អន្តរជាតិ
កត្តា​ចម្បង​បី ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ជប៉ុន «​ពី​បាត​ដៃទទេ​ក្លាយជា​យក្ស​សេដ្ឋកិច្ច​»
18, Jun 2019 , 7:39 pm        
រូបភាព
ដោយ:
​ដោយសារតែ​កត្តា​ភូមិសាស្ត្រ និង​សេដ្ឋកិច្ច​ទន់ខ្សោយ​នៅឡើយ កាលពី​អំឡុង​សតវត្សរ៍​ទី​១៩ និង​ដើម​សតវត្ស​ន៍ទី​២០ ប្រទេស​ជប៉ុន បាន​រួច​ផុតពី​ក្រញាំ​អាណានិគម​របស់​បណ្តា​ប្រទេស​ចក្រ​ព​តិ្ត​អឺរ៉ុប ។ ក្នុង​ឆ្នាំ​១៨៦៨ ជប៉ុន បាន​ឆ្លងកាត់​ដំណាក់កាល​កំណែទម្រង់​ស៊ីជម្រៅ​ដែល​បាន​ដឹកនាំ​អធិរាជ ម៉ី​ជី​។ អំឡុង​ពេលនេះ ជប៉ុន បានចាប់ផ្តើម​កសាង​ប្រជាជាតិ​ទំនើប​មួយ ក្រោម​យុទ្ធសាស្ត្រ fukoku kyohei ដែលមាន​ន័យ​ជា​ថា «​អភិវឌ្ឍ​ប្រទេស​ទៅមុខ , ពង្រឹងសមត្ថភាព​យោធា​» និង shokusan kogyo ដែល​មានន័យថា «​លើកស្ទួយ​វិស័យ​ឧស្សាហកម្ម​»​។

 
​ឈានដល់​សង្គ្រាមលោកលើកទី​មួយ (១៩១៤-១៩១៨) ជប៉ុន បាន​ប្រកៀក​ស្មា​ជាមួយ​មហាអំណាច​សម្ព័ន្ធ​មិត្ត និង​ទទួលបាន​កៅអី​អចិន្ត្រៃយ៍​ក្នុង​ក្រុមប្រឹក្សា​នៃ​សម្ព័ន្ធ​ប្រជាជាតិ អម​ជាមួយ​ចក្រភព​អង់គ្លេស បារាំង និង​អ៊ីតាលី​។ ទោះជា​បែបនេះ​ក៏ដោយ ជប៉ុន បាន​ទ្រេត​ទៅរក​របប​ដឹកនាំ​បែប​យោធានិយម ក្នុងអំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៣០ ។ កាលនោះ ជប៉ុន បាន​បង្កាត់​សង្គ្រាម​ដ៏​វែង​អន្លាយ​មួយ​ជាមួយ​ចិន ក្នុង​ឆ្នាំ​១៩៣៧ និង​ចុងក្រោយ​ត្រូវបាន​បិទ​បញ្ចប់ តាមរយៈ​ការប្រកាស​ចុះចេញ​ក្នុង​សង្គ្រាមលោកលើកទីពីរ​ដោយ​គ្មាន​លក្ខខណ្ឌ ក្នុង​ឆ្នាំ​១៩៤៥​។ 
 
​សង្គ្រាម​នេះ បាន​បង្ក​ការបំផ្លិចបំផ្លាញ​យ៉ាង​ធំធេង​ទៅលើ​ប្រទេស​ជប៉ុន ហើយ​គ្រាប់បែកបរមាណូ​ពីរ​គ្រាប់​របស់​អាមេរិក ធ្វើ​ឲ្យ​ជប៉ុន​កាន់​ខ្ទេចខ្ទាំ​។ ជប៉ុន ត្រូវ​ចាប់​ផ្តើមកសាង​ប្រទេស​ខ្លួន​ឡើងវិញ ដោយ​អាច​និយាយបានថា «​ពី​បាត​ដៃទទេ​»​។ ជប៉ុន បាន​ចំណាយពេល​អស់​ជិត​១០​ឆ្នាំ ទម្រាំ​តែ​អាច​ស្រោចស្រង់​ផលិតកម្ម​ខ្លួន ឲ្យ​វិល​ត្រឡប់មក​ដូច​ទៅនឹង​ស្ថានភាព​ប្រទេស​ជប៉ុន​នៅមុន​ពេល​ផ្ទុះ​សង្គ្រាម​វិញ​។ 
 
