អន្តរជាតិ
យុវតី​អាមេរិក​ម្នាក់ សម្លាប់​មិត្ត​ជិតស្និទ្ធ​ជា​ថ្នូរ​នឹង​លុយ ៩​លាន​ដុល្លារ
19, Jun 2019 , 8:39 pm        
រូបភាព
យុវតីរងគ្រោះ Cynthia Hoffman (កណ្តាល), ជនល្មើស Denali Brehmer (ស្តាំ) និងជនល្មើសម្នាក់ទៀត Darin Schilmiller
យុវតីរងគ្រោះ Cynthia Hoffman (កណ្តាល), ជនល្មើស Denali Brehmer (ស្តាំ) និងជនល្មើសម្នាក់ទៀត Darin Schilmiller
ដោយ:
​យុវតី​អាមេរិក​ម្នាក់ ទទួលរង​បទចោទប្រកាន់ ដោយ​រៀបចំ​គម្រោង​សម្លាប់​លើ​មិត្តភក្តិ​ជិតស្និទ្ធ​ខ្លួន ក្រោយពី​បុរស​ដែល​នាង​បាន​ស្គាល់​តាម​អន​ឡាញ ផ្តល់​លុយ​ឲ្យ​នាង ៩​លាន​ដុល្លារ ដើម្បី​ប្រព្រឹត្ត​សកម្មភាព​នេះ​។

 
​យោងតាម​ការ​ឲ្យ​ដឹង​ពី​ក្រុម​អ្នកស៊ើប​អង្កេត​អាមេរិក យុវតី​ឈ្មោះថា Denali Brehmer អាយុ ១៨​ឆ្នាំ មកពី​រដ្ឋ Alaska ត្រូវបាន​ជួល​ឲ្យ​សម្លាប់​មិត្ត​ភ័ក្ត្រ​នាង ដោយ​បុរស​ម្នាក់ ឈ្មោះថា Darin Schilmiller អាយុ ២១​ឆ្នាំ មកពី​រដ្ឋ Indiana​។ តាមរយៈ​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP អ្នក​ទាំងពីរ​នេះ​នាក់​នេះ ធ្លាប់បាន​ទាក់ទង​គ្នា​តាម​អន​ឡាញ​នាពេល​កន្លងមក ដោយ​យុវជន Schilmiller បាន​ក្លែង​អត្តសញ្ញាណ និង​ប្រកាស​ខ្លួនឯង​ថា ជា​សេដ្ឋី​ម្នាក់​ឈ្មោះថា Tyler ។ 
 
​ឯកសារ​តុលាការ បញ្ជាក់ថា អំឡុងពេល​ទាក់ទង​គ្នា​តាម​អន​ឡាញ ពួកគេ បាន​ពិភាក្សាគ្នា​អំពី​គម្រោង​សម្ងាត់​មួយ ដែល​នឹងធ្វើ​សកម្មភាព រំលោភ និង​សម្លាប់​បំបិទមាត់​មនុស្ស​ម្នាក់ ក្នុង​រដ្ឋ Alaska ។ បុរស Schilmiller បាន​សន្យា​ផ្តល់ប្រាក់​ឲ្យ យុវតី Brehmer ចំនួន ៩​លាន​ដុល្លារ ឬ​ច្រើនជាង​នេះ ប្រសិនបើ​នាង ផ្ញើ​វីដេអូ ឬ​រូបភាព​នៃ​ការវាយប្រហារ​ដ៏​ឃោរឃៅ​នោះ​ឲ្យ​រូបគេ​។  
 
​ក្រោយមក យុវតី Brehmer បាន​ទាក់ទង​ជួល​មិត្ត​ភ័ក្ត្រ​នាង ៤​នាក់ និង​មនុស្ស​មួយក្រុម ដើម្បី​ចាត់ការ​លើ យុវតី​ឈ្មោះថា Cynthia Hoffman ដែលជា​ជនរងគ្រោះ​។ នៅ​ថ្ងៃទី ២ ខែមិថុនា សមត្ថកិច្ច អះអាងថា យុវតី​វ័យ ១៩​ឆ្នាំ Hoffman ត្រូវបាន​លួងលោម​ឲ្យ​ដើរ​តាមផ្លូវ​មួយកន្លែង ដែល​ស្ថិតក្នុង​តំបន់ Anchorage ទី​ដែល​រូបនាង​ត្រូវបាន​ខ្ទប់មាត់​នឹង​បង់​រុំ និង​បាញ់កាំភ្លើង​មួយ​គ្រាប់​ត្រង់​ផ្នែក​ខាងក្រោយ​នៃ​ក្បាល មុននឹង​ច្រាន​នាង​ទម្លាក់​ចូលក្នុង​ទន្លេ​។ 
 
