កីឡាអន្តរជាតិ
អន្តរជាតិ
Platini ត្រូវបាន​សមត្ថកិច្ច​ដោះលែង​វិញ ក្រោយ​សង្ស័យ​ពុករលួយ​ក្នុងការ​ផ្តល់​សិទ្ធិ​ឲ្យ​កាតា​ធ្វើ​ម្ចាស់ផ្ទះ World Cup ២០២២
19, Jun 2019 , 2:44 pm        
រូបភាព
​លោក Michel Platini អតីត​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអឺរ៉ុប (UEFA) ត្រូវបាន​ចាប់ខ្លួន​ក្នុង​បទ​ចោទ​ប្រព្រឹត្ត​អំពើពុករលួយ​ជុំវិញ​ការផ្តល់​សិទ្ធិ​ឲ្យ​កាតា​ធ្វើ​ម្ចាស់ផ្ទះ World Cup ឆ្នាំ​២០២២​។​

 
​លោក Platini ដែល​សព្វថ្ងៃ​មាន​វ័យ​៦៣​ឆ្នាំ ត្រូវបាន​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) ដកតំណែង​ប្រធាន UEFA និង​ពិន័យ​លោក​មិន​ឲ្យ​មាន​សកម្មភាព​កីឡា​រយៈពេល​៤​ឆ្នាំ ពោលគឺ​ចាប់តាំងពី​ឆ្នាំ​២០១៥​មក ក្រោម​បទ​ចោទ​រំលោភ​ក្រមសីលធម៌ ជុំវិញ​ការទទួលប្រាក់​សំណូក​២​លាន​ហ្វ្រ​ង់​ស្វ៊ី​ស (២​លាន​ដុល្លារ​អាមេរិក​)​។​


 
​យ៉ាងណាក៏ដោយ អតីត​ប្រធាន​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​បារាំង និង​ក្រុម Juventus ដែល​ធ្លាប់​ឈ្នះ​ពានរង្វាន់ Ballon d'Or ម្តងនោះ តែងតែ​បដិសេធ​រាល់​ការចោទប្រកាន់​មកលើ​លោក​។ ក្រៅ​ពីបទ​ចោទ​ខាងលើ ឥឡូវនេះ Platini ត្រូវបាន​តុលាការ​បន្ថែម​បទ​ចោទ​មួយទៀត ជុំវិញ​ការផ្តល់​សិទ្ធិ​ឲ្យ​កាតា​ធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​កីឡាបាល់ទាត់​ពិភពលោក​ឆ្នាំ​២០២២ ដោយ​ឈ្នះ​ការដេញថ្លៃ​ពី​គូប្រជែង​អាមេរិក អូស្ត្រាលី កូរ៉េខាងត្បូង និង​ជប៉ុន​កាលពី​ឆ្នាំ​២០១០​។​
 
​បុរស​ជនជាតិ​បារាំង​រូបនេះ ត្រូវបាន​ចាប់ខ្លួន​ក្នុង​ទីក្រុង​ប៉ារីស នា​ថ្ងៃទី​១៨ ខែមិថុនា ជុំវិញ​ការចោទប្រកាន់​អំពើពុករលួយ​ដោយ​ទទួល​សំណូក​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក Platini ត្រូវ​ដោះលែង​វិញ​នៅ​យប់​ថ្ងៃ​ដដែល បន្ទាប់ពី​សាកសួរ​ចម្លើយ​ហើយ​។ តែ​យ៉ាងណា​សមត្ថកិច្ច​នៅតែ​បន្ត​ស៊ើបអង្កេត​លើ​ករណីនេះ​។​
 
​ក្រុមមន្ត្រី​ពាក់ព័ន្ធ​បាន​ស៊ើបអង្កេត​លើ​ករណី​ប្រព្រឹត្ត​អំពើពុករលួយ ដែល​ជាប់ទាក់ទង​នឹង​ការផ្តល់​សិទ្ធិ​ប្រកួត World Cup ឆ្នាំ​២០១៨ នៅ​រុស្ស៊ី និង​ឆ្នាំ​២០២២ នៅ​កាតា អស់​រយៈពេល ២​ឆ្នាំ​មកហើយ​។ លោក Sepp Blatter ដែលជា​អតីត​ប្រធាន FIFA ក៏​ជាប់ពាក់ព័ន្ធ​ក្នុង​រឿងក្តី​នេះដែរ មុនពេល​លោក​ចុះ​ចេញពី​តំណែង​ក្នុង​ឆ្នាំ ២០១៥​។​
 
FIFA ចោទ Blatter ថា​បាន​ផ្តល់ប្រាក់ ២​លាន​ហ្វ្រ​ង់​ស្វ៊ី​ស ( ២​លាន​ដុល្លារ​អាមេរិក ) ទៅ​ឲ្យ Platini​។ ប៉ុន្តែ​បុរស​សញ្ជាតិ​ស្វ៊ី​សវ័យ​៨៣​ឆ្នាំ ដែល​គ្រប់គ្រង​ក្បាលម៉ាស៊ីន​កីឡាបាល់ទាត់​ពិភពលោក​រយៈពេល ១៧​ឆ្នាំ​រូបនេះ តែងតែ​បដិសេធ​៕
 

Tag:
 បាល់ទាត់​
  FIFA
  Michel Platini
© រក្សាសិទ្ធិដោយ thmeythmey.com