អន្តរជាតិ
អាជ្ញាធរ​ក្រុង​បាងកក ពិន័យ​សណ្ឋាគារ​ដែល​ចោល​ស្រោមអនាម័យ​ពេញ​ប្រឡាយទឹក​
19, Jun 2019 , 11:06 am        
រូបភាព
ប្រភពរូបៈ ហ្វេសបុករបស់ NAIPAN
ប្រភពរូបៈ ហ្វេសបុករបស់ NAIPAN
ដោយ:
​រដ្ឋបាល​ក្រុង​បាងកក បានដាក់​ពិន័យ​ជា​លុយ ១​ម៉ឺន​បាត (៣២០​ដុល្លារ​) លើ​សណ្ឋាគារ​មួយកន្លែង ក្នុង​តំបន់ Charansanitwongse ក្រោយពី​រកឃើញថា សណ្ឋាគារ​នេះ បាន​បោះចោល​ស្រោមអនាម័យ​ដែល​ប្រើ​រួច និង​សម្ភារ​បង្គន់ ដោយ​មិន​ត្រឹមត្រូវ ចូលទៅក្នុង​ប្រឡាយទឹក​។​

 
​ស្រោមអនាម័យ និង​សម្ភារ​ប្រើប្រាស់​ក្នុង​បង្គន់​មួយចំនួន ត្រូវបាន​គេ​ប្រទះឃើញ អណ្តែត​ក្នុង​ប្រឡាយទឹក កាលពី​សប្តាហ៍​មុន ។ រូបភាព​នេះ បានធ្វើ​ឲ្យ​អ្នកប្រើប្រាស់​នៅក្នុង​ប្រទេស​ថៃ បង្ហាញ​អារម្មណ៍​ខ្ពើមរអើម​ជាខ្លាំង​។ តាមរយៈ​ការចុះផ្សាយ​របស់​សារព័ត៌មាន The Nation កម្មករ​បោសសម្អាត​ប្រចាំ​ទីក្រុង​បាងកក បាន​ចុះទៅ​ប្រមូល​សំរាម​ទាំងអស់នោះ​ពី​ក្នុង​ប្រឡាយ​ទឹកស្អុយ កាលពី​រាត្រី​ថ្ងៃអាទិត្យ ទី​១៦ ខែមិថុនា​។​
 
​បន្ទាប់ពី​កិច្ចការ​ប្រមូល​បញ្ចប់​រួចរាល់ អាជ្ញាធរ​ថៃ បាន​ដឹកនាំ​មន្ត្រី​ទៅ​ស៊ើបសួរ​សណ្ឋាគារ​ខាងលើ ដោយ​សម្គាល់​តាមរយៈ​ស​ម្ភា​បង្គន់ ដែល​បោះចោល​ក្នុង​ប្រឡាយទឹក​ស្អុយ​នោះ​។ ដោយ​ពុំបាន​ជួប​ផ្ទាល់​ជាមួយ​អ្នកគ្រប់គ្រង​សណ្ឋាគារ អាជ្ញាធរ​ថៃ បាន​សួរ​សំណួរ​ទៅកាន់​បុគ្គលិក​បម្រើការ​នៅក្នុង​សណ្ឋាគារ​នេះ​។ ពួកគេ បាន​បញ្ជាក់ថា សណ្ឋាគារ ជាធម្មតា​ជួល​ក្រុមហ៊ុន​មួយ ដើម្បី​ឲ្យ​មក​ប្រមូល​សំរាម​ដូចជា ស្រោមអនាម័យ និង​សម្ភា​ប្រើប្រាស់​ក្នុង​បង្គន់ ពី​ធុង​ផ្ទុក​សំរាម​ខ្លួន​។ 
 
​បុគ្គលិក​សណ្ឋាគារ​នោះ អះអាង​ទៀតថា កម្មករ​ប្រមូល​សំរាម ដែល​សណ្ឋាគារ​ខ្លួន​ជួល បាន​ចុះមក​ប្រមែប្រមូល​សំរាម​ពេល​ចុងក្រោយ កាលពី​ថ្ងៃ​សៅរ៍ ទី​១៥ មិថុនា​។ ទោះបីជា​បែបនេះ​ក្តី ដោយសារតែ​សំរាម​ទាំងនោះ ត្រូវបាន​រកឃើញថា ចាក់​ចូលទៅក្នុង​ប្រឡាយទឹក អាជ្ញាធរ បានសម្រេច​ដាក់ពិន័យ​ជា​ប្រាក់ ១​ម៉ឺន​បាត សម្រាប់​ការបោះ​ចោល​សំរាម​មិន​ត្រឹមត្រូវ ដែល​ល្មើ​សនឹង​ច្បាប់​ការរក្សា​សណ្តាប់ធ្នាប់​សាធារណៈ និង​ការសម្អាត ឆ្នាំ​១៩៩២​របស់​ថៃ​។ ក្រោយមក អ្នកគ្រប់គ្រង​សណ្ឋាគារ​ខាងលើ បាន​ចេញមុខ​សុំទោស​ចំពោះ​អ្វីដែល​បានកើត​ឡើង​៕ 
 

Tag:
 ថៃ​
  បាងកក​
  បរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com