​យ៉ាងណាមិញ ជប៉ុន បានសម្រេច​កំណើនសេដ្ឋកិច្ច​ដ៏​ក្លៀវក្លា ក្នុង​ចន្លោះ​ឆ្នាំ ១៩៥៥ ដល់ ឆ្នាំ​១៩៧៣ ដោយបាន​ក្លាយជា​មហាអំណាច​សេដ្ឋកិច្ច​លំដាប់​លេខ​ពីរ រហូតដល់​ឆ្នាំ​២០១១ ពេល​ចិន​វ៉ា​ដាច់​វិញ​។ ក្នុងអំឡុងពេល​សន្ទុះ​សេដ្ឋកិច្ច​ខ្លាំងក្លា​នេះ ជប៉ុន បាន​ប្រើ​យុទ្ធសាស្ត្រ​ចម្បង​មួយ ដោយ​ជំរុញ​សេដ្ឋកិច្ច​ខ្លួន​ឆ្ពោះទៅកាន់​ឧស្សាហូបនីយកម្ម​ពេញលេញ​។ 
 
​ជប៉ុន គឺជា​ប្រទេស​មិនមែន​លោកខាងលិច​ទីមួយ​ដែល​សម្រេច​ឧស្សាហូបនីយកម្ម​ដោយ​ជោគជ័យ​។ យោងតាម​កិច្ចការ​ស្រាវជ្រាវ​ជាច្រើន ប្រវត្តិ​សេដ្ឋកិច្ច​ជប៉ុន ពិតជា​មិន​ខុសប្លែក​អ្វី​ពី​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ជាទូទៅ​របស់​បណ្តា​ប្រទេស​អភិវឌ្ឍន៍​តិច​តូច នាពេល​បច្ចុប្បន្ន ផ្សេងៗ​ដទៃទៀត​ឡើយ​។ កត្តា​ចម្បងៗ​ចំនួន​បី ដែល​ជំរុញ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ជប៉ុន គឺមាន​ដូចជា សារៈសំខាន់​នៃ​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច ការអភិវឌ្ឍ​ធនធានមនុស្ស និង​ហេដ្ឋារចនាសម្ព័ន្ធ​សេដ្ឋកិច្ច​។  
 
​យ៉ាងណាមិញ យើង​គួរកត់សម្គាល់​ដែរ​ជុំវិញ​លក្ខខណ្ឌ​សេដ្ឋកិច្ច​ខាងក្រៅ ដែល​ខុសគ្នា​ពី​បណ្តា​ប្រទេស​អភិវឌ្ឍន៍​តិច​តូច​សព្វថ្ងៃនេះ​។ ក្នុងអំឡុងពេល​ទសវត្ស​រ៍​ឆ្នាំ​១៩៥០ និង​ឆ្នាំ​១៩៦០ វា​ពុំទាន់​
​ទទួលរង​ឥទ្ធិពល​ពី​បាតុភូត​សាកលភាវូបនីយកម្ម​នៅឡើយ​ទេ​។ កាលនោះ ការខ្ចី​បុល​ពី​បរទេស មានការ​លំបាក​ខ្លាំង ហើយ​ប្រទេស​ម្ចាស់ផ្ទះ យល់ឃើញ​អវិជ្ជមាន​ច្រើន លើ​ការទទួល​ការវិនិយោគ​ដោយផ្ទាល់​ពី​បរទេស (FDI) ។ ទន្ទឹមនឹង​គ្នា​នេះ ការ​សង្កត់ធ្ងន់​លើ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ប្រទេស កាលពី​សម័យ​នោះ គឺ​ចង់​ឲ្យ​មានការ​អភិវឌ្ឍ​ដែល​កើតមាន​ក្នុងស្រុក ដោយ​ពឹងផ្អែក​តិចតួច​បំផុត​លើ​កម្លាំង​សេដ្ឋកិច្ច​បរទេស​។ 
 
