អន្តរជាតិ
ជំនួប​ត្រាំ​-​ស៊ី នៅ​ជប៉ុន នឹង​រកបាន​ច្រក​ចេញពី​ជម្លោះ​ពាណិជ្ជកម្ម​?
19, Jun 2019 , 9:59 pm        
រូបភាព
ប្រធានាធិបតីចិន​ ស៊ី ជិនភីង ជួបជាមួយសមភាគីអាមេរិក ដូណាល់ ត្រាំ នៅក្រៅកិច្ចប្រជុំប្រទេស G20 នៅអាហ្សង់ទីនក្នុងឆ្នាំ២០១៨ ។
ប្រធានាធិបតីចិន​ ស៊ី ជិនភីង ជួបជាមួយសមភាគីអាមេរិក ដូណាល់ ត្រាំ នៅក្រៅកិច្ចប្រជុំប្រទេស G20 នៅអាហ្សង់ទីនក្នុងឆ្នាំ២០១៨ ។
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ និង​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង បាន​សន្យា​ជួបគ្នា​ទឹកដី​ជប៉ុន​អំឡុង​កិច្ចប្រជុំ​ប្រទេស​សេដ្ឋកិច្ច​លូតលាស់​ខ្លាំង​ទាំង​២០ (G20) នៅ​សប្ដាហ៍​នេះ​។ គម្រោង​ជួបគ្នា​នេះ ត្រូវបាន​ព្រមព្រៀង​នា​ការសន្ទនា​តាម​ទូរ​សព្ទ​របស់​មេដឹកនាំ​ទាំងពីរ​នៅ​ថ្ងៃទី​១៨ ខែមិថុនា​។ ការខ្វែងគំនិត​គ្នា​លើ​វិស័យ​ពាណិជ្ជកម្ម គឺជា​ប្រធានបទ​សំខាន់​នៃ​ជំនួប​នេះ ហើយ​គេ​រំពឹងថា នឹងមាន​ភាពជឿនលឿន​ថ្មី​ទៀត​ក្នុង​ការចរចា​ឈានទៅ​បញ្ចប់​ជម្លោះ​រវាង​អំណាច​ទាំងពីរ​។​

 
​ប្រធានាធិបតី​អាមេរិក និង​ចិន បាន​ជជែក​គ្នា​តាម​ទូរ​សព្ទ​ជាមួយគ្នា​នៅ​ថ្ងៃទី​១៨ ខែមិថុនា ដែល​ផ្ដោតលើ​គម្រោង​ជួបគ្នា​នៅ​ទីក្រុង​អូ​សា​កា ទឹកដី​ជប៉ុន ជាទី​ដែល​មេដឹកនាំ​ទាំងពីរ​នឹងចូលរួម​ជំនួប​ប្រចាំឆ្នាំ​នៃ​ប្រទេស​មាន​សេដ្ឋកិច្ច​រីកចម្រើន​ទាំង​២០ លើ​ពិភពលោក (G20) ។ បើតាម​ទូរទស្សន៍​រដ្ឋ​ចិន CCTV លោក ដូ​ណា​ល់ ត្រាំ បានស្នើ​សុំ​ជជែក​តាម​ទូរ​សព្ទ​ជាមួយ​លោក ស៊ី ជិន​ភីង ហើយ​លោក ស៊ី ក៏បាន​ឯកភាព​តាម​សំណើ​។​
 
​លោក ត្រាំ បាន​សរសេរ​តាមរយៈ Twitter របស់ខ្លួន​ថា លោក​មាន​កិច្ចសន្ទនា​ល្អជា​មួយ​លោក ស៊ី ហើយនឹង​ជួបគ្នា​នៅ​សប្ដាហ៍​ក្រោយ​អូ​សា​កា​។ លោក​បន្តថា មន្ត្រី​ប្រទេស​ទាំងពីរ នឹង​ធ្វើការ​ជាមួយគ្នា​ដើម្បី​រៀបចំ​ជំនួប​នេះ​។ ដោយឡែក​នៅក្នុង​សេចក្ដីប្រកាស​របស់​សេត​វិមាន​វិញ លោក ត្រាំ និង​លោក​ស៊ី ក៏បាន​ជជែក​ពី​សារសំខាន់​ក្នុងការ​បង្កើត​បរិយាកាស​រកស៊ី​ដែល​ស្មើភាព​សម្រាប់​ប្រទេស​ទាំងពីរ​តាមរយៈ​ទំនាក់ទំនង​សេដ្ឋកិច្ច​មាន​ទៅ​មានមក​។​
 
