ជាតិ
សង្គមជាតិ
អ្នកនាំពាក្យ៖ ក្រសួង នឹងដាក់ពិន័យរដ្ឋបាល បើសាលាណា នៅតែឲ្យលក់ចំណីនិងភេសជ្ជៈ ដែលហាមឃាត់
19, Jun 2019 , 11:52 am        
រូបភាព
រូបថតបន្តពីទូរទស្សន៍ជាតិខេត្តសៀមរាប
រូបថតបន្តពីទូរទស្សន៍ជាតិខេត្តសៀមរាប
ដោយ:
គណៈគ្រប់គ្រងតាមគ្រឹះស្ថានអប់រំ និងសាលារៀនគ្រប់កម្រិត ត្រូវពិនិត្យ និងតាមដានឲ្យបានដិតដល់ចំពោះការលក់ចំណីអាហារ និងភេសជ្ជៈផ្សេងៗ នៅក្នុងបរិវេណគ្រឹះស្ថានអប់រំ ឬសាលារៀនរបស់ខ្លួន ជាពិសេស មិនត្រូវអនុញ្ញាតឲ្យបន្តលក់ប្រភេទចំណីអាហារ និងភេសជ្ជៈ ដែលក្រសួងអប់រំ បានហាមឃាត់ឡើយ។ នេះជាប្រសាសន៍របស់លោក ឌី ខាំបូលី អ្នកនាំពាក្យក្រសួងអប់រំ។



ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗតាមប្រព័ន្ធទូរសព្ទ នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ លោក ឌី ខាំបូលី សង្កត់ធ្ងន់ដូច្នេះថា៖«ក្នុងករណីចេញសេចក្តីណែនាំហើយ គ្រឹះស្ថានសិក្សា នៅតែមិនអនុវត្តតាម ក្រសួង នឹងមានវិធានការបន្ត អាចជាពិន័យរដ្ឋបាល»។

អ្នកនាំពាក្យរូបនេះ បន្តថា ការចាត់វិធានការរបស់ក្រសួង គឺដើម្បីទប់ស្កាត់ការលក់ចំណីអាហារ និងភេសជ្ជៈដែលគ្មានគុណភាព ដែលអាចប៉ះពាល់ដល់សុខភាពរបស់សិស្ស។ លោក បញ្ជាក់ថា៖«សុខភាពសំខាន់ណាស់។ កាលណា យើងមានតែចំណេះ និងជំនាញ តែខ្វះសុខភាព ក៏មិនទទួលបានផលល្អប្រសើរដែរ»។

យ៉ាងណាក៏ដោយ មន្រ្តីជាន់ខ្ពស់របស់ក្រសួងអប់រំរូបនេះ បានលើកឡើងថា ដើម្បីឲ្យវិធានការរបស់ក្រសួង មានប្រសិទ្ធភាព លុះត្រាតែមានការចូលរួមអនុវត្តពីភាគីពាក់ព័ន្ធផងដែរ មិនមែនតែគណៈគ្រប់គ្រងសាលានោះទេ។ លោក បន្ថែមថា អ្នកលក់ មិនត្រូវបន្តលក់ប្រភេទចំណីអាហារនិងភេសជ្ជៈទាំងនោះឡើយ ហើយសិស្សានុសិស្ស ក៏មិនត្រូវទិញដែរ ប្រសិនបើមានលក់។

ថ្មីៗនេះ ក្រសួងអប់រំ បានផ្សព្វផ្សាយឡើងវិញពីសេចក្តីណែនាំស្តីពីចំណីអាហារនិងភេសជ្ជៈ ដែលត្រូវហាមឃាត់មិនឲ្យលក់ក្នុងគ្រឹះស្ថានអប់រំ។ ចំណីអាហារនិងភេសជ្ជៈទាំងនោះ រួមមាន ចំណីអាហារ ដែលហួសកាលកំណត់ ចំណីអាហារដែលគ្មានប្រភពច្បាស់លាស់ ភេសជ្ជៈប៉ូវកម្លាំង ភេសជ្ជៈផ្អែម កាហ្វេ ការ៉េម ទឹកស៊ីរ៉ូប៍ ស្ករសូកូឡា ស្ករគ្រាប់ ស្ករកៅស៊ូ ចាហួយ នំដូណាត់ នំផ្អែម រួមទាំង គ្រឿងស្រវឹង និងថ្នាំជក់ ផងដែរ៕

Tag:
 ក្រសួងអប់រំ
  អាហារ
 សុខភាព
  ឌី ខាំបូលី
© រក្សាសិទ្ធិដោយ thmeythmey.com