អន្តរជាតិ
ថៃ ជាប់ឆ្នោត​ជា​សមាជិក​ក្រុមប្រឹក្សា​សង្គម​និង​សេដ្ឋកិច្ច UN សម្រាប់​ឆ្នាំ​២០២០-២២
18, Jun 2019 , 8:39 pm        
រូបភាព
ប្រភពរូប៖ UN
ប្រភពរូប៖ UN
ដោយ:
​ថៃ ត្រូវបាន​ជ្រើសរើស​ទៅជា​សមាជិក​មួយ​នៃ​ក្រុមប្រឹក្សា​សង្គម និង​សេដ្ឋកិច្ច​របស់​អង្គការសហប្រជាជាតិ (Ecosoc) សម្រាប់​អាណត្តិ​ឆ្នាំ ២០២០ ដល់ ឆ្នាំ ២០២២ ប្រចាំការ​នៅ​ស្នាក់ការ​កណ្តាល​អង្គការ​សហប្រជាជាតិ​ក្នុង​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក​។

 
​ថៃ ស្ថិតក្នុង​ចំណោម​ប្រទេស​៤​ផ្សេងទៀត មកពី​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដែល​ត្រូវ​ជ្រើសរើស​ចូល Ecosoc កាលពី​ថ្ងៃទី ១៤ ខែមិថុនា​។ ប្រទេស​៣​ទៀត​នោះ គឺមាន​ដូចជា ចិន បង់​ក្លា​ដេ​ស និង​កូរ៉េខាងត្បូង​។ នេះ​បើតាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួងការបរទេស​ថៃ​នៅ​ថ្ងៃ​សៅរ៍ ទី​១៥ ខែមិថុនា​។​
 
​ថៃ ទទួលបាន​ការបោះឆ្នោត​គាំទ្រ ១៨៦ សំឡេង ដែលមាន​សំឡេង​ខ្ពស់​ជាងគេ​ក្នុងចំណោម​បេក្ខភាព​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ។ រដ្ឋមន្ត្រីការបរទេស​ថៃ លោក Don Pramudwinai ក៏មាន​វត្តមាន​នៅក្នុង​ការបោះឆ្នោត​នោះ​ផងដែរ​។ 
 
​តាម​ការចុះផ្សាយ​របស់​កាសែត​ថៃ បាងកក​ប៉ុស្តិ៍ ក្រសួងការបរទេស​ថៃ បញ្ជាក់​បែបនេះ​ថា​៖ «​ការ​ឈរឈ្មោះ​របស់​យើង​ក្នុង Ecosoc ឆ្លុះបញ្ចាំង​ពី​ការតាំង​ចិត្ត​យ៉ាង​មុតមាំ​នៃ​រដ្ឋាភិបាល ដើម្បី​ឆ្ពោះទៅរក​របៀបវារៈ​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព ទាំង​ក្នុងស្រុក និង​អន្តរជាតិ​»​។ 
 
​ថៃ ខកខាន​ពុំបាន​ចូល​បម្រើ​ក្នុង Ecosoc អស់​រយៈពេល ១២​ឆ្នាំ​ហើយ ដោយ​អាណត្តិ​ចុងក្រោយ​របស់ខ្លួន គឺ​នៅ​ចន្លោះ​ឆ្នាំ ២០០៥  ដល់ ២០០៧ ។ ក្រុមប្រឹក្សា​សង្គម និង​សេដ្ឋកិច្ច​របស់  UN គឺជា​ស្ថាប័ន​ស្នូល​មួយ​ក្នុងចំណោម​ស្ថាប័ន​ទាំង ៦ របស់ UN ។ Ecosoc មាន​តួនាទី​ពិនិត្យមើល​លើ​គោលនយោបាយ និង​ផ្តល់យោបល់​លើ​បញ្ហា​សង្គម សេដ្ឋកិច្ច និង​បរិស្ថាន ដើម្បី​សម្រេចបាន​នូវ​គោលដៅ អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់ UN ។​
 
​ការជាប់​ជា​សមាជិក​មួយ​ក្នុងចំណោម​សមាជិក​ទាំង​៥៤​របស់​ស្ថាប័ន​កំពូល​នេះ ផ្តល់​កាលានុវត្តភាព​ដ៏​ធំធេង​សម្រាប់​ប្រទេស​ថៃ ។ ឱកាស​នោះ​គឺថា ថៃ អាចធ្វើ​ការ​ជាមួយ​បណ្តា​ប្រទេស​ផ្សេងទៀត ក្នុង​គោលដៅ​លើកកម្ពស់ Ecosoc ប្រកបដោយ​បរិ​យា​ប័ន្ន ដើម្បី​ព​ន្លឿ​ន​របៀបវារៈ​ឆ្នាំ ២០៣០ សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព ដែល​គ្មាន​ទុក​ប្រទេស​ណាមួយ​ចោល​។ ក្រសួងការបរទេស​ថៃ ជឿជាក់​បែបនេះ​។ 
 
​ម្យ៉ាងវិញទៀត ក្រសួង​ដដែល ក៏បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀតថា តាមរយៈ Ecosoc ថៃ អាច​ចូលរួម​បង្កើត​គោលនយោបាយ​អភិវឌ្ឍន៍ និង​ក៏​អាច​ចែករំលែក​ការអនុវត្ត​ដែល​ល្អ​បំផុត​របស់ខ្លួន​លើ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ផងដែរ​៕

Tag:
 ថៃ​
  ECOSOC
  UN
© រក្សាសិទ្ធិដោយ thmeythmey.com