កីឡាអន្តរជាតិ
អន្តរជាតិ
Mourinho នឹង​វិល​ទៅ​ដឹកនាំ​វិញ ប៉ុន្តែ​ជា​ក្រុម​ជម្រើសជាតិ មិនមែន​ក្លិប​
19, Jun 2019 , 9:19 pm        
រូបភាព
​លោក Jose Mourinho អតីត​អ្នកចាត់ការ​ទូទៅ Manchester United បង្ហើប​ថា​លោក​នឹង​វិលត្រឡប់​ទៅកាន់​តំណែង​ជា​គ្រូបង្វឹក​វិញ​ប៉ុន្តែ​ជា​ក្រុម​ជម្រើសជាតិ មិនមែន​ក្លិប​ឡើយ​។​


 
​លោក Mourinho ត្រូវបាន​ក្រុម​បិសាច​ក្រហម​បញ្ចប់​ពី​តំណែង​ជា​អ្នកចាត់ការ​កាលពី​ខែធ្នូ​កន្លងទៅ បន្ទាប់ពី​ដឹកនាំ​ក្រុម​មិនបាន​ល្អ​។ ក្រោយ​ការចាកចេញ​ពី Old Trafford គ្រូ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​ត្រូវបាន​ផ្សាភ្ជាប់​ទៅនឹង​ការទាក់ទង​ជាមួយ​ក្លិប​ដ៏​ទៃ​ជាច្រើន​សម្រាប់​តំណែង​ថ្មី​។ ប៉ុន្តែ​យ៉ាងណាក៏ដោយ​បុរស​រហស្សនាម Special One បាន​និយាយថា​លោក​អាច​ទៅ​ដឹកនាំ​ក្រុម​ជម្រើសជាតិ​ជា​លើកដំបូង​ក្នុង​អាជីព​របស់លោក​។​
 
«​ខ្ញុំ​ចង់​មានការ​ប្រកួតប្រជែង​ថ្មី​។ ខ្ញុំ​កំពុង​គិត​អំពី​ការប្រកួត World Cup និង​ពានរង្វាន់​អឺរ៉ុប​(European)​។ ក្នុង​រយៈពេល​ចុងក្រោយ ខ្ញុំ​មានបំណង​ចង់​សាកល្បង​បែប​ផ្សេង និង​ប្លែក​សម្រាប់​អាជីព​មួយ​នេះ​។ ហើយ​ពេលនេះ​ខ្ញុំ​យល់ថា​ខ្លួនឯង​កំពុង​ចាប់អារម្មណ៍​ក្រុម​ជម្រើសជាតិ ជាជាង​ជាមួយ​ក្លិប​។ Mourinho បានបញ្ជាក់​ប្រាប់ Eleven Sports ដូច្នេះ ព្រមទាំង​សួរ​ជា​សំណួរ​ទៅ​ខ្លួនឯង​ទៀតថា តើ​ព័រ​ទុ​ហ្គា​ល់​ជា​ក្រុម​ដែល​សម​នឹង​លោក​ដឹកនាំ​ឬក៏​អត់​?​។​
 
​អតីត​អ្នកចាត់ការ​ទូទៅ Chelsea, Real Madrid, Inter Milan និង Porto វ័យ​៥៦​ឆ្នាំ​រូបនេះ បានទទួល​ខុសត្រូវ​ដឹកនាំ​ក្រុម​បិសាច​ក្រហម​រយៈពេល​២​ឆ្នាំកន្លះ ដោយ​ក្នុងនោះ​លោក​បាន​ជួយ​ម្ចាស់​ជើងឯក​លី​គ​កំពូល​អង់គ្លេស​២០​សម័យ​ឈ្នះ​ពាន Europa League EFL Cup និង Community Shield ផង​។​
 
Mourinho ក៏មាន​កំណត់ត្រា​ក្នុង​ក្របខណ្ឌ​កំពូល​អឺរ៉ុប​ផងដែរ ក្នុងនោះ​លោក​បាន​ជួយ Porto និង Inter Mila លើក​ពាន Champions League៕

Tag:
 បាល់ទាត់​
  Jose Mourinho
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com