ONE Championship
កីឡាជាតិ
ជាតិ
អតីត​ជើងឯក​ពិភពលោក Albert Veera Chey ចូលរួម​ជាមួយ​សហព័ន្ធ​កីឡា​យុទ្ធ​គុន​ចម្រុះ​កម្ពុជា​
18, Jun 2019 , 10:19 pm        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី​

​កូន​ខ្មែរ​នៅ​បារាំង Albert Veera CHEY វ័យ​៣៦​ឆ្នាំ ដែលជា​អតីត​កីឡាករ​ប្រដាល់​ធ្លាប់​គ្រង​ខ្សែក្រវាត់​កម្រិត​ពិភពលោក​បានសម្រេច​ម​ក​ចូលរួម​ជាមួយ​សហព័ន្ធ​កីឡា​យុទ្ធ​គុន​ចម្រុះ​កម្ពុជា (CMMAF) ជា​ផ្លូវការ​នាពេល​ថ្មីៗ​នេះ​។​


 
 ម្ចាស់​ខ្សែក្រវាត់ Europe Championship, France Champion Professional, World Champion Amateur និង​ធ្លាប់​ឈ្នះ​ខ្សែក្រវាត់​នៅ​ប្រទេស​ថៃ​ទម្ងន់ ៥៧ គីឡូក្រាម​នោះបាន​បើក​ក្លិប​ប្រដាល់​ផ្ទាល់ខ្លួន​នៅ​ប្រទេស​បារាំង ឈ្មោះ Veera Boxing Gym ឬ The Temple Bordeaux បន្ទាប់ពី​ការផ្អាក​ឡើង​សង្វៀន​ប្រដាល់​។ ប៉ុន្តែ​ការចុះឈ្មោះ​ស្ថិតក្រោម CMMAF នេះ​បាន​បើកផ្លូវ​ឲ្យ​រូបគេ​អាច​ប្រកួត​តំណាង​ឲ្យ​កម្ពុជា និង លើក​ទង់ជាតិ​កម្ពុជា​ម្ដង​។ បច្ចុប្បន្ននេះ រូបគេ​មិន​ត្រឹមតែ​ជា​គ្រូបង្វឹក​គុន​ខ្មែរ​នៅ​បារាំង ប៉ុន្តែ ក៏​ហាត់​ក្បាច់គុន​ចម្រុះ​ផងដែរ ក្នុងករណី​ដែល​អាច​ឡើង​ប្រកួត​នៅ​ថ្ងៃ​ខាងមុខ​។ 


 
​ក្រោយ​មានឈ្មោះ​ជា​ផ្លូវការ​ស្ថិតក្រោម CMMAF លោក កែ ប៊ិន​សូរ​ស្មី អនុប្រធាន​សហព័ន្ធ​កីឡា​យុទ្ធ​គុន​ចម្រុះ​កម្ពុជា​បាន​សាទរ​ចំពោះ​កីឡាករ​ល្បីឈ្មោះ​មួយ​នេះ​ដោយ​លើកឡើងថា ៖«​វា​ជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ ព្រោះថា Albert Chey ជា​កីឡាករ​មានឈ្មោះ​បោះ​សំឡេង ក្នុង​ពិភព មួយ​ថៃ និង គុន​ខ្មែរ​។ គាត់​ជា​អតីត​ជើងឯក​កម្រិត​ពិភពលោក​។ គេ [Albert Chey] ឈ្នះ​ការប្រកួត​ជាច្រើន​នៅ​ប្រទេស​ថៃ​នា​សង្វៀន Lumphini និង Rajadamnern ជាដើម​។ គេ​បាន​ប្រើ​ទង់ជាតិ​បារាំង និង វ៉ៃ​តំណាង​ឲ្យ​បារាំង ប៉ុន្តែ​គាត់​ជា​កូន​ខ្មែរ​កើត​នៅ​បារាំង និង​មាន​ឳ​ពុក​ម្ដាយ​ជា​ជន​ខ្មែរ​»​។ បុរស​វ័យ ៣៦ ឆ្នាំ​រូបនេះ​ឈប់​ឡើង​ប្រកួត​មួយ​រយៈកាល​កន្លងទៅនេះ​ដោយសារ​ដោយ​ជាប់​ភារកិច្ច​គ្រប់គ្រង​ក្លិប​របស់ខ្លួន​ខាងលើ​នៅ​ក្រុង Bordeaux ប្រទេស​បារាំង​។

