ជាតិ
បទយកការណ៍ / បទសម្ភាសន៍
របរ​ចាប់​ចង្រិត​ចំណាយ​តិច តែ​ផ្ដល់​ចំណូល​ច្រើន​ល្មម​ដល់​ពលរដ្ឋ
19, Jun 2019 , 8:09 am        
រូបភាព
​កណ្ដាល​៖ មុខរបរ​ចាប់​សត្វ​ចង្រិត​ជា​របរ​បន្ទាប់បន្សំ​តែ​ពេញនិយម ដែល​អាច​រកប្រាក់​ចំណូល​បាន​គួរសម​។ អ្នកភូមិ​ព្រែក​ដាច់​នា​ខេត្តកណ្ដាល​មួយចំនួន បាន​ចាប់​អាជីព​នេះ  ដោយ​ចំណាយ​ដើម​តិច តែ​ចំណេញ​ច្រើន ហើយ​មាន​ទីផ្សារ និង​មាន​រយៈពេល​វែង​ក្នុងការ​ប្រមូល​ផល​។​


 
​ចង់ដឹង​ច្បាស់​ពីមុខរ​បរចាប់​សត្វ​ចង្រិត ថា​មាន​ដំណើរការ​បែបណា​នោះ តទៅ​នេះ​សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបចំ​ដោ​យក​ញ្ញ ប៉ូ សា​គុន ដូចតទៅ​៖



 
​ម៉ូតូ​ជាច្រើន​គ្រឿង​បានធ្វើ​ដំណើរ​បន្តកន្ទុយ​គ្នា ចេញពី​ភូមិ​ព្រែក​ដាក់ ឃុំ​ព្រែក​ដាច់ ស្រុក​លើកដែក​ខេត្តកណ្ដាល នា​ម៉ោង​ប្រមាណ​៥​កន្លះ​ល្ងាច ឆ្ពោះទៅ​ដី​បឹង​ដែលមាន​ឈ្មោះថា ព្រៃ​កោះ ដោយ​ស្ថិតនៅ​ខាងក្រោយ​ភូមិ ប្រហែល​ជិត​មួយ​គីឡូម៉ែត្រ​។​
 
​ការងារ​ដំបូង​របស់​អ្នក​ចាប់​ចង្រិត គឺ​ត្រូវ​ដើរ​មើល​តាប​ចង្រិត​។ តាប​ចង្រិត​នោះ គឺ​សំដៅលើ​កន្លែង​ចាប់​ចង្រិត ។ ចំពោះ​របៀប​ចាប់​ចង្រិត​វិញ គេ​យក​កៅស៊ូ​ដែលមាន​ទទឹង​ជិត​១​ម៉ែត្រ​និង​បណ្ដោយ​ជាង​១​ម៉ែត្រ ទៅ​ចងភ្ជាប់​នឹង​បង្គោល​ឫស្សី​ពីរ​ដើម ដែល​គេ​ដាំ​លើដី ដោយ​ឃ្លាត​ពីគ្នា​ប្រហែល​មួយ​ម៉ែត្រ​កន្លះ ។ ហើយ​កៅស៊ូ​នោះ ត្រូវយក​ក្រាល​ឲ្យ​ខ្ពស់​ពី​ដី​ដែល​គេ​បាន​ឈូស​រាបស្មើ កម្ពស់​ប្រហែល​មួយ​ចំអាម​រួច សឹម​ដាក់​ទឹក​ចូលទៅក្នុង​កៅស៊ូ​នោះ​។ ជាមួយគ្នា​គេច​ង់​អំពូល​ភ្លើងពណ៌​ប្រវែង​ប្រហែល​មួយ​ម៉ែត្រ​កន្លះ នៅ​នឹង​បង្គោល​តាប​ផ្នែក​ខាងលើ​។ ក្រោយ​រៀបចំ​រួចរាល់ គេ​ដើរ​មើល​ទឹក​នៅក្នុង​តាប​ទាំងនោះ ក្រែង​មាន​ខ្វះខាត នឹង​បានដាក់​បំពេញបន្ថែម ឱ្យបាន​មុន​ថ្ងៃ​លិច​។ គេ​ក៏​ដើរ​មើល​អំពូល​ភ្លើង​ដែរ ក្រែង​ដាច់​ខ្សែ​ភ្ជាប់​ចរន្ត​។​
 
