អន្តរជាតិ
អង់គ្លេស​និង​ចិន​សម្រេចបាន​កិច្ចព្រមព្រៀង​តម្លៃ​ជាង​៦០០​លាន​ដុល្លារ ទោះ​មិនត្រូវ​គ្នា​រឿង​ហុងកុង
18, Jun 2019 , 10:39 pm        
រូបភាព
ឧបនាយករដ្ឋមន្រ្តីចិន ហ៊ូ ឈុនហ័រ ចាប់ដៃរដ្ឋមន្រ្តីហិរញ្ញវត្ថុអង់គ្លេស​ Philip Hammond ។ រូបភាព AFP
ឧបនាយករដ្ឋមន្រ្តីចិន ហ៊ូ ឈុនហ័រ ចាប់ដៃរដ្ឋមន្រ្តីហិរញ្ញវត្ថុអង់គ្លេស​ Philip Hammond ។ រូបភាព AFP
​ជំហរ​របស់​អង់គ្លេស​លើ​វិបត្តិ​នៅ​ហុងកុង មិនបាន​បង្អាក់​ការចុះ​កិច្ចព្រមព្រៀង​រវាង​អង់គ្លេស និង​ចិន​នោះឡើយ​។ កិច្ចព្រមព្រៀង​តម្លៃ​ជាង​៦០០​លាន​ដុល្លារ ត្រូវបាន​យល់ព្រម​អំឡុងពេល​ទស្ស​ន​កិច្ច​របស់​ឧបនាយករដ្ឋមន្ត្រី​ចិន ហ៊ូ ឈុន​ហ័​រ នៅ​ទីក្រុង​ឡុង​ដ៍​កាលពី​ថ្ងៃទី​១៧ ខែមិថុនា​ម្សិលមិញ​។ អង់គ្លេស ដែល​នៅតែ​មិនទាន់​ច្បាស់លាស់​រឿង​លែងលះ​ជាមួយ​សហភាព​អឺរ៉ុប ពិតជា​ត្រូវការ​ទីផ្សារ​ដ៏​ធំ​ចិន​ដើម្បី​ធានា​ការរកស៊ី​ខ្លួន​។ 

 
​ចិន និង​ចក្រភព​អង់គ្លេស សម្រេចបាន​កិច្ចព្រមព្រៀង​តម្លៃ​៦៣០​លាន​ដុល្លារ​ក្នុង​ដំណើរ​ទស្សនកិច្ច​កម្រិត​ខ្ពស់​មួយ​នៅ​អង់គ្លេស​ដោយ​ឧបនាយករដ្ឋមន្ត្រី​ចិន ហ៊ូ ឈុន​ហ័​រ​។ ការសម្រេចបាន​កិច្ចព្រមព្រៀង​នេះ ពិតជា​ធ្វើ​ឲ្យ​អង់គ្លេស​ធូរទ្រូង​ខ្លាំង ដ្បិត​កំពុង​ភ័យព្រួយ​ថា ចិន​អាច​មិន​យល់ព្រម​លើ​កិច្ចព្រមព្រៀង​មាន​ទំហំ​ទឹកប្រាក់​សន្ធឹកសន្ធាប់​នេះ​វិញ បន្ទាប់ពី​អង់គ្លេស​បង្ហាញ​ជំហរ​មិន​ពេញចិត្ត​ចំពោះ​ព្រឹ​ត្ត​ការណ៍​នៅ​ទឹកដី​ហុងកុង​។ 
 
​ស្ថានការណ៍​ហុងកុង ពិតជា​ធ្វើ​ឲ្យ​អង់គ្លេស​ដែលជា​អតីត​ម្ចាស់​អាណានិគម​នៅ​មិន​ស្ងប់ចិត្ត​ឡើយ តែ​ជំហរ​បស់​ទីក្រុង​ឡុង​ដ៍ ក៏​ធ្វើ​ឲ្យ​ប៉េកាំង​ស្រងាកចិត្ត​ដែរ​។ រដ្ឋមន្ត្រីការបរទេស​អង់គ្លេស Jeremy Hunt បាន​ប្រើពាក្យ​ធ្ងន់ៗ​ដាក់​រដ្ឋាភិបាល​ហុងកុង​ដែល​បំបែក​បាតុកម្ម​ផ្ទួនៗ​ប្រឆាំង​សំណើ​ច្បាប់​ធ្វើ​បត្យាប័ន​ទៅ​ចិន​។ លោក Hunt បាន​ប្រាប់​ឲ្យ​រដ្ឋាភិបាល​ហុងកុង​ស្ដាប់​យោបល់​របស់​ប្រជាជន​ហុងកុង និង​មិត្តភក្តិ​បរទេស ហើយ​ត្រូវ​ផ្អាក​សំណើ​ច្បាប់​ដ៏​ចម្រូងចម្រាស​នេះ​។​
 
