ចំណុច​សំខាន់ ៣ ដែល​គុន​ចម្រុះ​កម្ពុជា​កំពុង​កើន​ភាព​ល្បី​ល្បាញ និង​មាន​ទីផ្សារ​
ONE Championship
កីឡាជាតិ
ជាតិ
ចំណុច​សំខាន់ ៣ ដែល​គុន​ចម្រុះ​កម្ពុជា​កំពុង​កើន​ភាព​ល្បី​ល្បាញ និង​មាន​ទីផ្សារ​
18, Jun 2019 , 7:19 pm        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី​
 
​ក្បាច់គុន​ចម្រុះ ឬ MMA កំពុង​ចាក់ឫស​យ៉ាងជ្រៅ​ក្នុង​ស្រទាប់​ក្បាច់គុន​ជាច្រើន​ទៀត​នៅ​កម្ពុជា​។ កីឡាករ​-​កីឡាការិនី​កម្ពុជា​បាន​ដើរតួនាទី​យ៉ាងសំខាន់​ដើម្បី​លើកកម្ពស់​វិស័យ​ក្បាច់គុន​ដែល​គេ​ទទួលស្គាល់​ជា​អន្តរជាតិ​មួយ​នេះ​។


 
​សហព័ន្ធ​កីឡា​យុទ្ធ​គុន​ចម្រុះ​កម្ពុជា (CMMAF) ត្រូវបាន​បង្កើត​ឡើងជា​ផ្លូវការ​នា​ខែ តុលា ឆ្នាំ ២០១៨ ដែលមាន​ឯកឧត្ដម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​អូឡាំពិក​កម្ពុជា​ជា​ប្រធាន​។ ជាមួយគ្នានេះ មាន ៣​ចំណុច ដែល​គេ​មើលឃើញថា គុន​ចម្រុះ​កំពុងតែ​ដើរ​លើផ្លូវ​ត្រូវ និង មាន​ទីផ្សារ​ប្រកួតប្រជែង​ខ្ពស់​ដូចជា ទី​១ មាន រចនាសម្ព័ន្ធ​ថ្នាក់ដឹកនាំ​ត្រឹមត្រូវ និង ក្លិប​ចុះឈ្មោះ​ជា​ហូរហែ ទី​២ មាន​ទីផ្សារ​ប្រកួត​កម្រិត​អន្តរជាតិ​ញឹកញាប់  និង ទី​៣​ការផ្សព្វផ្សាយ​បាន​ទូលំទូលាយ​។ 