​គ្រាន់តែ​ព្រះអាទិត្យ​ចាប់ផ្ដើម​បាត់​រូបរាង​ភ្លាម សំឡេង​ម៉ាស៊ីនភ្លើង​ក៏​ចាប់ផ្ដើម​លាន់ឮ​រំពង ហើយ​អំពូល​ចម្រុះ​ពណ៌ មាន​ទាំង​ពណ៌​ខៀវ លឿង សរ និង​ក្រហម​ស្រាល ភ្លឺ​ព្រោងព្រាត ទាំង​ខ្សែៗ ពេញ​វាល​និង​ព្រៃ​។ 
 
​អ្នក​ប្រក​បរបរ​នេះ​ដឹង​យ៉ាងច្បាស់​ពី​ដំណើរ​របស់​សត្វ​ចង្រិត​។ ៖«​ធ្លាក់​សត្វល្អិត​មួយសន្ទុះ ទើប​មាន​ចង្រិត​ធ្លាក់​»​។ នេះ​ជា​សំដី​របស់លោក ឃឿន ឌឿ​ន ដែល​ឆ្លើយ​ប្រាប់​ខ្ញុំ​ក្នុងពេលដែល​សត្វល្អិត​ហើរ​មក​ប៉ះ​នឹង​កៅស៊ូ​ចាប់​ចង្រិត​នា​ម៉ោងជាង​៦​ល្ងាច​។​
 
​នៅ​ម៉ោង​ប្រមាណ​ជា​៧​យប់​លោក ឃឿន ឌឿ​ន ជាមួយនឹង​កូនប្រុស​ម្នាក់ទៀត នៅតែ​បន្ត​ដើរ​មើល​អំពូល​ភ្លើង​ណា​ដែល​ដាច់​ចរន្ត និង​ដើរ​មើល​តាម​តាប​ចង្រិត ដើម្បី​ដឹងថា​ថ្ងៃនេះ​មាន​ចង្រិត​ធ្លាក់​ច្រើន​ឬក៏​តិច នៅក្រោម​ព្រះ​ចន្ទ​ថ្ងៃ​៩​កើត ដែលមាន​ពពក​ខ្មៅ​បាំងបិទ​ពន្លឺ​នោះ​។ ជាធម្មតា​បើសិនជា​ចង្រិត​ធ្លាក់​ច្រើន លោក​រួមទាំង​កូន​មិនបាន​សម្រាន្ត​ឡើយ ពោលគឺ​ពេញ​មួយ​យប់​នេះ លោក ឌឿ​ន ត្រូវ​ដើរ​ដង​ចង្រិត​ចេញពី​ក្នុង​តាប ដើម្បីឱ្យ​ចង្រិត​ថ្មី​ដែល​មកលេង​អំពូល​ភ្លើង​ធ្លាក់ចូល​ទៀត​។ តែបើ​ចង្រិត​មិនសូវ​ធ្លាក់​ទេ លោក​មាន​ពេល​សម្រាន្ត​នៅក្នុង​រោង​ចាំចម្ការ​ដែល​នៅក្បែរនោះ​។



 
«​បើសិនជា​ចង្រិត​ធ្លាក់​ខ្លាំង​ត្រូវ​នៅ​ដើរ​មើល​ទល់​ភ្លឺ​។ ថ្ងៃនេះ​ច្បាស់​ជា​ត្រូវ​ខ្លាំង​ហើយ ព្រោះ​មាន​សត្វ​កវែង​ធ្លាក់​ខ្លាំង​។ សត្វ​ហ្នឹង​ដូចជា​មេ​គេ វា​នាំមុខ​សត្វ​ផ្សេងៗ​»​។ លោក ឌឿ​ន ពន្យល់​ពី​ការមើល​ពី​ដំណើរ​របស់​សត្វ​ចង្រិត​។​
 
​អំពូល​ដាក់​ចង្រិត​ដែលមាន​៥០​អំពូល​របស់លោក ឌឿ​ន ដែលជា​កសិករ​ផង ជាជាង​សំណង់​ផង និង​ជា​អ្នកនេសាទ​ផង​នោះ អាច​រកប្រាក់​បាន​ប្រមាណ​៧០​ម៉ឺន​រៀល​ក្នុង​មួយខែ ក្រោយពី​ការចំណាយ​ប្រចាំថ្ងៃ​រួច​។ លោក​បន្ថែម ៖«​ក្នុង​មួយខែ​ខ្ញុំ​អាច​នៅសល់​ប្រាក់​ប្រហែល​ពី​៥០​ម៉ឺន​រៀល​ដល់​៧០​ម៉ឺន​រៀល​»​។​
 