ប៉ុន្តែ​ឥឡូវ ដល់ពេល​ដែល Albert ត្រលប់​មករក​ការហ្វឹកហាត់​ជាថ្មី មិន​ត្រឹមតែ​គុន​ខ្មែរ និង មួយ​ថៃ ប៉ុន្តែ ក៏​ហាត់​ជី​ជិត​ស៊ូ និង គុន​ចម្រុះ​ផង​ដើម្បី​ត្រៀមខ្លួន​មុន​ឡើង​ឡើង​ប្រកួត​កម្រិត​អន្តរជាតិ​តំណាង​ឲ្យ​កម្ពុជា​។​


 
​អនុប្រធាន​សហព័ន្ធ​កីឡា​យុទ្ធ​គុន​ចម្រុះ​ខាងលើ​សង្កត់ធ្ងន់ថា ៖«Albert Chey ជា​កីឡាករ​កម្រិត​អន្តរជាតិ ហើយ​តាមរយៈ​ទំនាក់ទំនង​ល្អ​ជាមួយ​សហព័ន្ធ MMA នៅ​ខ្មែរ យើង​នឹង​អញ្ជើញ​រូបគេ​មក​បង្ហាត់ ឬ ផ្លាស់ប្ដូរ​បទពិសោធន៍​ជាមួយ​កីឡាករ ឬ គ្រូបង្វឹក​នៅ​កម្ពុជា​នាពេល​ឆាប់ៗ​ខាងមុខ​។ ហើយ​ក្លិប​របស់គេ The Temple Bordeaux ជា​ក្លិប​នៅក្រៅ​ប្រទេស​ទី​១ ដែល​ចុះឈ្មោះ​សហការ​ជាមួយ សហព័ន្ធ​កីឡា​យុទ្ធ​គុន​ចម្រុះ​កម្ពុជា​»​។​
 
Albert ដែលមាន​កំណត់ត្រា​ប្រកួត ៧០ ដង​បាន​រៀបចំខ្លួន​ជានិច្ច​ក្នុង​ការឡើង​ប្រកួត​តំណាង​ឲ្យ​កម្ពុជា ម្ដង​បន្ទាប់ពី​ប្រកួត​តំណាង​ឲ្យ​បារាំង​នាពេល​កន្លងមក​។ នៅ​ថ្ងៃមុខ គេ​អាច​ឡើង​ប្រកួត​នៅ​សង្វៀន​កម្រិត​ពិភពលោក ONE និង សង្វៀន​អន្តរជាតិ​នានា​។ 
 
​ក្នុង​ជំហាន​បន្ទាប់ មិន​ត្រឹមតែ​ក្លិប​របស់ Albert ប៉ុន្តែ CMMAF កំពុងធ្វើការ​យ៉ាង​ខ្ជាប់ខ្ជួន​ដើម្បី​គៀងគរ​ក្លិប​ផ្សេងទៀត​ដូចជា​នៅ​អាមេរិក អូស្ត្រាលី និង កាណាដា​ជាដើម​ដើម្បី​ពង្រីក​ក្បាច់គុន​ចម្រុះ​កម្ពុជា​ទៅកាន់​ឆាក​អន្តរជាតិ និង ទទួលបាន​ការប្រកួត​កាន់តែ​ទទួលបាន​លទ្ធផល​ល្អ​៕ 
 

Tag:
 MMA
  Albert Veera Chey
  CMMAF
© រក្សាសិទ្ធិដោយ thmeythmey.com