អន្តរជាតិ
កំហុសបច្ចេកទេស! រដ្ឋមន្ត្រីប៉ាគីស្ថាន មានត្រចៀក និងពុកមាត់ឆ្មា ក្នុង Facebook Live ពេលសន្និសីទកាសែត
× នៅប៉ាគីស្ថាន លោក Yousuf Shaukat Zai រដ្ឋមន្ត្រីព័ត៌មានប្រចាំខេត្ត Khyber Pakhtunkhwa និងជាសមាជិកគណបក្សកាន់អំណាច PTI បានថ្លែងបើកសន្និសីទសារព័ត៌មាន ដោយមានការផ្សាយផ្ទាល់ផងដែរតាមបណ្តាញសង្គម។ បណ្តាសារព័ត៌មានមិនបានរាយការណ៍ពីខ្លឹមសារនៃសន្និសីទសារព័ត៌មាននោះឡើយ ប៉ុន្តែពួកគេបែជាចាប់អារម្មណ៍លើរូបភាពដែលផ្សាយផ្ទាល់ទៅវិញ។
សន្និសីទសារព័ត៌មាន បានល្បីល្បាញពេញបណ្តាញសង្គម ដោយសារតែមន្ត្រីទទួលបន្ទុក Facebook Live ច្រឡំបើកកម្មវិធី Filter រូបភាព ដែលធ្វើឲ្យរដ្ឋមន្ត្រីមានត្រចៀក និងពុកមាត់ឆ្មា នៅពេលដែលគាត់កំពុងថ្លែងទៅកាន់អ្នកសារព័ត៌មាន។ Filter រូបឆ្មាដោយស្វ័យប្រវត្តិក៏បានចាប់ចំមុខមន្ត្រីម្នាក់ទៀតផងដែរ។
ក្រោយការចែករំលែកពេញបណ្តាញសង្គម ទំព័រហ្វេសប៊ុកផ្លូវការគណបក្ស PTI បានសម្រេចលុបវីដេអូសន្និសីទសារព័ត៌មាននោះចោល ដោយចេញសេចក្តីថ្លែងការណ៍អះអាងថា វាជាកំហុសរបស់មនុស្ស។ គណបក្សបានអះអាងពីចំណាត់ការ ដើម្បីកុំឲ្យមានករណីនេះ កើតឡើងម្តងទៀតនាពេលអនាគត។
ជាមួយនឹងរូបភាពដែលថត (capture) ទុក បុរសម្នាក់ បានសរសេរបែបចំអកនៅលើ Twitter ថា គណៈរដ្ឋមន្ត្រីប៉ាគីស្ថាន មានឆ្មាធ្វើការហើយ៕
Tag:
ប៉ាគីស្ថាន
Facebook Live
© រក្សាសិទ្ធិដោយ thmeythmey.com