​ទើបតែ​ដើរ​មើល​តាប​ដាក់​ចង្រិត​រួច លោក ប៉ិច សម្បូរ បាន​ដើរមក​អង្គុយ​ក្នុង​រោង​ប្រក់​ស័ង្កសី​ធំ​ល្មម​ដែល​សង់​នៅ​ជិត​ផ្លូវ​ទំនប់​ក្បែរ​មាត់​ប្រឡាយ ដើម្បី​ពិភាក្សាគ្នា​ពី​ការដាក់​ចង្រិត​កាលពី​យប់មិញ​។ លោក សម្បូរ ដែល​អង្គុយ​នៅលើ​រោង​ក្បែរ​មាត់​ប្រឡាយ​ជិត​តាប​ចង្រិត​របស់ខ្លួន បានបង្ហាញ​ពី​អារម្មណ៍​ស្ដាយក្រោយ​ដូច្នេះ​ថា​៖«​យប់មិញ​បើ​បានដាក់​ប្រហែល​បាន​១០០​គីឡូ តែ​ខ្ញុំ​មិន​បានមក​ដាក់ ព្រោះ​ភ្លៀង​ដល់​កណ្ដាលយប់​ទៅហើយ​។ ពេល​ភ្លៀង​ទើប​ចង្រិត​ធ្លាក់​ច្រើន​»​។


 
​ក្នុង​អាយុ​៥៨​ឆ្នាំនេះ លោក សម្បូរ ដាក់​អំពូល​ចាប់​ចង្រិត​ចំនួន​៧០​អំពូល និង​មាន​ម៉ាស៊ីនភ្លើង​មួយ​សម្រាប់​ផ្ដល់​ចរន្ត​អគ្គីសនី​ទៅ​អំពូល​ទាំងនោះ​។ « អ្នកខ្លះ​មាន​ម៉ាស៊ីនភ្លើង​ដល់​ទៅ​៣ ហើយ​មាន​អំពូល​១៥០​អំពូល​ឯណោះ​»​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់លោក សម្បូរ​។​
 
​ក្នុង​មួយឆ្នាំ​លោក សម្បូរ អាច​សល់​ប្រាក់​ប្រមាណ​ជា​២​ពាន់​ដុល្លារ ពីរ​បរចាប់​ចង្រិត ក្រោយពី​ផាត់​ការចំណាយ​រួច​៖«​ក្នុង​មួយឆ្នាំ​នៅសល់​ប្រហែល​១​ពាន់​ទៅ​២​ពាន់​ដុល្លារ​ដែរ​។ របរ​នេះ​មិន​ហត់​ទេ ធ្វើ​ទៅតាម​កម្លាំង​របស់​យើង​ហ្នឹង​។ ខ្ញុំ​ជួល​គេ​ឆាយដី បោះ​កៅស៊ូ  រៀបចំ​ចប់សព្វគ្រប់​ក្នុង​៧០​អំពូល​អស់​តែ​ប្រហែល​៣០​ម៉ឺន​។ ខ្ញុំ​ដាក់​ចង្រិត​ត្រូវ​តែមួយ​យប់ រួចខ្លួន​វិញ​ហើយ​»​។​
 
​សម្រាប់​អ្នក​ដែល​ចាប់​សត្វ​ចង្រិត​ដោយ​ដាក់​អំពូល​នៅ​ភូមិ​ព្រែក​ដាច់ គឺ​ភាគច្រើន​គេ​ដាក់​សាប៊ូ​លាងចាន​ទៅក្នុង​ទឹក​នោះ ដើម្បីឱ្យ​សត្វ​ចង្រិត​ទន់​ស្លាប​ហើរ​មិន​រួច ក្រោយ​ធ្លាក់​ចូលក្នុង​ទឹក ។ លោក សម្បូរ បាន​អះអាងថា សាប៊ូ​នោះ​មិន​ធ្វើឱ្យប៉ះពាល់​ដល់​សុខភាព​អ្នក​ទទួលទាន​ឡើយ​។ លោក​បញ្ជាក់​ដូច្នេះ​៖«​ដាក់​សាប៊ូ​លាងចាន​ទើប​វា​នៅ ព្រោះ​វា​ទទឹកស្លាប​។ បើ​មិន​ដាក់​វា​ហើរ​ចេញ​ហើរ​ចូល​ហ្នឹង​។ មុន​យក​ឱ្យ​ឈ្មួញ​ខ្ញុំ​លាង​២​ទឹក​ហ្នឹង​ស្អាត​ហើយ ស៊ា​ប៊ូ​នេះ​វា​មិន​នៅ​កាន់​យូរ​ទេ​»​។​
 