​ប៉ុន្តែ​ក្រោយ​មេដឹកនាំ​ហុងកុង Carrie Lam ប្រកាស​ព្យួរ​សេចក្ដីស្នើច្បាប់​នេះ​ដោយ​គ្មាន​កាលកំណត់ ប្រមុខ​ការទូត​អង់គ្លេស​ក៏​បែរ​ទៅជា​សរសើរ​ការសម្រេច​ចិត្ត​នេះ​វិញ​។ មន្ត្រី​ទទួលបន្ទុក​ពាណិជ្ជកម្ម​របស់​អង់គ្លេស ពិតជា​បារម្ភ​ចំពោះ​ការលើកឡើង​របស់លោក Hunt អាច​ប៉ះពាល់​ការចរចា​ជាមួយ​ចិន​។ យ៉ាងណាមិញ ទីក្រុង​ប៉េកាំង ក៏​ត្រូវបាន​មើលឃើញថា ហាក់​បន្ធូរដៃ​ខ្លះ ហើយ​ចុងក្រោយ ក៏​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដដែល​។​
 
​ទោះ​មិនសូវ​ត្រូវ​គ្នា​ព្រោះ​បញ្ហា​ហុងកុង​មែនពិត ចិន និង​អង់គ្លេស​នៅតែ​បន្ត​ក្រសោប​គ្នា​ដដែល​។ ទោះ​ជាប់ដៃ​ធ្វើសង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក​ក្ដី ចិន​នៅតែ​សម្លឹង​ឃើញ​ឱកាស​រកស៊ី​ជាមួយ​អង់គ្លេស​ដែលជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​មួយ​នៅ​អឺរ៉ុប​។ ក្នុង​ក្រសែភ្នែក​ចិន ការចុះ​កិច្ចព្រមព្រៀង​តម្លៃ​ជាង​៦០០​លាន​ដុល្លារ​ខាងលើនេះ ជាការ​ជំរុញ​ទំនាក់ទំនង​ទ្វេភាគី​ដែល​ឈានដល់​សករាជ​មាស​។ សម្រាប់​អង់គ្លេស​វិញ វា​ជា​ឱកាស​សម្រាប់​ពាណិជ្ជកម្ម​ក្នុងការ​ស្វែងរក​ផលប្រយោជន៍​ពេល​ចាក​ចេញពី​អឺរ៉ុប​។​
 
​ទីក្រុង​ឡុង​ដ៍​ចាត់ទុក​កិច្ចព្រមព្រៀង​នេះ ជា​ជោគជ័យ​ផ្នែក​ការទូត​មួយ​ចំពេល​ភាពមិនច្បាស់លាស់​កើនឡើង​ដោយសារ​ការចរចា​ស្ដីពី​ការចាកចេញ​ជាមួយ​អឺរ៉ុប​។ ភាពស្រពេចស្រពិល​កើតឡើង ព្រោះ​សភា​អង់គ្លេស បាន​បដិសេធ​ម្ដង​ជា​ពីរដង​នូវ​កិច្ចព្រមព្រៀង​ចាកចេញ​ជាមួយ​សហភាព​អឺរ៉ុប ខណៈ​កាលបរិច្ឆេទ​ចាកចេញ អូសបន្លាយ​តាំងពី​ខែមីនា​រហូតដល់​ខែតុលា​ឯណោះ​៕ 

Tag:
 ចិន​
  អង់គ្លេស​
  ហុងកុង
© រក្សាសិទ្ធិដោយ thmeythmey.com