 
​ទី​១ រចនាសម្ព័ន្ធ​ថ្នាក់ដឹកនាំ ត្រឹមត្រូវ និង ក្លិប​ចុះឈ្មោះ​ជា​ហូរហែ​៖

​សហព័ន្ធ​មាន​ថ្នាក់ដឹកនាំ​ដែល​ស្រលាញ់​កីឡា​ពិតប្រាកដ​ជាពិសេស​ឯក​ឧត្ដម វ៉ា​ត់ ចំរើន អគ្គលេខាធិការ NOCC និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​យុទ្ធ​គុន​ចម្រុះ​កម្ពុជា​។ លោក​មាន​ផែនការ និង រចនាសម្ព័ន្ធ​ច្បាស់លាស់​ដើម្បី​អភិវឌ្ឍ​ក្បាច់គុន​នេះ ហើយ​បច្ចុប្បន្ននេះ​មាន ៥ ក្លិប​បាន​ចុះឈ្មោះ​ជា​សមាជិក​ផ្លូវការ​ដូចជា​ក្លិប សិល្បៈ Cambodian Top Team, Prodal , Monster Factory និង ក្លិប​តា​ដំបង​ដែក​។ ហើយ​សហព័ន្ធ​ទាក់ទង​ក្លិប​ជាច្រើន​ទៀត​។ នា​ដើមខែ មិថុនា​នេះ សហព័ន្ធ​បាន​បញ្ជូន​ទម្រង់​ចុះឈ្មោះ​ផ្លូវការ​ដើម្បី​ឲ្យ​ក្លិប​ក្រោម​ឱវាទ​ចុះឈ្មោះ​សម្រាប់​កីឡាករ និង គ្រូបង្វឹក​។ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​យុទ្ធ​គុន​ចម្រុះ​កម្ពុជា និង​ជា​ប្រធាន​ក្លិប Cambodian Top Team លោក ហ៊ុន ច័ន្ទ​រាជ្យ បាន​បញ្ជាក់ថា ៖« សហព័ន្ធ​តែងតែ​យកចិត្ត​ដាក់ និង ដុតដៃដុតជើង​ដើម្បី​ជួយ​ជ្រោមជ្រែង ក្លិប ដូចជា​កីឡាករ​នៅក្រោម​សហព័ន្ធ​ឲ្យ​មាន​ទីផ្សារ​ទៅ​ប្រកួត​នៅលើ​ឆាក​អន្តជាតិ និង ONE Championship ។ សហព័ន្ធ​នឹង​អភិវឌ្ឍ​ខ្លួន និង ពង្រីក​ទំនាក់ទំនង​ឲ្យ​បាន​កាន់តែច្រើន​ដើម្បី​ទីផ្សារ​កីឡាករ​កម្ពុជា​លើ​ឆាក​អន្តរជាតិ​»​។ នា​ខែ មិថុនា ឆ្នាំ ២០១៩ នេះ​លោក លោក កែ ប៊ិន​សូរ​ស្មី អនុប្រធាន​សហព័ន្ធ​កំពុង​បំពេញបេសកកម្ម​នៅ​ប្រទេស​បារាំង និង បង្កើត​ទំនាក់ទំនង​ល្អ​ជាមួយ​ក្លិប MMA នៅ​ប្រទេស​បារាំង​ក្នុងន័យ​ទាញ​កីឡាករ​កូនកាត់​ឲ្យ​មក​ចុះឈ្មោះ​ជាមួយ​សហព័ន្ធ​កីឡា​យុទ្ធ​គុន​ចម្រុះ​កម្ពុជា និង ប្រកួត​តំណាង​ឲ្យ​កម្ពុជា ជាដើម​។ មិន​ត្រឹមតែ​ក្រៅ​ស្រុក ប៉ុន្តែ សហព័ន្ធ​ក៏​ធ្វើការ​ផ្នែក​បណ្ដុះបណ្ដាល​កីឡាករ​វ័យក្មេង​នៅក្នុង​ស្រុក​ឲ្យ​បានល្អ​ប្រសើរ​ដែរ​។ 
 
​ទី​២ មាន​ទីផ្សារ​ប្រកួត​អន្តរជាតិ​ញឹកញាប់​៖
 
​ដ្បិត​សហព័ន្ធ​ស្ថិតក្រោម​ស្លាក​កីឡា ឬ ក្បាច់គុន​ចម្រុះ ប៉ុន្តែ សហព័ន្ធ​ក៏បាន​ផ្សារភ្ជាប់​ទំនាក់ទំនង​ទៅ​សង្វៀន​ក្រៅប្រទេស​ជាច្រើន​ដូចជា សង្វៀន​ល្អផ្ដាច់គេ​ប្រចាំ​ទ្វីបអាស៊ី ONE Championship សង្វៀន​នៅ​ប្រទេស​ថៃ និង សង្វៀន​អន្តរជាតិ​នៅ​មី​យ៉ាន់​ម៉ា​ដែល​អាច​នាំយក​កីឡាករ​គុន​ខ្មែរ​ទៅ​ប្រកួត​តំណាង​ឲ្យ​ជាតិ​បាន​។ កីឡាករ​ដែល​លេចធ្លោ​កន្លងទៅ​ប្រកួត​នៅ​សង្វៀន ONE ផ្នែក MMA ដូចជា ចាន់ រតនា , នៅ ស្រី​ពៅ​, វី ស្រី​ខួច​, ថៃ រិទ្ធី​, ស៊ឹម ប៊ុន​ស្រ៊ន់​, រិ​ន សា​រ័ត្ន​, ខុន ស៊ី​ចាន់​, មាស ម៉ើ និង សរ សី ជាដើម​។ ក្នុងនោះ​កីឡាករ​គុន​ខ្មែរ​ក៏មាន​វត្តមាន​បន្តបន្ទាប់​នៅ ONE ដូចជា គង់ សំបូរ , សុខ ធី​, និង ឡៅ ចិ​ត្រា ជាដើម​។ អ្នកលេង​គុន​ចម្រុះ ជើងចាស់ ស សី និង ថៃ រិទ្ធី សុទ្ធតែ​ផ្ញើ​សារ​ស្រដៀង​គ្នា​ដល់​យុវជន​ជំនាន់​ក្រោយ​ឲ្យ​ខិតខំ​ប្រឹង​ហ្វឹកហាត់​ដើម្បី​ទទួលបាន​ឈ្មោះ​បោះ​សំឡេង​ទៅ​ប្រកួត​នៅ​សង្វៀន ONE និង ក្រៅប្រទេស រួម​នឹង​ការទទួលបាន​កម្រៃ​ខ្លួន​ថ្លៃ​ច្រើនសន្ធឹក​។ 