​មុខរបរ​ដែល​បុរស​កូន​៩​នាក់​រូបនេះ​អះអាងថា​មិនសូវ​ហត់ តែ​អាច​រកចំណូលបាន​គួរសម​នោះ មាន​ឈ្មួញកណ្ដាល​មក​ចាំ​ប្រមូល​ទិញ​ដល់ផ្ទះ​រាល់ថ្ងៃ​៖«​ឈ្មួញកណ្ដាល​មក​ដណ្ដើម​គ្នា​ទិញ​។ ព្រលឹម​ឡើង​គេ​មក​ចាំ​នៅផ្ទះ​ហើយ​។ បើ​ត្រូវ​ខ្លាំង​តែ​ម៉ោង​២​ទៅ​ម៉ោង​៣​ភ្លឺ​គេ​មក​ចាំ​ថ្លឹង​ទៅ​អស់ហើយ​។ ចង្រិត​ក្រហម​គេ​មក​ទិញ​ក្នុងតម្លៃ​២៨,០០០​រៀល ហើយ​ចង្រិតដែក​តម្លៃ​៣​ទៅ​៤​ពាន់​រៀល​។ រាល់​ឆ្នាំ​ចង្រិតដែក​បាន​តម្លៃ​ដល់​ទៅ​៧​ទៅ​៨​ពាន់​ឯណោះ​។ ឆ្នាំនេះ​ថោក​ព្រោះតែ​មនុស្ស​គេ​ជ្រួល​ដាក់​ច្រើនពេក​។ នៅ​ព្រែក​ដាច់​គេ​ដាក់​សឹង​ទាំង​អស់ហើយ​ហ្នឹង​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក សម្បូរ​។​
 
​អ្នកស្រី ស៊ែ​ង ចាន់ថា ដែល​កំពុង​ញាប់ដៃ​លក់​ភេសជ្ជៈ​នៅខាងមុខ​ផ្ទះ​នោះ  គឺជា​ឈ្មួញកណ្ដាល​ប្រមូល​ទិញ​ចង្រិត​ពី​អ្នកភូមិ បាន​ប្រាប់​ពី​តម្លៃ​លក់​ចង្រិត​បន្តថា ៖«​ខ្ញុំ​យកទៅឱ្យ​ឈ្មួញ​ដល់ផ្ទះ​។ ក្នុង​មួយ​គីឡូ​ខ្ញុំ​យកចំណេញ​ពី​៣​រយ​រៀល​ទៅ​៥​រយ​រៀល​»​។


 
​ស្ត្រី​វ័យ​៣៧​ឆ្នាំ​រូបនេះ យក​ចង្រិត​ដែល​ប្រមូល​ទិញ​បាន​នោះ ទៅ​លក់​ឱ្យ​អាជីវករ​ដែល​បំពង​លក់​តាម​រោងចក្រ​និង​នៅតាម​ផ្សារ ហើយ​បើសិន​ជាមាន​ចង្រិត​ច្រើន អ្នកស្រី​យកទៅលក់​ឱ្យ​ឈ្មួញ​ធំ​ដែល​នៅ​ផ្សារ​អ្នក​លឿង​។ អ្នកស្រី​បញ្ជាក់​៖«​អ្នកទិញ​យកទៅ​បំពង​ក្នុង​ម្នាក់​គេ​យក​ពី​១០​ទៅ​២០​គីឡូ​។ បើ​ឈ្មួញ​ធំ​មាន​ប៉ុន្មាន​ក៏​គេ​យក​ដែរ​»៕







Tag:
 សត្វ​ចង្រិត​
  មុខរបរ​
 ​កសិករ​
© រក្សាសិទ្ធិដោយ thmeythmey.com