​ដោយឡែក​បើតាម​ទូរទស្សន៍​រដ្ឋ​ចិន ប្រធានាធិបតី​ចិន បាន​ប្រាប់​សម​ភាគី​អាមេរិក​ថា ទំនាក់ទំនង​ប្រទេស​ទាំងពីរ​ជួប​បញ្ហា​ខ្លះ ដែលជា​រឿង​ភាគី​នីមួយៗ​មិន​ចង់បាន​។ លោក ស៊ី បន្តថា ប​ចិន និង​អាមេរិក​នឹង​ទទួលបាន​ផលប្រយោជន៍​ដូចគ្នា​តាមរយៈ​កិច្ចសហប្រតិបត្តិការ​ល្អ ប៉ុន្តែ​នឹង​ខាតបង់​ដដែល បើ​ប្រឈមមុខ​ដាក់គ្នា​នោះ​។​
 
​ទីក្រុង​ប៉េកាំង និង​ទីក្រុង​វ៉ាស៊ីនតោន កំពុង​ជាប់ដៃ​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​ចាប់ផ្ដើម​តាំងពី​ពាក់កណ្ដាល​ឆ្នាំ​២០១៨ មក​។ ការចរចា​១១​ដង​រវាង​មន្ត្រីជាន់ខ្ពស់ ដែល​បាន​ផ្អាក​ច្រើន​ខែ​មកនេះ ហៀបនឹង​សម្រេចបាន​កិច្ចព្រមព្រៀង​សម្រាប់​មេដឹកនាំ​ចុះហត្ថលេខា​ទៅហើយ ប៉ុន្តែ​ចុងក្រោយ​បែរជា​គ្មាន​លទ្ធផល​ទៅវិញ​។ អាមេរិក និង​ចិន​ចោទ​គ្នា​ទៅវិញទៅមក​ពី​ការដើរ​ថយ​នៃ​ការចរចា​នេះ​។ ចិន​អះអាងថា អាមេរិក​ដាក់​លក្ខខណ្ឌ​ច្រើនពេក ទើប​ខ្លួន​មិនអាច​ធ្វើតាម​បាន​។​
 
​អ្វី​ជា​ក្ដី​រំពឹង​នោះ ជំនួប​នៅ​អូ​សា​កា​នៅ​សប្ដាហ៍​ក្រោយ អាច​បញ្ឆេះ​ម៉ាស៊ីន​ចរចា​ឡើងវិញ​ដើម្បី​ឈានទៅ​បញ្ចប់​ជម្លោះ​របស់​មហាអំណាច​សេដ្ឋកិច្ច​ទាំងពីរ​។ ក្នុង​កិច្ចសន្ទនា​តាម​ទូរ​សព្ទ​ដដែល លោក ស៊ី ប្រា​ប់លោក ត្រាំ ទៀតថា មន្ត្រី​ចរចា​ប្រទេស​ទាំងពីរ គួរ​បន្ត​ទំនាក់ទំនង​គ្នា​ដើម្បី​ដោះស្រាយ​ភាពមិន​ដូចគ្នា ដែលជា​បញ្ហា​ស្នូល​នៃ​ទំនាក់ទំនង​ទ្វេភាគី ហើយ​ដំណោះស្រាយ ត្រូវធ្វើឡើង​តាម​ការជជែក​គ្នា​ដោយ​គោលការណ៍​ស្មើភាព​។​
 
​ខណៈ​ព័ត៌មាន​នៃ​គម្រោង​ជួបគ្នា​រវាង​លោក ស៊ី និង​លោក ត្រាំ ជា​រឿង​វិជ្ជមាន មន្ត្រី​ផ្នែក​សេដ្ឋកិច្ច​នៅ​សេត​វិមាន បែរជា​ព្រមាន​ពី​ការខកចិត្ត​ទៅវិញ​។ លោក Larry Kudlow ទីប្រឹក្សា​សេដ្ឋកិច្ច​របស់លោក ត្រាំ និយាយថា មិនមាន​ការធានា​ណាមួយ​ថា ជំនួប​នៅ​អូ​សា​កា អាចមាន​លទ្ធផល​វិជ្ជមាន​ឡើយ ដ្បិត​ជំហរ​របស់​អាមេរិក​នៅ​តែ​ដដែល គឺ​ចិន​ត្រូវតែ​កែទម្រង់​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​របស់ខ្លួន​ដើម្បី​ការធ្វើ​ពាណិជ្ជកម្ម​ស្មើភាព​។ យ៉ាងណា លោក Kudlow ចាត់ទុក​ជំនួប​នេះ​ជា​រឿង​ល្អ​៕ 

Tag:
 ចិន​
  អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
  ស៊ី ជិន​ភីង​
  ជប៉ុន​
© រក្សាសិទ្ធិដោយ thmeythmey.com