អន្តរជាតិ
ជប៉ុន ដក​ការប្រកាសអាសន្ន​រលក​ស៊ូណាមិ ក្រោយ​រញ្ជួយ​ដី​៦,៧​រិច​ទ័​រ​វាយប្រហារ​
19, Jun 2019 , 12:19 pm        
រូបភាព
បុគ្គលិកហាងទំនើបមួយកន្លែង បានថតរូបភាព​ ដែលបង្ហាញពីការខូចខាត ក្រោយគ្រោះរញ្ជួយដី កាលពីយប់ថ្ងៃទី ១៨ ខែមិថុនា ក្នុងទីក្រុង Tsuruoka (ប្រភពរូប៖​ Kyodo)
បុគ្គលិកហាងទំនើបមួយកន្លែង បានថតរូបភាព​ ដែលបង្ហាញពីការខូចខាត ក្រោយគ្រោះរញ្ជួយដី កាលពីយប់ថ្ងៃទី ១៨ ខែមិថុនា ក្នុងទីក្រុង Tsuruoka (ប្រភពរូប៖​ Kyodo)
ដោយ:
​គ្រោះ​រញ្ជួយ​ដី​កម្លាំង ៦,៧ រិច​ទ័​រ​ដ៏​ខ្លាំង​មួយ បាន​វាយប្រហារ​លើ​តំបន់​ភាគ​ជើង​នៃ​ប្រទេស​ជប៉ុន កាលពី​យប់​ថ្ងៃ​អង្គារ​ទី ១៨ មិថុនា ដែល​បង្ក​ឲ្យ​មានការ​ប្រកាសអាសន្នរ​លក​យក្ស​ស៊ូណាមិ​។ ប៉ុន្តែ​ក្រោយមក ការប្រកាសអាសន្ន​នេះ ត្រូវបាន​លុបចោល​នៅ​ថ្ងៃទី​១៩ ខែមិថុនា​។ គ្មាន​របាយការណ៍​បង្ហា​ញ​ពី​ការខូចខាត​ធ្ងន់ធ្ងរ​ឡើយ តែ​គ្រាន់​តែមាន​អ្នករបួស​ស្រាល​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ​ក្នុង​ហេតុការណ៍​នេះ​។

 
 
​នៅ​ថ្ងៃទី​១៨ ខែមិថុនា ភ្នាក់ងារ​ឧតុនិយម​ជប៉ុន បាន​ព្រមាន​ថា រលក​កម្ពស់​មួយ​ម៉ែត្រ អាច​វាយប្រហារ​លើ​ឆ្នេរ​នៃ​សមុទ្រ​ជប៉ុន​។ ប៉ុន្តែ​ក្រោយមក រលក​កម្ពស់​ត្រឹម ១០​សង់ទីម៉ែត្រ​ប៉ុណ្ណោះ ត្រូវបាន​គេ​កត់ត្រា​បាន​។ ប្រហែល​ជាង ២​ម៉ោង ក្រោយពី​រញ្ជួយ​ដី  ភ្នាក់ងារ​នេះ បាន​លុបចោល​ការប្រកាសអាសន្ន​រលក​ស៊ូណាមិ​វិញ​។​
 
​គ្រោះ​រញ្ជួយ​ដី ដែល​បាន​កើតឡើង​នៅវេលា​ម៉ោង ប្រហែល ១០៖២២​នាទី​យប់​នេះ មាន​រង្វាស់ ៦,៧ រិច​ទ័​រ ។ ចំណែក ភ្នាក់ងារ​វាស់​ស្ទង់​ធរណី​របស់​អាមេរិក កំណត់​កម្រិត​រញ្ជួយ​ដី​នេះ នៅត្រឹម ៦,៤​រិច​ទ័​រ​។ តាមរយៈ​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ដោយ​ដកស្រង់​សំដី​របស់​អាជ្ញាធរ​ក្នុងស្រុក មនុស្ស​យ៉ាងហោចណាស់ ១៦​នាក់ រងរបួស ក្រោយ​ហេតុការណ៍​នេះ​។ 
 
​ប្រាប់​ទៅកាន់​ក្រុម​អ្នកសារព័ត៌មាន លោកនាយក​រដ្ឋមន្ត្រី ស៊ិន​ហ្សូ អា​បេ បញ្ជាក់​ឲ្យ​ដឹងថា រដ្ឋាភិបាល​លោក នឹង​ប្រុងប្រៀប​ខ្លួន​ជានិច្ច​សម្រាប់​ប្រតិបត្តិ​ការសង្គ្រោះ ដែល​អាច​កើតមាន​ក្នុង​តំបន់​។ ទន្ទឹមនឹង​គ្នា​នេះ មេដឹកនាំ​រូបនេះ ក៏បាន​ព្រមាន​ពលរដ្ឋ​ឲ្យ​ប្រុងប្រយ័ត្ន​គ្រប់ពេល​ផងដែរ​។ 
 
 
​សូម​បញ្ជាក់ដែរថា កាលពី​យប់​ថ្ងៃទី ១៨ ខែមិថុនា ស្ថានទូត​កម្ពុជា​នៅ​ជប៉ុន បានផ្តល់​លេខ​ទូរ​សព្ទ​ដល់​ពលរដ្ឋ​ខ្មែរ​ដើម្បី​ទំនាក់ទំនង​ក្នុងករណី​ពួកគេ​ដឹងឮ ឬ​រង​ផលប៉ះពាល់​ផ្ទាល់ ដោយសារ​គ្រោះ​រញ្ជួយ​ដី កម្រិត​៦,៧​រិច​ទ័​រ នៅ​ខេត្ត​នី​ហ្គា​តា ភាគ​ពាយ័ព្យ​នៃ​ប្រទេស​ជប៉ុន​៕
 

Tag:
 ជប៉ុន​
  គ្រោះធម្មជាតិ​
  រលក​ស៊ូណាមិ​
  រញ្ជួយ​ដី
© រក្សាសិទ្ធិដោយ thmeythmey.com