ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សម រង្ស៊ី​៖«​ពេលដែល​តុលា​ការចេញ​ដីកា​ដាក់ទោស​ខ្ញុំ​ច្រើន ខ្ញុំ​នឹង​ទទួលបាន​ពានរង្វាន់​ប្រជាធិបតេយ្យ​កាន់តែច្រើន​»
19, Jun 2019 , 1:53 pm        
រូបភាព
​ភ្នំពេញ​៖ មួយរយៈ​ពេល​ចុង​ក្រោយនេះ មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បានទទួល​ពានរង្វាន់​ប្រជាធិបតេយ្យ​ជា​បន្តបន្ទាប់ ខណៈដែល​រូបលោក​កំពុង​រស់នៅ​ក្រៅប្រទេស ដោយសារ​បញ្ហា​ជាប់​បណ្ដឹង​និង​ទោស​រួមរឹត​។ សម្រាប់​លោក សម រង្ស៊ី ពានរង្វាន់​ដែល​ខ្លួន​ទទួលបាន​នេះ គឺជា​សមិទ្ធផល​មួយ ដែល​កើតចេញពី​ការប្ដឹង​ផ្ដល់​របស់​សម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​។​

 
«​ពេលដែល​លោក ហ៊ុន សែន ឲ្យ​តុលាការ​អាយ៉ង​គាត់ ចេញ​ដីកា​ដាក់ទោស​ខ្ញុំ​កាន់តែច្រើន ខ្ញុំ​ទទួលបាន​ពានរង្វាន់​ប្រជាធិបតេយ្យ​កាន់តែច្រើន ពី​ទូទាំង​ពិភពលោក​»​។ នេះ​ជាការ​លើកឡើង​របស់លោក សម រង្ស៊ី ដែល​ឆ្លើយតប​នឹង​ការអត្ថាធិប្បាយ​(Comment) របស់​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​នៅលើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​ខ្លួន​។​
 
​លោក សម រង្ស៊ី ដែល​និយាយ​បែប​ឌឺដង​ទៅ​សម្ដេច ហ៊ុន សែន នេះ ទើបតែ​ទទួលបាន​ពានរង្វាន់​ប្រជាធិបតេយ្យ​មួយទៀត​ពី​អង្គការ​ពិភពលោក​គ្មាន​អំពើ​ប្រល័យពូជសាសន៍ (World Without Genocide) របស់​សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី​៨ មិថុនា​។ លោក សម រង្ស៊ី ដែល​មិនបាន​ទៅ​ទទួល​ពានរង្វាន់​នេះ​ដោយផ្ទាល់​នោះ បាន​ពឹង​ឲ្យ​លោកស្រី មួរ សុខ​ហួរ អនុប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​ទទួល​ជំនួស​ខ្លួន នៅក្នុង​ទីក្រុង Minneapolis រដ្ឋ Minnesota សហរដ្ឋអាមេរិក​។​
 


​មេដឹកនាំ​អតីត​គណបក្សប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា​រូបនេះ បាន​សរសេរ​មូលហេតុ​ដែល​ខ្លួន​អាច​ទទួលបាន​ពានរង្វាន់​យ៉ាង​ដូច្នេះ​ថា​៖«​អង្គការ World Without Genocide ដែល​ប្រឆាំង​អំពើ​ប្រល័យពូជសាសន៍​ក្នុង​ពិភពលោក http://worldwithoutgenocide.org/ បានប្រគល់​ជូន​លោក សម រង្ស៊ី នូវ​ពានរង្វាន់​ប្រជាធិបតេយ្យ មួយ​ថ្មី សម្រាប់​ឆ្នាំ ២០១៩ ដោយ​អង្គការ​នេះ​ទទួលស្គាល់ថា លោក សម រង្ស៊ី បាន​ពុះពារ​យ៉ាង​មោះមុត ដើម្បី​លើកតម្កើង​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ជូន​ដល់​ជនជាតិខ្មែរ​គ្រប់រូប​»​។​
 
​លោក សម រង្ស៊ី ដែល​កំពុង​រស់នៅ​ប្រទេស​បារាំង ដោយសារ​បញ្ហា​ក្តីក្ដាំ​ក្នុង​រឿង​នយោបាយ​នោះ ក៏​ទើប​ទទួលបាន​ពានរង្វាន់ ជា​ជើងឯក​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ពី​អង្គការ​សង្គម​ស៊ីវិល​កូរ៉េ ឈ្មោះ​អង្គការ​វេទិកា​សិទ្ធិមនុស្ស និង​សន្តិភាព​អាស៊ី (The Asia Human Rights and Peace Forum) កាលពី​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៩ នៅ​ទីក្រុង​ក្វាង​ជូ ប្រទេស​កូរ៉េខាងត្បូង​ផងដែរ​។​
 


​គិត​មកដល់ពេលនេះ លោក សម រង្ស៊ី មេដឹកនាំ​អតីត​បក្សប្រឆាំង ដែល​កំពុង​និរទេស​ក្រៅប្រទេស បាន​រង​បណ្តឹង​ពីស​ម្ដេច ហ៊ុន សែន និង​មន្ត្រី​រដ្ឋាភិបាល មិនតិចជាង​១០​នោះទេ ដោយ​ក្នុងនោះ បណ្តឹង​៨ ត្រូវបាន​ជំនុំជម្រះ​រួចហើយ ខណៈ​បណ្តឹង​២​ទៀត កំពុងស្ថិត​ក្នុង​នីតិវិធី​របស់​តុលាការ​។ បណ្ដឹង​ទាំង​៨ ដែល​តុលាការ​កាត់ទោស​រួចហើយ​នោះ តម្រូវ​ឲ្យ​លោក សម រង្ស៊ី ជាប់គុក​ប្រមាណ​១៣​ឆ្នាំ និង​បង់ប្រាក់​ជាង​១​លាន​ដុល្លារ​៕
 

Tag:
 ​សម រង្ស៊ី​
  ហ៊ុន សែន​
  នយោបាយ​
© រក្សាសិទ្ធិដោយ thmeythmey.com