​ក្រោយពី​សង្គ្រាមលោកលើកទី​ពីរ ជប៉ុន បាន​ប្រឈមមុខ​នឹង​កត្តា​មួយចំនួន ដែល​បង្អាក់​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​របស់ខ្លួន ក៏​ដូច​ទៅនឹង​បណ្តា​ប្រទេស​អភិវឌ្ឍន៍​តិច​តូច​សព្វថ្ងៃ​ដែរ​។ ក្នុង​កិច្ចការ​ស្រាវជ្រាវ​មួយ​របស់លោក Fukunari Kimura ដែលមាន​ចំណងជើង​ថា «​គំរូ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់​ជប៉ុន​» ចុះផ្សាយ​កាលពី​ខែមេសា ឆ្នាំ​២០០៩ បាន​ពិភាក្សា​ពី​ធាតុ​ផ្សំ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ចំនួន​បី​របស់​ជប៉ុន រួមមាន ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច ការអភិវឌ្ឍ​ធនធានមនុស្ស និង​ហេដ្ឋារចនាសម្ព័ន្ធ​សេដ្ឋកិច្ច​។ 
 
​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​
 
​ជា​រឿង​ដែល​មិនអាច​ប្រកែក​បាន ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច មាន​សារៈសំខាន់​យ៉ាងខ្លាំង​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ដ៏​រឹងមាំ ហើយ​ជប៉ុន បាន​ផ្តោត​សំខាន់​លើ​ការគ្រប់គ្រង​ម៉ាក្រូសេដ្ឋកិច្ច​ខ្លាំង  ដ្បិត​កាលនោះ​លក្ខខណ្ឌ​ខាងក្រៅ​មិន​អំណោយផល​ល្អ​។ 
 
​ស្ថានភាព​ម៉ាក្រូសេដ្ឋកិច្ច​នៅ​អំឡុង​ពាក់កណ្តាល​ទសវត្សរ៍​ឆ្នាំ​១៩៤០ មាន​សភាព​យ៉ាប់យ៉ឺន​ខ្លាំង ដែល​ក្នុងនោះ​រួមមាន ការផ្គត់ផ្គង់​ទំនិញ​មានការ​ស្រុតចុះ​ជាខ្លាំង  រោងចក្រ​ឧស្សាហកម្ម​ជាច្រើន​ផ្តើម​បិទទ្វារ ព្រមទាំង​ខ្វះខាត​សម្ភារ និង​វត្ថុធាតុដើម​យ៉ាងធ្ងន់ធ្ង​រ​ផងដែរ​។ បញ្ហា​ទាំងនេះ គួបផ្សំ​ជាមួយនឹង​ការបាត់បង់​ម្ចាស់ការ​លើ​ប្រព័ន្ធ​រូបិយ​បណ្ណ និង​អតិផរណា​ខ្ពស់កប់ពពក បាន​បង្ក​ឲ្យ តម្លៃប្រើប្រាស់ និង​តម្លៃ​លក់​ជារួម បាន​ហក់​ឡើង​ខ្ពស់​យ៉ាងខ្លាំង​នៅ​ចន្លោះ​ពី​ពេល​បញ្ចប់​សង្គ្រាមលោកលើកទី​ពីរ និង​ខែមេសា ឆ្នាំ​១៩៤៩​។ 
 