 
​ទី​៣​ការផ្សព្វផ្សាយ បាន​ទូលំទូលាយ​៖
 
​មិន​ត្រឹមតែ សហព័ន្ធ​ទេ​ដែល​ដើរតួនាទី​បំផុស​ការផ្សព្វផ្សាយ​កីឡា​គុន​ចម្រុះ​នេះ ប៉ុន្តែ ONE ក៏បាន​ផ្សាយ​ច្រើនសន្ធឹក​លើ​វិ​ប​សាយ​របស់ខ្លួន​ដែលមាន​អ្នកអាន​រាប់លាន​នាក់​ពេល​មាន​កីឡាករ​ខ្មែរ​ទៅ​ប្រកួត​ម្ដងៗ​។ ចំណែក​វិ​ប​សាយ​ក្នុងស្រុក​ដែលជា​ដៃគូ​របស់ ONE និង វិ​ប​សាយ​ផ្សេងទៀត​ក៏​ចូលរួម​ក្នុងការ​ផ្សព្វផ្សាយ​នេះដែរ​។ នេះ​ជាការ​រួមចំណែក​បង្កើន​ទីផ្សារ​របស់​កីឡាករ​ឲ្យ​កាន់តែ​ទូលាយ និង លើកកម្ពស់​កីឡា​គុន​ចម្រុះ​របស់​កម្ពុជា​។ ដើម្បី​បំផុសសកម្មភាព MMA នៅ​កម្ពុជា ឬ សកម្មភាព​នានា​របស់​កីឡាករ ឬ ប្រវត្តិ​កីឡាករ សហព័ន្ធ​បានដាក់​ឲ្យ​ប្រើប្រាស់ វិ​ប​សាយ​ផ្លូវការ www.cambodian-mma-federation.com នាពេល​ថ្មីៗ​។ 
 
​គួររំលឹកថា ការប្រកួត​ក្បាច់គុន​ចម្រុះ ឬ​ចាប់ផ្ដើម​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់ Khmer Warriors Challenge បាន​បាច់​ផ្ដើម​កាល​ឆ្នាំ ២០១៣ ដែល​ផ្ដួចផ្ដើម​ដោយ​ស្ថានីយទូរទស្សន៍ ស៊ី​ធី​អិន និង MyTV ដោយមាន​សព​លោក ម៉ា សេរី អតីត​ប្រធាន​ផ្នែក​កីឡា ជា​បង្គោល​។ បន្ទាប់មក ការប្រកួត​វាយ​ដាក់​ទ្រុង ឬ ហៅថា គុន​ចម្រុះ​នេះ​មាន​ទីផ្សារ​ជា​រៀង​រហូតមក ហើយ ស្ថាប័ន ONE Championship ក៏​ធ្លាប់​មក​រៀបចំ​ការប្រកួត​ធំ​នៅ កម្ពុជា​អំឡុង​ឆ្នាំ ២០១៤ និង ២០១៥ ផងដែរ​៕ 
 

Tag:
 MMA
© រក្សាសិទ្ធិដោយ thmeythmey.com