ជាតិ
សង្គមជាតិ
ក្រសួងបរិស្ថាន ថា ការកាប់​ព្រៃឈើ​ថយចុះ​ជាង​២០​ភាគរយ ខណៈ​សកម្មជន​បរិស្ថាន​រកឃើញ​កើនឡើង​
18, Jun 2019 , 8:59 pm        
រូបភាព
រូបពីហ្វេសប៊ុកអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (WildlifeAlliance)
រូបពីហ្វេសប៊ុកអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (WildlifeAlliance)
​ភ្នំពេញ​៖ សកម្មជន​ការពារ​បរិស្ថាន អះអាងថា ការកាប់បំផ្លាញ​ព្រៃឈើ​នៅក្នុង​តំបន​អភិរក្ស​កម្ពុជា នៅតែ​កើនឡើង បើទោះជា​រដ្ឋាភិបាល​អះអាង​ពី​ការ​ខំប្រឹងប្រែង​ទប់ស្កាត់​ក្តី​។ ពួកគេ​បង្ហាញ​ក្តី​ព្រួយបារម្ភ​ពី​សញ្ញា​អវិជ្ជមាន​នៃ​ការកាប់បំផ្លាញ​ព្រៃឈើ​នេះ ខណៈដែល​រដ្ឋាភិបាល នៅតែ​អះអាង​ការពារ​ថា ការកាប់បំផ្លាញ​ព្រៃឈើ​មានការ​ធ្លាក់ចុះ​ជាង ២០​ភាគរយ​។​

 
​មិនទាន់មាន​សញ្ញា​វិជ្ជមាន​នៃ​ការកាប់បំផ្លាញ​ព្រៃឈើ​ថមថយ​ឡើយ​។ បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​បាន​អះអាងថា ការកាប់​ឈើ​ក្នុង​តំបន់​ព្រៃ​ឡង់ នៅតែមាន​សកម្មភាព​កើនឡើង​យ៉ាងខ្លាំង​ក្លា បើទោះជា​រដ្ឋាភិបាល​ប្រកាស​ជំហរ​ទប់ស្កាត់​ការកាប់​ព្រៃឈើ​ក្តី​។ ការលើកឡើង​របស់​ស​ហ​គម​ព្រៃ​ឡង់​នេះ គឺ​សម្អាង​លើ​ការអង្កេត​របស់​ពួកគេ ដែល​បាន​រកឃើញ​ពី​សកម្មភាព​ល្មើស និង​ដកហូត​សម្ភារ​នៃ​ការកាប់បំផ្លាញ​ព្រៃឈើ​កន្លងមក​។ សម្ភារ​ដែល​សហគម​ព្រៃ​ឡង់​ដកហូត​ប្រគល់ជូន​មន្ត្រី​ជំនាញ ក្នុង​ឆ្នាំ​២០១៨ មានដូចជា ម៉ាស៊ីន​រណា​យន្ត​ចំនួន ៩៨ គ្រឿង កើនឡើង​ចំនួន ៤២​គ្រឿង បើ​ធៀប​នឹង​ឆ្នាំ ២០១៧ មាន​ត្រឹម ៥៦ គ្រឿង​។ កាំភ្លើង​កែឆ្នៃ​ចំនួន ២១​ដើម កើនឡើង​ចំនួន ១០ ដើម បើ​ធៀប​នឹង​ឆ្នាំ ២០១៧ មាន​ត្រឹម ១១​ដើម​។ អន្ទាក់​ដាក់​សត្វព្រៃ​មាន ៥៨១ អន្ទាក់ ខណៈ​ឆ្នាំ​២០១៧ ដកហូត​បានតែ ៥០ អន្ទាក់​ប៉ុណ្ណោះ​។ 