​ដើម្បី​ឆ្លើយតប​នឹង​ស្ថាន​ភាពអាសន្ន​នេះ  ជប៉ុន ដែល​ស្ថិតក្រោម​ការកាន់កាប់រ​បស់​មហាអំណាច​សម្ព័ន្ធ​មិត្ត​នៅឡើយ បាន​ដាក់ចេញ​ផែនការ​ស្ថិរភាព​សេដ្ឋកិច្ច​មួយ ក្នុង​ឆ្នាំ​១៩៤៩ ដែល​ហៅថា «Dodge Line» ។ គម្រោង​នេះ បានកំណត់​គោលការណ៍​នៃ​កញ្ចប់​ថវិកា​រដ្ឋាភិបាល​ដែលមាន​តុល្យភាព ក៏ដូចជា កា​រស​ម្រួ​ប​សម្រួល​លើ​អត្រា​ផ្លាស់ប្តូរ​រូបិយ​បណ្ណ​បរទេស​ជាដើម​។  
 
​ចាប់ពី​ឆ្នាំ​១៩៥១ ជប៉ុន មាន​សេរីភាព​បង្កើត​ប្រព័ន្ធ​ពន្ធ​ថ្មី​។ បន្ថែម​ពីនេះ ផ្អែកលើ​ច្បាប់​គ្រប់គ្រង​ការនាំ​ចូល ប្រព័ន្ធ​បែងចែក​មូលនិធិ (FA) និង​ប្រព័ន្ធ​បែងចែក​ស្វ័យប្រវត្តិ ត្រូវបាន​បង្កើតឡើង​។ ប្រព័ន្ធ FA នេះ បាន​អនុវត្ត​លើ​ផលិតផល​សម្រេច និង​ចុងក្រោយ​ស្ទើរតែ​ទាំងស្រុង ក៏ដូចជា វត្ថុ​ធាតុ​នានា​ដែល​ជាប់​ទៅនឹង​ប្រព័ន្ធ​កូតា​នាំចូល​។ 
 
​ជប៉ុន បានស្នើ​ចូល​ជា​សមាជិក​ជាមួយ​កិច្ចព្រមព្រៀង​ជាទូទៅ​ស្តីពី​ពាណិជ្ជកម្ម និង​ពន្ធ (GATT) និង​បានអនុញ្ញាត​ឲ្យ​ក្លាយជា​ភាគី​កិច្ចសន្យា​ក្នុង​ឆ្នាំ​១៩៥៥​។ ទោះបីជា​បែបនេះ​ក្តី ប្រទេស​ជាច្រើន លើកលែងតែ​សហរដ្ឋអាមេរិក កាណាដា អាល្លឺម៉ង់​ខាងលិច អ៊ីតាលី បាន​បដិសេធ​គោរព​តាម​កាតព្វកិច្ច ដែល​ចែង​ក្នុង​កិច្ចព្រមព្រៀង GATT របស់​ពួកគេ​សម្រាប់​ប្រទេស​ជប៉ុន ។ ការរើសអើង​ផ្នែក​ពាណិជ្ជកម្ម​លើ​ជប៉ុន​បែបនេះ បាន​បង្កើតជា​អតីតកាល​ដ៏​ជូរចត់​មួយ​សម្រាប់​ជប៉ុន​។ ទោះបី អាមេរិក​ដែលជា​ប្រទេស​គាំទ្រ​ជប៉ុន​ខ្លាំង​ក្នុង​កិច្ច​ព្រៀម​ព្រៀង GATT ក៏បាន​ស្នើ​ឲ្យ​ជប៉ុន​រឹតបន្តឹង​ការនាំចេញ​របស់ខ្លួន​ដោយ​ស្ម័គ្រចិត្ត​ផងដែរ​ក្នុងអំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៥០​។ 
 
