កីឡាជាតិ
ជាតិ
រាជធានីភ្នំពេញគ្រងជើងឯកកីឡាសិស្សថ្នាក់ជាតិ ខណៈខេត្តចំនួន៣មិនទទួលបានមេដាយសោះ
× ក្រុមអត្តពលិករាជធានីភ្នំពេញគ្រងជើងឯកការប្រកួតកីឡាសិស្សថ្នាក់ជាតិ National School Games 2019 ក្រោយដណ្តើមបានមេដាយមាសច្រើនជាងគេ ខណៈខេត្តកណ្តាល និងកំពតឈរពីក្រោយជាបន្តបន្ទាប់។ ដោយឡែក ខេត្តព្រះវិហារ កែប និងកោះកុងមិនទទួលបានមេដាយឡើយ។ ការប្រកួតកីឡាសិស្សថ្នាក់ជាតិ នឹងរៀបចំពិធីបិទនៅថ្ងៃទី១៨ មិថុនានេះ។
ក្រោយឆ្លងកាត់ការប្រកួតអស់រយៈពេលជាច្រើនថ្ងៃចន្លោះពីថ្ងៃទី១០-១៨ ខែមិថុនា ឆ្នាំ២០១៩ ក្រុមអត្តពលិករាជធានីភ្នំពេញបានគ្រងជើងឯកការប្រកួតកីឡាសិស្សថ្នាក់ជាតិលើកទី១ ក្រោយពួកគេដណ្តើមមេដាយមាស២៧ ប្រាក់១៩ និងសំរឹទ្ធ១៤។ រីឯខេត្តកណ្តាលដែលឈ្នះមេដាយមាស១០ ប្រាក់២ និងសំរឹទ្ធ១៤ ទទួលបានចំណាត់ថ្នាក់លេខ២ ខណៈខេត្តកំពតស្ថិតនៅលំដាប់ទី៣ ក្រោយឈ្នះមេដាយមាស៩ ប្រាក់១៨ និងសំរឹទ្ធ៩។
អ្វីដែលគួរឲ្យភ្ញាក់ផ្អើល គឺខេត្តចំនួន៣រួមមានកំពត កោះកុង និងព្រះវិហារមិនទទួលបានមេដាយសូម្បីតែមួយពីការប្រកួត។ តាមរយៈលទ្ធផលនេះ គេអាចវាយតម្លៃបានថា សមត្ថភាពអត្តពលិករបស់ខេត្តទាំងនេះនៅមានកម្រិតខ្សោយនៅឡើយ។ បញ្ហានេះអាចបណ្តាលមកពីសកម្មភាពកីឡានៅតាមសាលារបស់ពួកគេមិនសូវមានភាពផុសផុល ឬខ្វះការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំខេត្ត ឬមន្ទីរអប់រំកាយនិងកីឡា។
សម្រាប់ការប្រកួតកីឡាសិស្សថ្នាក់ជាតិលើកទី១នេះមានអត្តពលិកជាង១ពាន់នាក់មកពី២៥រាជធានី-ខេត្តចូលរួម៕
Tag:
National School Games
រាជធានីភ្នំពេញ
© រក្សាសិទ្ធិដោយ thmeythmey.com