​សាកសព​របស់​នាង ត្រូវបាន​គេ​រកឃើញ ២ ថ្ងៃក្រោយ​កើតហេតុ ពោលគឺ​នៅ​ថ្ងៃទី ៤ ខែមិថុនា ឆ្នាំ​២០១៩​។ ប្រភពព័ត៌មាន​ក្នុងស្រុក ចុះផ្សាយ​ថា ឪពុក​របស់​យុវតី​រងគ្រោះ Hoffman លើកឡើងថា កូនស្រី​របស់គាត់ មាន​សតិ​មិនល្អ​ដូចជា​ក្មេង​អាយុ ១២​ឆ្នាំ ។ សមត្ថកិច្ច អះអាង​ទៀតថា ជនរងគ្រោះ ត្រូវបាន​អូសទាញ​ទៅកាន់​ជ្រលង Thunderbird Falls ដោយ Brehmer និង​យុវជន​អាយុ​១៦​ឆ្នាំ​ម្នាក់ទៀត ឈ្មោះថា Kayden McIntosh ក្រោម​ហេតុផល​ថា ដើរលេង​កម្សាន្ត​នៅតាម​មាត់ទន្លេ​។ 
 
​យុវជន McIntosh បាន​ប្រើប្រាស់​កាំភ្លើង​របស់ Brehmer ដើម្បី​បាញ់​លើ​ជនរងគ្រោះ Hoffman និង​បាន​បោះ​សាកសព​នាង​ចោល​ទៅក្នុង​ទឹក​។ សមត្ថកិច្ច អះអាងថា យុវតី Brehmer បាន​ទាក់ទង​ទៅវិញទៅមក​ជាមួយ Schilmiller អំឡុង​ពេលធ្វើ​សកម្មភាព​ឃាតកម្ម​។ នាង​បាន​ផ្ញើ​រូបភាព និង​វីដេអូ​តាម​បណ្តាញ​សង្គម Snaphchat ដែល​បង្ហាញ​ពី​ទិដ្ឋភាព​យុវតី Hoffman ត្រូវបាន​ចងដៃ និង​ខ្លួនប្រាណ​ជាប់​។​
 
​ក្រោយមក Brehmer និង McIntosh ត្រូវបាន​ឃាត់ខ្លួន និង​ចោទប្រកាន់​ពាក់ព័ន្ធ​នឹង​អំពើ​ឃាតកម្ម​។ ជាមួយគ្នានេះដែរ យុវជន Schilmiller ក៏​ត្រូវបាន​ចាប់ខ្លួន អម​ជាមួយនឹង​មនុស្ស​៣​នាក់​ផ្សេងទៀត ដែល​រង​បទចោទប្រកាន់​រួម​ដៃ ក្នុង​គម្រោង​ឃាតកម្ម​នេះ​។ តុលាការ​មហាជន កាលពី​សុក្រ​ទី ១៤ ខែមិថុនា បានសម្រេច​ចោទប្រកាន់​ជា​ផ្លូវការ​លើ​ជាប់ចោទ​ទាំង​៦​នាក់ សម្រាប់​បទល្មើស​ឃាតកម្ម​កម្រិត​ទី​១,​បទល្មើស​រៀបចំ​ផែនការ​ប្រព្រឹត្ត​អំពើ​ឃាតកម្ម​កម្រិត​ទី​១ និង​បទល្មើស​ផ្សេងៗ​ទៀត​។ 
 
Schilmiller និង  Brehmer ត្រូវបាន​ចោទប្រកាន់​នៅ​ថ្ងៃទី ១៨ ខែមិថុនា លើ​បទល្មើស​រំលោភបំពាន​ផ្លូវភេទ​លើ​កុមារ និង​ធ្វើបាប​កុមារ ដែលជា​បទល្មើស​សហព័ន្ធ​។  សមត្ថកិច្ច អះអាងថា អ្នក​ទាំងពីរ​អាច​ប្រឈមមុខ​នឹង​ជាប់ពន្ធនាគារ​៩៩​ឆ្នាំ ៕

Tag:
 សហរដ្ឋអាមេរិក​
  ឃាតកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com