 
​លើសពីនេះ​សហគមន៍​ព្រៃ​ឡង់​បានធ្វើ​កិច្ចសន្យា​ជាមួយ​ម្ចាស់​គោយន្ត ១៣ គ្រឿង និង​ឧបករណ៍​ឆក់​ត្រី​ចំនួន ២ គ្រឿង ជាមួយនឹង​ឈើ​អារ​ជ្រៀក​រួច​ចំនួន ៥៩.៤៥ ម៉ែត្រគូប ឈើ​កាត់​រំលំ​រួច​ចំនួន ៧៤ ដើម និង​គល់ឈើ​ថ្មី​ចំនួន ៧១៩ គល់​ជាដើម​។ 
 
​តាមរយៈ​ការរកឃើញ​បទល្មើស​ទាំងនេះ ទើប​សហគមន៍​ព្រៃ​ឡង់ ចេញ​សេចក្តី​ថ្លៃ​ង​ការណ៍​មួយ កាល​ថ្ងៃទី ១៧ ខែមិថុនា ដោយ​ស្នើ​ឲ្យ​រដ្ឋាភិបាល ជាពិសេស​ក្រសួងបរិស្ថាន ចាត់វិធានការ​លើ​មន្ត្រី​អសកម្ម​របស់ខ្លួន ហើយ​បញ្ឈប់​ការអនុញ្ញាត​រាល់​អាជីវកម្ម​ឈើ​ហ៊ុ​ប​, ការដឹកជញ្ជូន​ឈើ​, ម៉ាស៊ីន​រណា​យន្ត និង​សកម្មភាព​ផ្សេងៗ​ទៀត​ដែល​បម្រើ​ដល់​ការកាប់បំផ្លាញ​ព្រៃឈើ​។​
 
​ជាមួយគ្នានេះ​សកម្មជន​បរិស្ថាន​លោក ហេង ស្រស់ បាន​និយាយថា ការកាប់បំផ្លាញ​ព្រៃ​មាន​សកម្មភាព​ចម្បងៗ​ចំនួន ៣ គឺ​ទី​១ តាមរយៈ​គម្រោង​ដី​សម្បទាន​សេដ្ឋកិច្ច ដោយ​លោក​បាន​អង្កេត​ឃើញថា ម្ចាស់​ដី​សម្បទាន​ទាំងនោះ បាន​បង្កើត​រោង​ម៉ាស៊ីន​អាល​ឈើ​ក្នុង​តំបន់​ខ្លួន ហើយ​បាន​ឲ្យ​កម្មករ​របស់ខ្លួន​ចូលទៅ​លួច​កាប់​ព្រៃឈើ​ក្នុង​ដែន​ការពារ ដោយ​អៈ​អាង​ថា​ជា​ឈើ​ក្នុង​គម្រោង​ដី​សម្បទាន​សេដ្ឋកិច្ច​របស់ខ្លួន​។ ទី​២ មាន​ករណី​មាន​មេខ្យល់​ចាំ​បញ្ជា​ទិញ​ពី​ប្រជាពលរដ្ឋ ដែល​រស់​នៅតាម​តំបន់​ការពារ និង​ទី​៣ មាន​ឈ្មួញ​ទុច្ចរិត​មួយចំនួន បាន​ទៅ​សូកប៉ាន់​ដល់​មន្ត្រី​មូលដ្ឋាន ដើម្បី​ចូលទៅ​កាប់​ព្រៃ​ក្នុង​តំបន់​ការពារ​តែម្ដង​។ 

