កីឡាជាតិ
ជាតិ
ពាន​សម្តេច ហ៊ុន សែន ត្រូវ​លើក​ពេល​ប្រកួត ដើម្បី​ទុកពេល​ឲ្យ​ក្លិប​ដោះដូរ​កីឡាករ​
19, Jun 2019 , 8:59 am        
រូបភាព
ដោយ:
​ការប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់​សម្តេច ហ៊ុន សែន ថ្នាក់ជាតិ ដែល​គ្រោង​ប្រកួត​នៅ​ថ្ងៃ​ពុធ ស្អែក​នេះ ត្រូវ​លើក​ពេល​ទៅ​ប្រកួត​សប្តាហ៍​ក្រោយ​។ ការលើក​ពេល​ប្រកួត​នេះ គឺ​ដើម្បី​ទុកពេល​ឲ្យ​ក្លិប​ទាំង​១៦​រៀបចំ​បញ្ជី​ឈ្មោះ​កីឡាករ​ក្នុង​រដូវ​កាល​ដោះដូរ​កីឡាករ​ឲ្យ​បាន​រួចរាល់ ព្រោះ​អាចមាន​ក្លិប​មួយចំនួន​មានការ​ផ្លាស់ប្តូរ​កីឡាករ​។

 
​ពាន​សម្តេច ហ៊ុន សែន ថ្នាក់ជាតិ​វគ្គ​១៦​ក្រុម​ចុងក្រោយ ដែល​គ្រោង​ចាប់ផ្តើម​ប្រកួត​នៅ​ថ្ងៃ​ពុធ ទី​១៩ មិថុនា ត្រូវ​លើក​ពេល​ទៅ​ប្រកួត​នៅ​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៩​។ នេះ​បើ​ការបញ្ជាក់​របស់​គណៈកម្មកា​រ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា​(CNCC)​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន ដែល​ចេញផ្សាយ​កាលពី​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៩​។​
 
​សេចក្តីប្រកាស​ព័ត៌មាន​ចុះហត្ថលេខា​ដោយ​លោក ឆាំង ពិសិដ្ឋ លេខា​ប្រតិបត្តិ CNCC បានបញ្ជាក់​ពី​ហេតុផល​នៃ​ការលើក​ពេល​ប្រកួត​នេះ​ថា គឺ​ដើម្បី​ទុកពេល​ឲ្យ​ក្លិប​ទាំង​១៦​រៀបចំ​ការចុះបញ្ជីឈ្មោះ​កីឡាករ​ឲ្យ​បាន​រួចរាល់ ក្នុងអំឡុងពេល​ដោះដូ​កីឡាករ​ជើង​ទី​២​សម្រាប់​ការប្រកួត​ក្របខណ្ឌ​ខេ​ម​បូ​ឌា​ន​លី​គ​។ ការដោះដូរ​កីឡាករ​សម្រាប់​ជើង​ទី​២ នឹង​ប្រព្រឹត្តទៅ​ចន្លោះ​ពីថ្ងៃ​ទី​២០ មិថុនា ដល់​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០១៩​។ 
 
​ក្រុម​ទាំង​១៦​ខាងលើ​រួមមាន ព្រះខ័ន​រាជ​ស្វាយរៀង បឹងកេត វិសាខា ភ្នំពេញ​ក្រោ​ន អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ អង្គ​រថា​យ​ហ្គឺ​រ ណាហ្គា​វើ​ល សូល​ទី​ឡូ​អង្គរ អាស៊ី​អឺរ៉ុប អគ្គិសនី​កម្ពុជា គីរីវង់​សុខ​សែន​ជ័យ កំពង់ចាម និង​ក្រុម​ឡើង​មកពី​ថ្នាក់​ខេត្ត​ដូចជា​ត្បូងឃ្មុំ សៀមរាប និង​រតនគីរី​៕   

Tag:
 Hun Sen Cup 2019
  CNCC
© រក្សាសិទ្ធិដោយ thmeythmey.com