អន្តរជាតិ
អាមេរិក ដូរប្រមុខការពារជាតិ ស្របពេលភាពតានតឹងជាមួយអុីរ៉ង់កើនឡើង លោក ផាទ្រីក សាណាហាន់ ដកខ្លួនពីមន្ទីរបញ្ចកោណ។ រូបភាព AFP
× ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅថ្ងៃទី១៨ ខែមិថុនា បានប្រកាសពីការដកខ្លួនរបស់រដ្ឋមន្ត្រីស្ដីទីក្រសួងការពារជាតិ ផាទ្រីក សាណាហាន់ សម្រាប់តំណែងរដ្ឋមន្ត្រីអចិន្ត្រៃយ៍ ហើយចាកចេញពីមន្ទីរបញ្ចកោណផងដែរ។ បើតាមលោក ត្រាំ មូលហេតុនៃការលាលែងពីតំណែងរបស់លោក សាណាហាន់ គឺដើម្បីចំណាយពេលវេលាជាមួយគ្រួសារ។ មន្ត្រីស៊ីវិលជាន់ខ្ពស់ប្រចាំកងទ័ពជើងគោក Mark Esper នឹងចូលកាន់តំណែងរដ្ឋមន្ត្រីស្តីទីនេះជំនួសលោក សាណាហាន់ ។
ស្របពេលកិច្ចការយោធាមានកាន់តែច្រើន ពិសេសភាពតានតឹងជាមួយអ៊ីរ៉ង់ឡើងកម្ដៅខ្លាំង នៅមន្ទីរបញ្ចកោណបែរជាមានការផ្លាស់ប្ដូរក្បាលម៉ាស៊ីនកំពូលទៅវិញ។ លោក ផាទ្រីក សាណាហាន់ ដែលកាន់តំណែងរដ្ឋមន្ត្រីស្ដីទីក្រសួងការពារជាតិអាមេរិកតាំងពីដើមឆ្នាំ២០១៩ បានលាលែងពីតំណែងដើម្បីចំណាយពេលឲ្យបានច្រើនជាមួយគ្រួសារ។ លោកក៏ដកខ្លួនពីនីតិវិធីនៅព្រឹទ្ធសភាសម្រាប់តំណែងជារដ្ឋមន្ត្រីអចិន្ត្រៃយ៍ផង។
តាមរយៈបណ្ដាញសង្គម Twitter ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ សរសេរថា លោក សាណាហាន់ សម្រេចចិត្តមិនបន្តដំណើរការនៅព្រឹទ្ធសភាឡើយ ព្រោះលោកចង់លះបង់ពេលវេលាច្រើនជាមួយក្រុមគ្រួសារ។ យ៉ាងណា រឿងរ៉ាវដែលនាំលោក សាណាហាន់ ដកខ្លួនពីដំណើរការនេះ ទំនងជាបញ្ហាផ្ទាល់ខ្លួន និងការចោទប្រកាន់ទាក់ទងអំពើហិង្សាក្នុងគ្រួសារជាដើម។ បញ្ហាទាំងនេះ ប៉ះពាល់ខ្លាំងដល់បេក្ខភាពលោកជារដ្ឋមន្ត្រីការពារជាតិអាមេរិកពេញសិទ្ធិ។
ក្នុងសេចក្ដីប្រកាសចេញយប់ថ្ងៃទី១៧ ខែមិថុនា លោក សាណាហាន់ បានបដិសេធពាក្យចោទទាំងនេះ ហើយថា លោកមិនវាយប្រពន្ធបានមួយដៃឡើយ។ អតីតអ្នកចាត់ការជាន់ខ្ពស់មកពីវិស័យអាកាសចរណ៍រូបនេះអះអាងថា លោកបានសហការជាមួយប៉ូលិសក្នុងការស៊ើបអង្កេតនាពេលកន្លងមកផងដែរ។
ការលាលែងចេញពីតំណែងកំពូលនៅមន្ទីរបញ្ចកោណរបស់លោក សាណាហាន់ ធ្វើឡើង ស្របពេលដែលការប្រឈមមុខរវាងអាមេរិក និងអ៊ីរ៉ង់កាន់តែឡើងកម្ដៅខ្លាំងនៅរយៈពេលចុងក្រោយ ពិសេសក្រោយការវាយប្រហារលើកប៉ាល់ដឹកទំនិញនៅឈូងសមុទ្រអូម៉ង់។ អាមេរិក បានចោទអ៊ីរ៉ង់ថា នៅពីក្រោយការវាយប្រហារនេះ និងបានបញ្ចេញភស្តុតាងជាបន្តបន្ទាប់ដើម្បីទម្លាក់កំហុស។ ចុងក្រោយ លោក សាណាហាន់ ក៏ស៊ីញ៉េបញ្ជូនទ័ពមួយពាន់នាក់ទៅមជ្ឈិមបូព៌ាតែម្ដង។
សូមញ្ជាក់ថា រដ្ឋបាលប្រធានាធិបតី ត្រាំ គ្មានរដ្ឋមន្ត្រីការពារជាតិពេញលេញឡើយក្រោយការចាកចេញរបស់លោក ជេម ម៉ាធីស កាលពីខែធ្នូ ឆ្នាំ២០១៨ ព្រោះមានជំហរមិនត្រូវគ្នាជាមួយមកើយរបស់ខ្លួនជុំវិញការដកទ័ពពីស៊ីរី។ តមក លោក ត្រាំ ក៏តែងតាំងលោក សាណាហាន់ ជារដ្ឋមន្ត្រីស្តីទី ហើយស្នើជាបេក្ខភាពរដ្ឋមន្ត្រីពេញសិទ្ធិទៅកាន់ព្រឹទ្ធសភា។ ខណៈលោក សាណាហាន់ ចាកចេញទៀត លោក ត្រាំ ជ្រើសរើសលោក Mark Esper មន្ត្រីស៊ីវិលជាន់ខ្ពស់នៃកងទ័ពជើងគោក ជារដ្ឋមន្ត្រីស្តីទីទៀត ហើយត្រូវចូលកាន់តំណែងនៅថ្ងៃទី២៤ ខែមិថុខាងមុខនេះ៕
Tag:
អាមេរិក
ដូណាល់ ត្រាំ
ផាទ្រីក សាណាហាន់
© រក្សាសិទ្ធិដោយ thmeythmey.com