អន្តរជាតិ
លោក ស៊ី ជិនភីង៖ ចិនគាំទ្រកូរ៉េខាងជើងក្នុងការដោះស្រាយបញ្ហានៅឧបទ្វីបកូរ៉េ
× មុនជាន់ទឹកដីកូរ៉េខាងជើងនៅថ្ងៃស្អែក ប្រធានាធិបតីចិន ស៊ី ជិនភីង បានប្រកាសជំហរគាំទ្រកូរ៉េខាងជើងក្នុងការដោះស្រាយបញ្ហានៅឧបទ្វីបកូរ៉េ។ មិនត្រឹមគាំទ្រឡើយ លោក ស៊ី អះអាងថា ចិននឹងបំពេញតួនាទីរបស់ខ្លួនឲ្យសកម្មដើម្បីស្វែងរកច្រកចេញនៃវិបត្តិនៅឧបទ្វីបនេះ និងរក្សាសន្តិភាព ស្ថិរភាពតាមរយៈទំនាក់ទំនងជាមួយកូរ៉េខាងជើង។ ទំនងចង់សំដៅការចរចារវាងអាមេរិក និងកូរ៉េខាងជើង មេដឹកនាំចិនយល់ថា ក្ដីបារម្ភរបស់ព្យុងយ៉ាង ត្រូវដោះស្រាយតាមរយៈការចរចា។
ប្រធានាធិបតីចិន ស៊ី ជិនភីង បានសរសេរអត្ថបទមួយដែលត្រូវចុះផ្សាយលើទំព័កាសែតរដ្ឋកូរ៉េខាងជើង Rodong Sinmun ដែលបង្ហាញជំហរចិនប្រកៀកស្មាជាមួយកូរ៉េខាងជើង។ លើបញ្ហានៅឧបទ្វីបកូរ៉េ លោក ស៊ី ប្រកាសថា ចិននឹងដើរតួនាទីកាន់តែធំថែមទៀតដើម្បីជំរុញដំណើរការនៃការចរចាស្វែងរកច្រកចេញ និងដោះស្រាយក្ដីបារម្ភរបស់កូរ៉េខាងជើងតាមរយៈកិច្ចសន្ទនា។
លោក ស៊ី នឹងធ្វើដំណើរទៅកាន់រដ្ឋធានីព្យុងយ៉ាងដើម្បីធ្វើទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃ គឺថ្ងៃទី២០ និងទី២១ ខែមិថុនាតាមការអញ្ជើញរបស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ។ នេះជាដំណើរទស្សនកិច្ចដំបូងគេរបស់ប្រធានាធិបតីចិនទៅកាន់រដ្ឋឯកោមួយនេះតាំងពីឆ្នាំ២០០៥ មក។ ទស្សនកិច្ចនេះ ត្រូវបានមើលឃើញថា ជាការពង្រឹងទំនាក់ទំនងប្រពៃណីរវាងសម្ព័ន្ធមិត្តចាក់លិចផង និងជាសញ្ញាទៅឲ្យអាមេរិកផង។
ក្នុងអត្ថបទដែលផ្សាយនៅថ្ងៃទី១៩ ខែមិថុនា មួយថ្ងៃមុនទៅដល់កូរ៉េខាងជើង លោក ស៊ី លើកឡើងថា ចិននឹងរួមចំណែកឲ្យសកម្មក្នុងការរក្សាសន្តិភាពតំបន់ ស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាពតាមរយៈការពង្រឹងទំនាក់ទំនង និងការសម្របសម្រួលជាមួយកូរ៉េខាងជើង ក៏ដូចជាភាគីពាក់ព័ន្ធផ្សេងទៀត សំដៅជំរុញដំណើរការជជែក និងការចរចាស្ដីពីបញ្ហានៅឧបទ្វីបកូរ៉េ។ បញ្ហានេះ ទំនងលោក ស៊ី និយាយដល់កម្មវិធីនុយក្លេអ៊ែរកូរ៉េខាងជើងតែម្ដង។
ការចរចាដើម្បីរំសាយនុយក្លេអ៊ែររវាងអាមេរិក និងកូរ៉េខាងជើង បានជាប់គាំងក្រោយជំនួបបរាជ័យខែកុម្ភៈនៅវៀតណាមមក។ ភាគីទាំងពីរ ប្រកាន់ជំហរផ្ទុយគ្នាលើមធ្យោបាយរំសាយនុយក្លេអ៊ែរនេះ ខណៈការទាមទាររបស់កូរ៉េខាងជើង មិនត្រូវបានអាមេរិកយកចិត្តទុកឡើយ។ ពោល គឺក្រុងព្យុងយ៉ាងចង់រំសាយនុយក្លេអ៊ែរជាដំណាក់ៗ ជាថ្នូរនឹងការលើកលែងទណ្ឌកម្មខ្លះដោយវ៉ាស៊ីនតោន ប៉ុន្តែរដ្ឋបាលលោក ដូណាល់ ត្រាំ ចង់ឲ្យមានការលុបបំបាត់ទាំងស្រុងសិន ទើបនិយាយរឿងទណ្ឌកម្ម។
ប្រធានាធិបតីចិន គាំទ្រជំហរត្រឹមត្រូវខាងលើរបស់កូរ៉េខាងជើងក្នុងការដោះស្រាយបញ្ហា។ លោក ស៊ី អះអាងក្នុងអត្ថបទដដែលថា ចិនគាំទ្រកូរ៉េខាងជើងដែលបានជ្រើសរើសផ្លូវត្រូវក្នុងការដោះស្រាយបញ្ហានៅឧបទ្វីបកូរ៉េ ការពារសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។ អ្វីគួរចាប់អារម្មណ៍នោះ មេដឹកនាំចិន ក៏ប្រកាសឈរខាងកូរ៉េខាងជើងក្នុងការដោះស្រាយបញ្ហាបារម្ភរបស់ខ្លួនផងដែរ។
លោក ស៊ី មិនបានបញ្ជាក់ពីក្ដីបារម្ភរបស់កូរ៉េខាងជើង តែលោកទំនងចង់គាំទ្រកូរ៉េខាងជើងដែលចង់ដោះស្រាយបញ្ហានុយក្លេអ៊ែរជាដំណាក់កាល មិនមែនទាំងស្រុងតែម្ដងដូចជំហរអាមេរិកឡើយ។ ការប្រកាសគាំទ្របែបនេះ ក៏ជាសញ្ញាទៅអាមេរិកថា ចិនអាចប្រើសន្លឹកបៀកូរ៉េខាងជើងក្នុងស្ថានការណ៍ប្រឈមមុខដូចបច្ចប្បន្ននេះ៕
Tag:
កូរ៉េខាងជើង
ចិន
ស៊ី ជិនភីង
© រក្សាសិទ្ធិដោយ thmeythmey.com