​ចុងក្រោយ ស្ថានភាព​ពាណិជ្ជកម្ម​អន្តរជាតិ មាន​លក្ខណៈ​ល្អប្រសើរ  បន្ទាប់ពី​គោលការណ៍​ណែនាំ​នៃ​ពាណិជ្ជកម្ម និង​សេរីភាវូបនីយកម្ម​ការ​ដោះដូរ​រូបិយ​បណ្ណ ត្រូវបាន​បង្កើត ក្នុង​ឆ្នាំ​១៩៦០​។ បរិយាកាស​សេដ្ឋកិច្ច​ខាងក្រៅ​សម្រាប់​ជប៉ុន មាន​ភាពល្អ​ធម្មតា ចាប់​តាំង​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៦០​។ យ៉ាងណាមិញ ការគ្រប់គ្រង​ម៉ាក្រូសេដ្ឋកិច្ច ពុំមែន​ជា​រឿង​ងាយស្រួល​ឡើយ​។ បន្តិច​ម្តងៗ ជប៉ុន បាន​បង្កើត​ផែនការ​អត្រា​ប្រាក់​សន្សំ​ក្នុងស្រុក​មួយ ដែល​ជំរុញ​ដល់​ការវិនិយោគ​។ ដ្បិត​មានឱកាស​តិច​តូច​សម្រាប់​ការខ្ចី​បុល​ពី​បរទេស ការវិនិយោគ និង​ប្រាក់​សន្សំ​ក្នុងស្រុក ចាំបាច់​ត្រូវតែមាន​តុល្យភាព​។ 
 
​ម្យ៉ាងវិញទៀត ការគ្រប់គ្រង​រូបិយ​បណ្ណ​បម្រុង​បរទេស និង​ជញ្ជីងទូទាត់ នៅតែ​ជា​បញ្ហា​។ រហូតដល់​ពាក់កណ្តាល​ឆ្នាំ​១៩៦០  ជប៉ុន តែងតែ​ប្រឈម​នឹង​ហានិភ័យ​ចំពោះ​កង្វះខាត​រូបិយ​បណ្ណ​បរទេស ក្រោម​កិច្ចព្រមព្រៀង​អត្រា​ប្តូរប្រាក់​ដែល​នឹងនរ​មួយ​។ 
 
​ការអភិវឌ្ឍ​ធនធានមនុស្ស​
 
​អ្នក​ប្រវត្តិវិទូ​ជាច្រើន បាន​អះអាងថា ជប៉ុន មាន​អត្រា​អក្ខរកម្ម​ខ្ពស់​រួចមកហើយ អំឡុងពេល​យុគសម័យ Tokugawa (១៦០៣-១៨៦៨) ។ ប៉ុន្តែ​ ​ប្រព័ន្ធ​អប់រំ​របស់​ជប៉ុន​ចាប់តាំងពី​យុគសម័យ ម៉ី​ជី (​ពាក់កណ្តាល​សតវត្សរ៍​ទី ១៩)  មាន​ភាពល្អប្រសើរ​ខ្លាំង​។ យ៉ាងណាមិញ យោងតាម​ស្ថិតិ​មួយចំនួន ជប៉ុន បាន​ប្រឈមមុខ​នឹង​បញ្ហា​កង្វះខាត​ការអភិវឌ្ឍ​ធនធានមនុស្ស ក្នុង​សម័យកាល​ក្រោយ​សង្គ្រាម​។ 
 
​ក្នុង​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៤០ និង​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៥០ ជប៉ុន មាន​មូលដ្ឋានគ្រឹះ​រឹងមាំ​ក្នុង​ការអប់រំ​ទូទៅ (​ថ្នាក់បឋមសិក្សា​) ប៉ុន្តែ​ពុំទាន់​មានការ​បង្កើត​ពេញលេញ​លើ​ការអប់រំ​កម្រិត​ថ្នាក់​វិទ្យាល័យ និង​កម្រិត​ថ្នាក់​ឧ​ត្ត​ម​សិក្សា​នៅឡើយ​ទេ​។  ជប៉ុន ត្រូវ​ប្រើ​រយៈពេល​ពី ២០ ទៅ ២៥​ឆ្នាំ ពោលគឺ​រហូតដល់​ទស​វត្សរ៍​ឆ្នាំ​១៩៧០ ដើម្បី​សម្រេច​កម្រិត​អប់រំ​ទាំងនេះ​ដោយ​ត្រឹមត្រូវ​។​
 