 
​លោក ហេង ស្រស់ ដែល​ធ្វើការ​តាមដាន​លើ​រឿងនេះ បាន​និយាយថា តំបន់​ដែល​កាប់​ឈើ​យ៉ាងសកម្ម​នោះ មាននៅ​ជួរ​ភ្នំក្រវាញ​, ព្រៃ​ឡង់​, ខេត្តពោធិ៍សាត់​, ព្រះវិហារ​, ក្រចេះ​, ស្ទឹងត្រែង​, មណ្ឌលគិរី​, រតនគិរី​។ ក្រុមការងារ​របស់លោក​បាន​រកឃើញថា ក្នុង​ខេត្តមណ្ឌលគិរី​មាន ៧ ក្រុមហ៊ុន​, រតនគ​រី មាន​១ ក្រុមហ៊ុន​, ព្រះវិហារ​មាន ២ ក្រុមហ៊ុន ,​ស្ទឹងត្រែង​មាន​២ ក្រុមហ៊ុន និង​ក្រចេះ មាន​ចំនួន ១ ក្រុមហ៊ុន ដែល​កំពុងធ្វើការ​កាប់​បំផ្លាញ​ព្រៃឈើ​តាមរយៈ​ដី​សម្បទាន​សេដ្ឋកិច្ច​។ 
 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ សកម្មជន​បរិស្ថាន​រូ​ប​នេះ បាន​និយាយ​ដូច្នេះ​ថា​៖« យើង​កំពុងតែ​ស្រាវជ្រាវ ដោយសារតែ​ការកាប់បំផ្លាញ​ព្រៃឈើ​នៅតែ​មានការ​មមាញឹក​ខ្លាំង ហើយ​យើង​កំពុងតែ​តាមដាន​ថា​នរណា​ជា​មេខ្លោង នៅ​ពី​ក្រោយខ្នង​នៃ​ការកាប់បំផ្លាញ និង​បញ្ជា​ទិញ​ឈើ​ទាំងនោះ​»​។ 
 
​បើតាម​លោក ហេង ស្រស់ កាលពី​ឆ្នាំ​២០១៨ មានការ​ដឹកឈើ​ចេញ​ប្រមាណ ២០ រថយន្ត​ធំ ក្នុង​រយៈពេល​មួយ​ម៉ោង ដែល​ក្នុង​មួយ​ឡាន​មាន​ផ្ទុក​ឈើ​ចន្លោះ​ពី ៥០ ទៅ ៦០ ម៉ែត្រគូប​។​


រូបពីហ្វេសប៊ុកអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (WildlifeAlliance)
 
​ចំពោះ​ការ​របាយការណ៍​របស់​សហគមន៍​ព្រៃ​ឡង់ និង​អ្នកការពារ​បរិស្ថាន​ទាំងនេះ ត្រូវបាន​ក្រសួងបរិស្ថាន​ច្រានចោល​។ លោក នេត្រ ភក្ត្រា បានចាត់ទុក​ការលើកឡើង​របស់​សកម្ម​ជន​ការពារ​ព្រៃឈើ​នេះ​ថា គ្រាន់តែ​ជាការ​បំប៉ោង​ទិន្នន័យ​ឱ្យគេ​ចាប់អារម្មណ៍​និង​មាន​របៀបវារៈ​នយោបាយ​នៅ​ពីក្រោយ ដើម្បី​ធ្វើឱ្យ​សាធារណៈមតិ​យល់ច្រឡំ និង​មាន​ចេតនា​បំផ្លាញ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា ក្នុង​ការងារ​និង​អភិរក្ស​ធនធានធម្មជាតិ​ប៉ុណ្ណោះ​។ 
 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក នេត្រ ភក្ត្រា បាន​និយាយ​ដូច្នេះ​ថា​៖«​ក្រសួងបរិស្ថាន ទទួលស្គាល់ថា​នៅមាន​បទល្មើស​ទ្រង់ទ្រាយ​តូច​នៅ​កើតឡើង​នៅឡើយ​ក្នុង​តំបន់​អភិរក្ស ដែល​ចាំបាច់​ត្រូវ​ចាត់វិធានការ​បន្ត​ក្នុងការ​បង្ក្រាប​ជា​បន្តបន្ទាប់ ។​ហើយ​ជា​លទ្ធផល​នៅ​ឆ្នាំ ២០១៨ កន្លងទៅ បទល្មើស​ធនធានធម្មជាតិ​មានការ​ធ្លាក់ចុះ​នៅក្នុង​តំបន់​ព្រៃ​ឡង់ មិន​ដូច​អ្វីដែល​ក្រុម​បណ្តាញ​ព្រៃ​ឡង់​លើកឡើង​នោះទេ​។ ក្រសួងបរិស្ថាន​នៅតែ​បន្ត​ស្វាគមន៍​ចំពោះ បណ្តាញ​សហគមន៍​ព្រៃ​ឡង់​ក្នុងការ​ល្បាត​រួមគ្នា​ដើម្បី​ទប់ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ »​។​
 
