ជាតិ
សេដ្ឋកិច្ច
ឥណ្ឌា ផ្តល់ជំនួយ​ជិត​៩០​ម៉ឺន​ដុល្លា​រដល់​កម្ពុជា
19, Jun 2019 , 9:39 pm        
រូបភាព
​ក្រោម​កិច្ចសហប្រតិបត្ដិការ​មេគង្គ​-​គង្គា រដ្ឋាភិបាល​ឥណ្ឌា បានផ្ដល់​ជំនួយឥតសំណង​ជិត​៩០​ម៉ឺន​ដុល្លារ ដល់​រដ្ឋាភិបាល​កម្ពុជា សម្រាប់​អនុវត្តន៍​លើ​វិស័យ​នានា ដែលមាន​រយៈពេល​២​ឆ្នាំ​។ នេះ​បើ​យោងតាម​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ស្តីពី​ជំនួយឥតសំណង​របស់​សាធារណរដ្ឋ​ឥណ្ឌា សម្រាប់​ការអនុវត្ត​គម្រោង​ឆាប់​ទទួលបាន​ផល​នៅ​កម្ពុជា នា​ព្រឹក​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៩​។​

 
​រដ្ឋលេខាធិការ​ក្រសួងការបរទេស​កម្ពុ​ជា លោក លុយ ដា​វីត បាន​ឲ្យ​ដឹងថា រដ្ឋាភិបាល​ឥណ្ឌា​បានផ្តល់​ជំនួយ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ដល់​ប្រទេស​កម្ពុជា «​ក្រោម​កិច្ចសហប្រតិបត្ដិការ​មេគង្គ​-​គង្គា​» លើ​គម្រោង​ចំនួន​១៨ សម្រាប់​ឆ្នាំ​២០១៩-២០២០ ដែលមាន​ថវិកា​សរុប​ចំនួន ៨៩៥,១៤៥​ដុល្លារ​។ 
 
​លោក​បាន​និយាយថា​៖«​ចាប់តាំងពី​ឆ្នាំ​២០១៥ មក កម្ពុជា​ទទួលបាន​គម្រោង​សរុប​ចំនួន​៣៤ ដែលមាន​វិសាលភាព​គ្របដណ្តប់ លើ​សកម្មភាព​កិច្ចសហប្រតិបត្តិការ ក្នុង​វិស័យ សុខាភិបាល​, កសិកម្ម​, អប់រំ​, បរិស្ថាន​, ការអភិវឌ្ឍ​ជំនាញ​, ការផ្តល់​សិទ្ធិអំណាច​ដល់​ស្ត្រី​, ការអភិវឌ្ឍ​ជនបទ​, ធនធានទឹក និង​បច្ចេកទេស​ព័ត៌មានវិទ្យា​»​។​
 
​រដ្ឋលេខាធិការ​រូបនេះ​បន្តថា កម្ពុជា​ប្តេជ្ញា ក្នុងការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​អនុតំបន់​នេះ ដោយ​ផ្អែកលើ​សកម្មភាព អនុវត្ត​ជាក់ស្តែង ដែល​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​កម្ពុជា និង​តំបន់​មេគង្គ​។​
 
​អ្នកស្រី Manika Jain ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥណ្ឌា បាន​ឲ្យ​ដឹងថា​គម្រោង​ទាំង​១៨ ដែល​ត្រូវ​ចុះហត្ថលេខា​នៅ​ព្រឹក​នេះ រួមមាន គម្រោង​៦ នឹង​ង​ផ្តល់​ទៅ​ឲ្យ​ក្រសួង​សុខ​ភិ​បាល គម្រោង​៤ សម្រាប់​ក្រសួង​អភិវឌ្ឍន៍ជនបទ គម្រោង​២ សម្រាប់​ក្រសួង​ធនធានទឹក និង​ឧតុនិយម គម្រោង​២ សម្រាប់​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ គម្រោង​២ សម្រាប់​ក្រសួង​កិច្ចការនារី គម្រោង​១ សម្រាប់​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ និង​គម្រោង​១​ចុងក្រោយ​សម្រាប់​ក្រសួងបរិស្ថាន​។ 
 
​អ្នកស្រី​បាន​និយាយថា​៖«​រដ្ឋាភិបាល​ឥណ្ឌា​នឹង​បន្ត​កិច្ចសហប្រតិបត្តិការ និង​គាំទ្រ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​បន្តទៀត ក្នុង​ក្របខ័ណ្ឌ​កិច្ចសហប្រតិបត្ដិការ​មេគង្គ​-​គង្គា​»​។ 
 
​គួររម្លឹកថា គិត​ចាប់ពី​ឆ្នាំ​២០១៥ មក រដ្ឋាភិបាល​ឥណ្ឌា​បាន​ផ្តល់ជំនួយ​ដល់​រដ្ឋាភិបាល​កម្ពុជា ក្រោម​កិច្ចសហប្រតិបត្ដិការ​មេគង្គ​-​គង្គា ចំនួន​៣១ គម្រោង ដែល​គិត​ជា​ទឹកប្រាក់​សរុប​ចំនួន ១,៧ លាន​ដុល្លារ​៕

Tag:
 កម្ពុជា​
  ឥណ្ឌា​
  ជំនួយ
© រក្សាសិទ្ធិដោយ thmeythmey.com