​ពិតណាស់ អត្ថន័យ​នៃ​ការអប់រំ​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៤០ និង​ឆ្នាំ​១៩៥០ ប្រហែលជា​ខុសប្លែក​ពី​ការអប់រំ​នាពេល​សព្វថ្ងៃនេះ ព្រោះតែ​ការផ្លាស់ប្តូរ​ក្នុង​រចនាសម្ព័ន្ធ​ឧស្សាហកម្ម និង​មូលដ្ឋានគ្រឹះ​វប្បធម៌​។ ប៉ុន្តែ យើង​អាច​លើកឡើងថា ការពង្រឹង​ប្រព័ន្ធ​អប់រំ​របស់​ជប៉ុន​ដែល​មានគុណ​ភាព រហូតមកដល់​ពាក់កណ្តាល​ទសវត្សរ៍​ឆ្នាំ​១៩៧០ គឺជា​កត្តា​ចម្បង​មួយ​ក្នុង​ដំណើរការ​ឧស្សាហូបនីយកម្ម​របស់​ប្រទេស​នេះ​។ 
 
​ម្យ៉ាងវិញទៀត កំណើន​នៃ​ចំនួន​អ្នកស្រាវជ្រាវ​នៅតាម​បណ្តា​ក្រុមហ៊ុន​ឯកជន ស្ថាប័ន​ស្រាវ​ស្រាវ និង​សកល​វិទ្យាល័យ ក្រោយ​សង្គ្រាមលោកលើកទី​២ ក៏​បញ្ជាក់​ឲ្យ​ឃើញថា ការអភិវឌ្ឍ​ធនធានមនុស្ស ជាពិសេស កម្រិត​ឧ​ត្ត​មសិ​ក្សា គឺជា​ធាតុ​ផ្សំ​ដ៏​មាន​សារៈសំខាន់​នៃ​ការធ្វើ​ឧស្សា​ហូប​នី​កម្ម​ជោគជ័យ និង ត្រៀមលក្ខណៈ​សម្រាប់​ដំណាក់កាល​ថ្មី​ផ្សេងទៀត​នៃ​ការប្រកួតប្រជែង ក្រោយ​ទសវត្សរ៍​ឆ្នាំ​១៩៧០​។ 
 
​ហេដ្ឋារចនាសម្ព័ន្ធ​សេដ្ឋកិច្ច​
 
​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច ក៏​ជា​បញ្ហា​ប្រឈម​ដ៏​ធ្ងន់ធ្ងរ​សម្រាប់​ប្រទេស​ជប៉ុន ក្នុង​រយៈ​ជាច្រើន​ឆ្នាំក្រោយ​សង្គ្រាម​ផងដែរ ក៏ដូចជា​អ្វីដែល​បណ្តា​ប្រទេស​អភិវឌ្ឍន៍​តិច​តូច​សព្វថ្ងៃ​កំពុង​ជួបប្រទះ​។ យ៉ាងណាមិញ លក្ខខណ្ឌ​ខាងក្រៅ មាន​ភាពខុសគ្នា ដ្បិត​ឱកាស​ក្នុងការ​ខ្ចីបុល​ពី​បរទេស មាន​កម្រិត ។ លើសពីនេះ ភាពជា​ដៃគូ​ឯកជន​-​សាធារណៈ (PPP) នៅ​ពុំទាន់​មាន​ភាពច្បាស់លាស់ ហើយ​ការវិនិយោគ​សម្រាប់​ហេដ្ឋារចនាសម្ព័ន្ធ​សេដ្ឋកិច្ច ក្លាយជា​បន្ទុក​ទាំងស្រុង​របស់​រដ្ឋាភិបាល​ជប៉ុន​។ 
 