​ចំពោះ​បញ្ហា​ព្រៃឈើ​នៅលើ​ដី​សម្បទាន​វិញ លោក នេត្រ ភក្ត្រា បាន​អះអាងថា គ្មាន​ការកាប់បំផ្លាញ​ព្រៃឈើ តាមរយៈ​គម្រោង​ដី​សប្បទាន​សេដ្ឋកិច្ច​នោះទេ ព្រោះ​រដ្ឋាភិបាល​បាន​បញ្ឈប់​ការផ្តល់​ដី​សប្បទាន​សេដ្ឋកិច្ច​តាំងពី​ឆ្នាំ​២០១២ មក​ម្លេះ​។ លោក​បន្តថា គម្រោង​ដី​សម្បទាន​ដែល​នៅមាន​សកម្មភាព​នោះ គឺជា​ក្រុមហ៊ុន​ដែល​បានទទួល​សិទ្ធ​អនុញ្ញាត​ពី​រដ្ឋាភិបាល មុន​ឆ្នាំ​២០១២ ហើយ​ជា​ប្រភេទ​ដី​មានព្រៃ​រេចរឹល ដែល​ក្រុមហ៊ុន​ត្រូវ​ធ្វើការ​បោសសម្អាត ដើម្បី​ធ្វើការ​វិនិយោគ​របស់​ពួកគេ​។ បន្ថែម​ពីនេះ​លោក ភក្ត្រា ក៏​ជំរុញ​សកម្មជន​ការពារ​បរិស្ថាន និង​ព្រៃឈើ​ទាំងនោះ បង្ហាញ​ភស្តុតាង​ផងដែរ បើសិនជា​រកឃើញថា មាន​មន្ត្រី​បរិស្ថាន ឬ​អាជ្ញាធរ​ពាក់ព័ន្ធ បាន​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​ជួញដូរ និង​កាប់​ឈើ​ខុសច្បាប់​។​


រូបពីហ្វេសប៊ុកអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (WildlifeAlliance)
 
«​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​ក្រសួងបរិស្ថាន​បាន​លះបង់​សព្វបែបយ៉ាង​ក្នុងនាម​ជា​ឆ្មាំ​ការពារ​ធម្មជាតិ យើង​មិន​អនុញ្ញាតឱ្យ​ក្រុម​ជនខិលខូច​បង្ខូចកេរ្តិ៍​ឈ្មោះ ឬ​លាប​ពណ៌​ពួកគាត់​អាក្រក់​ឡើយ​។ ហើយ​ប្រសិនបើ​មាន​ភស្តុតាង​អំពី​ការជាប់​ពាក់ព័ន្ធ​របស់​មន្ត្រី​រប​ស់​ក្រសួងបរិស្ថាន​នឹង​បទល្មើស​ណាមួយ សូម​បញ្ជូន​ឯកសារ​ភស្តុតាង​មកកាន់​ក្រសួង ដើម្បី​ក្រសួង​ពិនិត្យ និង​ធ្វើ​អធិការកិច្ច​លើ​កិច្ចការ​ទាំងនេះ ជាជាង​ធ្វើការ​ចោទប្រកាន់​ដោយ​គ្មាន​ភស្តុតាង​ក្នុង​ចេតនា​មួលបង្កាច់ បង្ខូច​កេរ្តិ៍ឈ្មោះ បំផ្លាញ​សេចក្តីទុកចិត្ត​របស់​ព​ល​រដ្ឋ​មកលើ​អាជ្ញា​ធរមាន​សមត្ថកិច្ច​»​។ នេះ​ជា​អះអាង​របស់​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​។​
 
