ជាតិ
រូបត្លុក
កាហ្វេ​ថ្មីៗ​៖ ហេតុអ្វី​កូន​ខ្មែរ​ខ្លះ​និយាយថា កម្សាន្ត​តាម​ប្រាសាទ គ្រាន់តែ​ជាការ​មើល​ថ្ម​?
19, Jun 2019 , 12:29 pm        
រូបភាព
ដោយ: ថ្មីៗ
​នៅ​ហាង​កាហ្វេ​ព្រឹក​នេះ អ្នកលក់​បាន​ឆុង​កាហ្វេ​មណ្ឌលគិរី​ឲ្យ​សុធីរ និង​សំណាង​។ នឹក​ដល់​ការគាំទ្រ​ផលិតផល​ក្នុងស្រុក ក្លើ​ទាំងពីរ​ក៏​និយាយ​ដល់​រឿង​កូន​ខ្មែរ​បច្ចុប្បន្ន​មួយចំនួន​ដែល​មិនទាន់​ស្រឡាញ់​ប្រាសាទបុរាណ​ខ្មែរ​។​

 
​សំណាង​៖ ថ្ងៃមុន អ្នក​នៅ​កន្លែងធ្វើការ​របស់​អញ​ម្នាក់ គាត់​អាយុ​ជាង​៤០​ឆ្នាំ​ហើយ គាត់​និយាយថា ពេល​គាត់​ទៅលេង​សៀមរាប​ម្តងៗ គាត់​មិនដែល​ចង់ទៅ​ដើរលេង​តាម​ប្រាសា​ទទេ​។ គាត់​ថា ទៅ​មើល​ថ្ម គ្មាន​អី្វ​សប្បាយ​ទេ​។ អញ​ឮ​ពាក្យ​ហ្នឹង អញ​ហួសចិត្ត អាណិត​ប្រទេសជាតិ​ឯង​តែម្តង​អ្ហា​!
 
​សុធីរ​៖ កាន់តែ​សង្វេគ​ជាងនេះទៀត បើ​អ្នក​និយាយ​នោះ គឺជា​កុមារ និង​ជា​យុវជន​។ ហើយ​អញ​ក៏​បានឮ​ហើយ​ដែរ​។ វា​អាចជា​ពាក្យ​និយាយ​លេងសើច​មែន​។ ប៉ុន្តែ​អញ​យល់ថា បើ​កូន​ខ្មែរ​បាន​យល់ និង​ស្រឡាញ់​វប្បធម៌ ស្រឡាញ់​ប្រវត្តិសាស្ត្រ​ដោយ​ការគោរព​មែន​នោះ ពួកគេ​មិនអាច​យកពាក្យ​ទាំងនេះ មក​និយាយ​លេងសើច​បានឡើយ​។ យើង​មិនអាច​យក​ប្រាសាទបុរាណ​ខ្មែរ​រាប់រយ​ប្រាសាទ មក​និយាយ​ប្រៀបធៀប​ត្រឹមតែ​ជា​ដុំថ្ម​នោះទេ​។​
 
​សំណាង​៖ អញ​យល់ស្រប​។ តាមពិត​ថ្មមួយ​ដុំ​ណាមួយ​នៅលើ​ប្រាង្គ​ប្រាសាទ​នីមួយៗ សុទ្ធតែ​បង្ហាញ​ពី​នយោបាយ​ដឹកនាំ បង្ហាញ​ដួងព្រលឹង​វប្បធម៌​អរិយធម៌ ស្មារតី​សាមគ្គីភាព ចំណេះដឹង ញើស​ឈាម នៃ​សង្គម​ខ្មែរ​សម័យ​នោះ​។ ហើយ​តាមពិតទៅ ដុំថ្ម​ទាំងនោះ ក៏​ជា​សម្បត្តិ​របស់​យើងទាំងអស់គ្នា​ទៅទៀត​។ ហេតុអ្វី​យើង​មិន​ស្រឡាញ់​របស់​ខ្លួនឯង​? 
 
​សុធីរ​៖ អ្វីដែល​សំខាន់ ដុំថ្ម​១០០០​ឆ្នាំ​ទាំងនោះ កំពុងតែ​ចិញ្ចឹម​យើង​សព្វថ្ងៃនេះ​។ បរទេស​ជុំវិញ​ពិភពលោក កំពុង​ជិះ​យន្តហោះ​មក​ថតរូប​ជាមួយ​ដុំថ្ម​ខ្មែរ​យ៉ាង​សប្បាយរីករាយ ដោយ​មោទកទៀតផង តែ​កូន​ខ្មែរ​យើង​មួយចំនួន​តូច នៅតែ​មិន​យល់​អ្វី​សោះ​។​
 
​សំណាង​៖ ទេសចរ​បរទេស​ឲ្យ​តម្លៃ​ដុំថ្ម​ខ្មែរ ព្រោះ​គេ​បាន​អាន​អំពី​ប្រ​វត្ត​ប្រាសាទ​នីមួយៗ​។ ពេលមកដល់​ឃើញ​ប្រាង្គ​ប្រាសាទ​ជាក់ស្តែង ពួកគេ​មាន​មគ្គទេសក៍​និទាន​ប្រាប់​បន្ថែមទៀត​។ ដូច្នេះ ពួកគេ​ពិតជា​បាន​យល់ច្បាស់​ពី​ភាព​អស្ចារ្យ និង​អច្ឆរិយនៃ​ស្នាដៃ​ដូនតា​ខ្មែរ​។ ដូច្នេះ ប្រហែល​មកពី​កូន​ខ្មែរ​យើង​មិន​អាន ប្រហែលជា​កូន​ខ្មែរ​យើង​មិនដឹង​ពី​ប្រ​វត្ត​ដុំថ្ម​ដែល​ពួកគេ​ហៅ​នោះ ទើប​នៅតែ​មិន​ស្រឡាញ់​ដុំថ្ម​ដែល​គេ​បន្តុប​លើ​គ្នា​ទាំងនោះ​សោះ​។​
 
​សុធីរ​៖ អញ​គិតថា ឯង​និយាយ​ត្រូវ​។ តើ​អាចមាន​មគ្គទេសក៍​ពិសេស ដែល​សម្រាប់តែ​ជូន​អ្នកទេសចរ​ក្នុងស្រុក ពិសេស​សិស្ស និស្សិត ឲ្យ​ស្គាល់​ប្រាសាទខ្មែរ​បាន​ជ្រៅជ្រះ​ជាង​ការថតរូប​? បើ​គេ​ស្គាល់ គេ​យល់​ពី​ប្រាសាទ គេ​នឹង​ស្រឡាញ់ និង​គោរព​ប្រាសាទ​របស់​ខ្លួនឯង​ដែរ​។ 
 

© រក្សាសិទ្ធិដោយ thmeythmey.com