​កាលនោះ ដើម្បី​ផ្គត់ផ្គង់​ហិរញ្ញវត្ថុ​សម្រាប់​ការវិនិយោគ​ក្នុង​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច រដ្ឋាភិបាល​ជប៉ុន​បាន​ប្រើប្រាស់​កម្មវិធី​កម្ចី និង​ការវិនិយោគ​នៃ​សារពើពន្ធ (FILP) ។ កម្មវិធី FILP សំដៅលើ​ប្រព័ន្ធ​ថវិកា ដែល​ត្រៀម​រៀបចំ​បន្ថែម​ពី​កញ្ចប់​ថវិកា​ទូទៅ​របស់​រដ្ឋាភិបាលកណ្តាល និង​ត្រូវ​បានផ្តល់​ហិរញ្ញវត្ថុ​យ៉ាង​ធំ​ដោយ​ប្រាក់​សន្សំ Postal រហូតដល់​ឆ្នាំ​២០០០​។ យោងតាម​តួលេខ​នៃ​ការប្រើប្រាស់​កម្មវិធី FILP អំឡុង​ឆ្នាំ​១៩៥៥-១៩៨៤ ការចំណាយ​សម្រាប់​ហេដ្ឋារចនាសម្ព័ន្ធ​សង្គម មាន​កម្រិត​តិច​តូច​នៅឡើយ ប្រមាណ ៣០​ភាគរយ ខណៈ​បរិមាណ​មួយចំនួនធំ ត្រូវបាន​បែងចែក​ទៅកាន់​ផ្នែក​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​សេដ្ឋកិច្ច​។ 
 
​ជប៉ុន ទទួលបាន​កម្ចី​ពី​ធនាគារពិភពលោក ក្នុង​ឆ្នាំ ១៩៥៣ ដល់ ឆ្នាំ​១៩៦៦ សម្រាប់​ការវិនិយោគ​សំខាន់​លើ​វិស័យ​ការសាងសង់​ផ្លូ​ល​ថ្នល់ រថភ្លើង​ល្បឿន​លឿន រោងចក្រ​ស្លដែក​ថែប និង​រោងចក្រ​ផលិត​ថាមពល​អគ្គិសនី​ជាដើម​។ ទោះជា​បែបនេះ​ក្តី បរិមាណ​លុយ​កម្ចី​សរុប អំឡុង​ពេលនេះ មាន​ត្រឹមតែ ៨៦២,៩​លាន​ដុល្លារ ដែល​ស្មើនឹង​២ ឬ ៣​ភាគរយ​ប៉ុណ្ណោះ​នៃ​ការវិនិយោគ​សរុប​រប​ស់ជ​ប៉ុន​។ 
 
​ធនា​ការអភិវឌ្ឍន៍​ជប៉ុន (JDB) ត្រូវបាន​បង្កើតឡើង ក្នុង​ខែមេសា ឆ្នាំ​១៩៥១ ដើម្បី​ផ្តល់​កម្ចី​រយៈពេល​វែង​សម្រាប់​ការអភិវឌ្ឍ​។ យោងតាម​តួលេខ​នៃ​ការប្រើប្រាស់​កម្ចី​ធនាគារ JDB លុយរាប់​ពាន់​លាន​យេន ត្រូវបាន​បង្វិល​ទៅកាន់​វិស័យ​ដឹកជញ្ជូន​តាម​សមុទ្រ និង​វិស័យ​ថាមពល​ក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៥០ និង ឆ្នាំ​១៩៦០ ។ នេះ បង្ហាញ​យ៉ាងច្បាស់​ពី​ការ​ឲ្យ​តម្លៃ​ខ្ពស់​លើ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​សេដ្ឋកិច្ច​។ ចំណែក ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ (​ផ្លូវថ្នល់ និង​ផ្លូវ​ល្បឿន​) បានចាប់ផ្តើម​មាន​សន្ទុះ​ខ្លាំង ចាប់តាំងពី​ពាក់កណ្តាល់​ទសវត្សរ៍​១៩៥០ ៕

Tag:
 ជប៉ុន​
  អភិវឌ្ឍន៍​
  ម៉ាក្រូសេដ្ឋកិច្ច​
  ធនធានមនុស្ស​
  ហេដ្ឋារចនាសម្ព័ន្ធ​សេដ្ឋកិច្ច​
© រក្សាសិទ្ធិដោយ thmeythmey.com