​បើតាម​លោក នេត្រ ភក្ត្រា ការកាប់បំផ្លាញ​ព្រៃឈើ​មានការ​ធ្លាក់ចុះ​២០​ភាគរយ​នៅ​ដើមឆ្នាំ​២០១៩​នេះ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំ​២០១៨​។ ការងារ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ក្នុង​តំបន់ការពារធម្មជាតិ កាលពី​ឆ្នាំ​២០១៨ អាជ្ញាធរ​បាន​បង្ក្រាប និង​ដកហូត​វត្ថុតាង​បទល្មើស​រួមមាន​៖ ឃាត់​ឈើ​អារ (៥២.០៩​ម៉ែត្រគូប +៧​ដុំ +២០៨​សន្លឹក​+៧​ផ្លាន​) ,​ឃាត់​ឈើមូល (២០.២១១​ម​៣ +៥១​ដុំ +៤៩​កំណាត់​+១៥​សន្លឹក​+៩​ផ្លាន​+ ៧២​គីឡូក្រាម​), ឃាត់​ឈើប្រណិត ៦.០០៣​ម៉ែត្រគូប​, ប្រមូល​អន្ទាក់​ចាប់​សត្វ ស្នា​តេះ​ចំនួន ២៥៧១​ខ្សែ , ចាប់បាន​រថយន្ត ម៉ូតូ ៤៣​គ្រឿង​, បាន​ឃាត់ និង​ដកហូត​រណារយន្ត​(​ម៉ាស៊ីន​ត្រង់​សូ​ន័​រ​) ចំនួន ១០៨​គ្រឿង​, រណារ​ដៃ​ចំនួន ១៨៦​គ្រឿង រួមទាំង​បាន​អប់រំ​មនុស្ស​ចំនួន ៤៩​នាក់ និង​ធ្វើ​កិច្ចសន្យា​ចំនួន​៥៣​នាក់​។​
 
​ស្ថាបនិក​នៃ​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ (WildlifeAlliance)  អ្នកស្រី Suwanna Gauntlett ដែល​បាន​សហការ​ជាមួយ​ក្រសួងបរិស្ថាន​នោះ បាន​និយាយថា ក្នុង​រយៈពេល​២​ឆ្នាំ​ចុង​ក្រោយនេះ ក្រុម​អភិរក្ស​របស់​អង្គការ បាន​រឹបអូស​បាន​រណា​យន្ត​ពី​អ្នក​កាប់​ឈើ​ខុសច្បាប់​ចំនួន ២៣០០ គ្រឿង​។ អង្គការ​មួយ​នេះ​បាន​ប៉ាន់​ស្មានថា រណា​យន្ត​មួយ អាច​បំផ្លាញ​ព្រៃ​ចំនួន​១ ហិកតា នៃ​ចំនួន​ព្រៃ​ត្រូពិច ២,៤៧ ហិច​តា​។​
 
​គួរ​បញ្ជាក់ថា តំបន់​ការពារ​ធនធានធម្មជាតិ​ដែល​ក្រសួងបរិស្ថាន បាន​កំពុង​គ្រប់គ្រង​មាន​ទំហំ​ជាង ៧ លាន​ហិកតា ជាមួយនឹង​មន្ត្រី​ឧទ្យាន​នុ​រក្ស ១២២០​នាក់ និង​អង្គការក្រៅរដ្ឋាភិបាល​ជាច្រើន​ទៀត ក្នុងការ​អភិរក្ស​ធន​ធាន​ធម្មជាតិ​។ នេះ​បើតាម​ក្រសួងបរិស្ថាន​៕

Tag:
 ព្រៃឈើ​
  ភ្នំក្រវាញ​
  កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com