ជាតិ
ត្រីពោព្រុយធំៗ ចូលចិត្តស៊ីសាកសពសត្វបក្សាបក្សី និងសាច់ឆ្កែដែលគេដាក់ធ្វើនុយ លោកបណ្ឌិត ហ្សេប ហូហ្គេន ប្រធានគម្រោង អច្ឆរិយភាពនៃទន្លេមេគង្គ និងជាពិធីករក្នុងកម្មវិធី Monster Fish របស់ទូរទស្សន៍ National Geographic បានលើកបង្ហាញត្រីពោព្រុយមួយក្បាល។ រូបភាព៖ Courtesy Zeb Hogan
× គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ (Wonders of the Mekong) សូមណែនាំត្រីឥតស្រកាមួយប្រភេទដែលជាប្រភេទត្រីទឹកសាប មានរស់នៅក្នុងទន្លេធំៗ និងដៃទន្លេ ដែលមានព្រៃលិចទឹកព័ទ្ធជុំវិញ ដូចជាអាងទន្លេចៅប្រាយ៉ា អាងទន្លេមេគង្គ ក្នុងទន្លេសាប បឹងទន្លេសាប ដោយវាប្រើប្រាស់អាងទឹកជ្រៅសម្រាប់ជ្រកកោនក្នុងរដូវប្រាំង។
ត្រីពោព្រុយ មានឈ្មោះវិទ្យាសាស្ត្រ (Pangasius sanitwongsei) និងឈ្មោះជាភាសាអង់គ្លេស Giant pangasius ជាប្រភេទត្រីធ្វើចរាចរផ្លាស់ទី ។ វាមានប្រវែងដងខ្លួនអតិបរមា ៣០០ស.ម និងទម្ងន់អតិបរមា ៣០០គ.ក។ នៅក្នុងប្រទេសកម្ពុជា ត្រីពោព្រុយ រស់នៅក្នុងទន្លេមេគង្គពីខេត្តក្រចេះដល់ល្បាក់ខោន និងនៅតាមព្រំប្រទល់ប្រទេសឡាវ និងថៃ។ វាធ្វើចរាចរផ្លាស់ទីចេញពីវាលទំនាបលិចទឹក និងពីបឹងទន្លេសាបចូលទៅក្នុងទន្លេមេគង្គនាពេលទឹកសម្រក ចាប់ពីខែតុលា ដល់ខែមករា ដើម្បីរកកន្លែងពង-កូនតាមអន្លង់ទឹកជ្រៅក្នុងទន្លេមេគង្គ ទន្លេសសេកុង ទន្លេសេសាន និងទន្លេស្រែពក និងត្រឡប់ចូលទៅតាមតំបន់ទំនាបលិចទឹកវិញ ចាប់ពីខែមិថុនា ដល់ខែសីហា។ ស្របពេលជាមួយគ្នានោះដែរ ពង និងកូនរបស់វា បានបណ្តែតខ្លួនតាមចរន្តទឹកហូរ ចូលទៅតាមតំបន់ទំនាបលិចទឹក និងបឹងទន្លេសាប ដើម្បីរកចំណី និងធំលូតលាស់។ ត្រីពោព្រុយ ស៊ីពពួកក្តាម កំពឹស ត្រី សាកសពសត្វផ្សេងៗ ឬសាច់ឆ្កែ (ដែលជាទូទៅគេដាក់ធ្វើជានុយ) ព្រមទាំងផ្លែរុក្ខជាតិមួយចំនួន ដូចផ្លែល្វាជាដើម។ ពង-កូនមុនរដូវភ្លៀង ដោយកូនតូចៗ របស់វាអាចលូតលាស់ដល់ប្រវែងប្រហែល ១០ស.ម នៅពាក់កណ្តាលខែមិថុនា។
ត្រីពោព្រុយ ត្រូវបានគេកត់ត្រាចូលក្នុងបញ្ជីក្រហម IUCN Red List (Critically Endangered) ក្នុងឆ្នាំ ២០០៩ ជាប្រភេទត្រីរងគ្រោះធ្ងន់ធ្ងរជិតផុតពូជ។ កត្តាគំរាមកំហែងដ៏សំខាន់នាពេលបច្ចុប្បន្នចំពោះត្រីប្រភេទនេះគឺ ការនេសាទហួសកម្រិត ការបាត់បង់ទីជម្រក និងការបំពុលបរិស្ថាន។ ក្រៅពីនេះ ត្រីពោព្រុយ ទំនងជាបានរងផលប៉ះពាល់ដោយការបំផ្លិចបំផ្លាញតំបន់មានទឹកហូរលឿន និងថ្មប៉ប្រះទឹក ដែលជាផ្នែកមួយនៃគម្រោងកែលម្អនាវាចរណ៍ និងការសាងសង់ទំនប់វារិអគ្គិសនីនៅតាមដងទន្លេមេគង្គជាដើម។ គម្រោងទាំងនេះ បានជះឥទ្ធិពលលើវដ្ដធម្មជាតិនៃទឹកជំនន់/គ្រោះរាំងស្ងួត នៅតាមដងទន្លេទាំងមូល ព្រមទាំងឥរិយាបថនៃការធ្វើចរាចរផ្លាស់ទីរបស់ត្រីពោព្រុយផងដែរ។
© រក្សាសិទ្ធិដោយ thmeythmey.com