆ្នោតនេះ មហាក្សត្រថៃ Maha Vajiralongkorn បានចេញព្រះរាជក្រឹត្យតែងតាំងនាយករដ្ឋមន្ត្រីទី ២៩ របស់ថៃ។ វា បានបញ្ចប់ការផ្លាស់ប្តូររបស់អតីតមេដឹកនាំរដ្ឋប្រហាររូបនេះ ទៅក្លាយជាមេដឹកនាំរដ្ឋាភិបាលស៊ីវិល៕
Tag:
សិង្ហបុរី
ថៃ
លីសៀនឡុង
ប្រាយុទ្ធចន្ទអូចា
© រក្សាសិទ្ធិដោយ thmeythmey.com