ជាតិ
សង្គមជាតិ
សេចក្តីព្រាងច្បាប់​ស្តីពី «​ការបង្កើត​អង្គការ​បណ្តាញ​អន្តរជាតិ​សម្រាប់​ឫស្សី និង​ផ្តៅ​» ត្រូវបាន​អនុម័ត​
18, Jun 2019 , 8:19 pm        
រូបភាព
លោក វេង សាខុន ថ្លែងកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២0១៩ ក្នុងពិធីប្រគល់វិញ្ញាបនបត្រលើវគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងនិងភាពជាអ្នកដឹកនាំ និងប្រកាសចូលកាន់តំណែងមន្ត្រីរាជការក្រសួងកសិកម្ម
លោក វេង សាខុន ថ្លែងកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២0១៩ ក្នុងពិធីប្រគល់វិញ្ញាបនបត្រលើវគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងនិងភាពជាអ្នកដឹកនាំ និងប្រកាសចូលកាន់តំណែងមន្ត្រីរាជការក្រសួងកសិកម្ម
​រដ្ឋសភា​បានអនុម័ត​លើ​សេចក្តីព្រាងច្បាប់​ស្តីពី «​ការបង្កើត​អង្គការ​បណ្តាញ​អន្តរជាតិ​សម្រាប់​ឫស្សី និង​ផ្តៅ​» នៅក្នុង​កិច្ចប្រជុំពេញអង្គ កាលពី​ថ្ងៃ​១៧ ខែមិថុនា ឆ្នាំ​២០១៩​។

 
​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ឲ្យ​ដឹងថា សេចក្តីព្រាងច្បាប់​នេះ​មាន​២២​មាត្រា ដែល​គ្របដណ្តប់​ដោយ​ខ្លឹម​សារសំខាន់ៗ ចំនួន​៥​ចំណុច មានដូចជា ទី​១ ប្រវត្តិ​នៃ​អង្គការ​បណ្តាញ​អន្តរជាតិ​ឫស្សី និង​ផ្តៅ ទី​២ គោលនយោបាយ និង​ផែនការ​យុទ្ធសាស្ត្រ ទី​៣ លក្ខន្តិក​នៃ​ការចូល​ជា​សមាជិក ទី​៤ ការត្រៀម​លក្ខណ​:​គ្រប់គ្រាន់​មុន​ចូល​ជា​សមាជិក និង​ទី​៥ អត្ថប្រយោជន៍​នៃ​ការចូល​ជា​សមាជិក​។​
 
​រដ្ឋមន្ត្រី​រូបនេះ បាន​បន្តថា ច្បាប់​នេះ​នឹង​ជួយ​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ ប្រជា​សហគមន៍ ដោយ​កែប្រែ​ទម្លាប់ និង​ជំរុញ​លើកទឹកចិត្ត​ប្រជាពលរដ្ឋ​ពី​ការប្រើប្រាស់​ឈើ​មកប្រើប្រាស់​ឫស្សី និង​ផ្តៅ​វិញ តាមរយៈ​ការអភិវឌ្ឍ​ផលិតកម្ម ការអភិរក្ស និង​ការកែច្នៃ​ឫស្សី និង​ផ្តៅ តាម​គោលការណ៍​អភិវឌ្ឍ​ឫស្សី និង​ផ្តៅ​ប្រកបដោយ​ចីរភាព និង​និរន្តរភាព​។ 
 
​លោក ថ្លែង​ក្នុង​កិច្ចប្រជុំ​របស់​រដ្ឋសភា​ថា​៖«​យើង​សង្ឃឹម និង​ជឿជាក់ថា​កម្ពុជា​នឹង​ទទួលបាន​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​មួយ​ដ៏​ល្អ​ក្នុងការ​ពង្រឹងសមត្ថភាព​ការពារ និង​អភិវឌ្ឍ​ធនធាន​ឫស្សី និង​ផ្តៅ​ប្រកប ដោយ​និរន្តរភាព ដើម្បី​ផល ប្រយោជន៍​សង្គម សេដ្ឋកិច្ច និង​ភាតរ​បរិស្ថាន​បៃតង រួមទាំង​ការអភិរក្ស​ជីវៈចម្រុះ​និង​មរតក​វប្បធម៌​ជាតិ​ផងដែរ​»​។ 
 
​លោក សុវណ្ណ ពិសិដ្ឋ ប្រធាន​សមាគម​ផ្ដៅ​ឫស្សី​កម្ពុជា បាន​លើកឡើងថា កម្ពុជា​ពិតជា​មាន​សក្ដានុពល​ផ្នែក​នេះ​ប្រាកដ​មែន ដោយ​ឫស្សី និង​ផ្ដៅ ដែលជា​វត្ថុធាតុដើម សម្រាប់​កែច្នៃ​ទៅជា​គ្រឿងសង្ហារិម​ផ្សេងៗ មាន​នៅតាម​បណ្ដា​ខេត្ត​ទូទាំងប្រទេស តែ​ការយកមក​កែច្នៃ​នៅ​តិចតួច​នៅឡើយ​។ លោក ពិសិដ្ឋ បន្តថា ផលិតផល​ធ្វើ​ពី​ផ្ដៅ ឫស្សី កាន់តែ​ពេញនិយម ពិសេស​ការប្រើប្រាស់​ក្នុង​គេហដ្ឋាន ហាង​កាហ្វេ ភោជនីយដ្ឋាន សណ្ឋាគារ និង​រមណីយដ្ឋាន​ជាដើម​។​
 
​គួររម្លឹកថា កាលពី​ខែ ឧសភា ឆ្នាំ​២០១៩ លោក វេ​ង សាខុន បាន​ជួប​លោកស្រី Jiang Zehui សហប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​អង្គការ​អន្តរជាតិ​ឫស្សី​និង​ផ្តៅ​ហៅ​កាត់​ថា​អ៊ី​ន​បា (INBAR: International Network for Bamboo and Rattan) ដើម្បី​ពិភាក្សា​ពី​កិច្ចសហប្រតិបត្តិការ និង​ការចូលរួម​ជា​សមាជិក​នៃ​អង្គការ​មួយ​នេះ​។ អង្គការ​បណ្ដាញ​អន្តរជាតិ​សម្រាប់​ឫស្សី​និង​ផ្ដៅ ហៅ​កាត់​ថា​អ៊ី​ន​បា បង្កើតឡើង​ឆ្នាំ​១៩៩៧ ដោយ​សន្ធិសញ្ញា​តម្កល់ទុក​នៅ​អង្គការសហប្រជាជាតិ​៕ 

Tag:
 ក្រសួងកសិកម្ម​
  សេចក្តីព្រាងច្បាប់ វិស័យ​ផ្ដៅ​-​ឫស្សី​
  រដ្ឋសភា​
© រក្សាសិទ្ធិដោយ thmeythmey.com