ជាតិ
សេដ្ឋកិច្ច
២៥ខេត្ត/រាជធានី
កសិដ្ឋានឡងមេត នៅកំពត គ្រោងនាំចេកអំបូងលឿងទៅចិន ២ពាន់តោនក្នុងឆ្នាំដំបូង
× កំពត៖ ក្រោយពីទទួលបានសិទ្ធិនាំចេញពីរដ្ឋាភិបាលកម្ពុជានិងចិននោះ ក្រុមហ៊ុន ឡងម៉េត បាននាំចេញផ្លែចេកអំបូងលឿងទៅទីផ្សារប្រទេសចិនបានជាង ១០០តោនហើយ នៅក្នុងត្រីមាសទី១ ដើមឆ្នាំ២០១៩នេះ។ អ្នកជំនួញកសិកម្មលោក ហ៊ុន ឡាក់ នាយកក្រុមហ៊ុន ឡងម៉េត រំពឹងថា ក្រុមហ៊ុនលោកនឹងអាចនាំចេញជាង ២,០០០តោន នៅក្នុងឆ្នាំ២០១៩ ដែលជាឆ្នាំដំបូងនេះ ខណៈដែលក្រុមហ៊ុនកំពុងពង្រីកការដាំដុះឲ្យបាន ១០០ភាគរយ នៃផ្ទៃដីដាំដុះសរុប១០០០ហិកតា នៅដំណាច់ឆ្នាំ២០២០។
លោក ហ៊ុន ឡាក់ ម្ចាស់កសិដ្ឋានដាំចេក ឡងមេត នៅស្រុកឈូក ខេត្តកំពត បានប្រាប់អ្នកសារព័ត៌មានក្នុងដំណើរទស្សនកិច្ចនៅថ្ងៃទី១៥ មិថុនា ថា ការនាំចេញកសិផលទៅទីផ្សារអន្តរជាតិធំៗដូចជាប្រទេសចិន គឺមិនពឹងផ្អែកតែលើបរិមាណនិងគុណភាព នៃទំនិញកសិផលរបស់កសិដ្ឋាននោះទេ តែទាមទារឲ្យមានការវេចខ្ចប់ឲ្យបានត្រឹមត្រូវតាមស្ដង់ដារបច្ចេកទេសផងដែរ។
លោក ហ៊ុន ឡាក់ នាយកក្រុមហ៊ុន Longmate Agriculture Co.,Ltd ដែលកំពុងដាំដុះនិងប្រមូលផលដំណាំចេកលើផ្ទៃដី ៤០០ហិកតា នៃផ្ទៃដីដាំដុះសរុប ១, ០០០ហិកតា បានឲ្យដឹងផងដែរថា នៅក្នុងក្រុមហ៊ុនរបស់លោក មានបុគ្គលិកនិងកម្មករសរុបជាង ៩០០នាក់ កំពុងបម្រើការងារ ក្នុងនោះមានកម្មករជំនាញជាង ៣០នាក់ ត្រូវបានបញ្ជូនទៅសិក្សាពីលក្ខណៈបច្ចេកទេសនៃការដាំដុះ, ការប្រមូលផល និងការវេចខ្ចប់នៅប្រទេសចិន។
ក្រៅពីដំណាំចេកអំបូងលឿងនេះ ក្រុមហ៊ុន Longmate ក៏គ្រោងដាំដំណាំផ្លែឈើហូបផ្លែផ្សេងទៀត ដោយអាស្រ័យលើការចរចា និងចុះកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលកម្ពុជា និងចិន ក្នុងការបើកផ្លូវទីផ្សារនាំចូលផលិតផលកសិកម្មពីកម្ពុជា។
(លោក ហ៊ុន ឡាក់ នាយកក្រុមហ៊ុន Longmate Agriculture Co.,Ltd)
លោក ហ៊ុន ឡាក់ នាយកក្រុមហ៊ុន Longmate បាននិយាយដូច្នេះថា៖«ការបើកផ្លូវ ការទទួលស្គាល់នៃដំណាំចេករបស់ក្រុមហ៊ុន Longmate ចេញទៅគឺមិនមែនទទួលផលតែក្រុមហ៊ុនម្នាក់ឯងទេ គឺបានន័យថា ជាការតំណាងឲ្យផ្លែឈើហូបផ្លែនៃប្រទេសកម្ពុជាយើង ដែលពីមុនមកមិនដែលមានសោះ គឺអាចនាំចូលទីផ្សារចិន ដែលជាទីផ្សារតឹងរឹងក្នុងការដាក់លក្ខខណ្ឌតម្រូវមែនទេន។ បានន័យថាមិនមែនតែកម្ពុជាទេ ប្រទេសខ្លះ(សុំសិទ្ធនាំចូល) រហូតដល់១០ឆ្នាំនោះ ទម្រាំបាន(ការអនុញ្ញាត)មួយមុខ។ កម្ពុជាយើង ខ្ញុំគិតថា៤ឆ្នាំយើងអាចធ្វើបាន(សុំសិទ្ធនាំចូល)។ ហើយខ្ញុំសង្ឃឹមថា ក្រសួងពាណិជ្ជកម្ម ក៏ដូចជាក្រសួងកសិកម្មនឹងខិតខំបន្តទៀតក្នុងការជួយជំរុញ ធ្វើយ៉ាងណាឲ្យនៅក្នុងឆ្នាំ២០១៩ និង២០២០នេះ បើក(ទីផ្សារនាំចូលកសិកម្ម)ឲ្យបានប៉ុន្មានមុខទៀត»៕
Tag:
Longmate
Agriculture
Kampot
Banana
© រក្សាសិទ្ធិដោយ thmeythmey.com