ONE Championship
កីឡាជាតិ
ជាតិ
Onyedikachi ដែល​ឈ្នះ​៣​លើក​ជាប់​គ្នា​នៅ​សង្វៀន ONE តែងតែ​ត្រៀមខ្លួន​បានល្អ​មុន​ឡើង​ប្រកួត
19, Jun 2019 , 10:19 pm        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី​
 
​អ្នកលេង​គុន​ចម្រុះ​សញ្ជាតិ​នី​ហ្សេ​រី​យ៉ា Emmanuel Onyedikachi ដែល​ឈ្នះ ៣ ដង​ជាប់​គ្នា​មិនទាន់​ត្រូវបាន​គេ​ផ្គូផ្គង​ឲ្យ​ឡើង​សង្វៀន ONE ជាថ្មី​ក្រោយ​ខកខាន​តាំងពី​ចុងខែ​កុម្ភៈ ឆ្នាំ ២០១៩ បន្ទាប់ពី​ចាញ់​កីឡាករ​អាមេរិក​ក្នុងជំនួប​ចុង​កោ​រយ​។ Onyedikachi តែងតែ​ត្រៀមខ្លួន​បានល្អ​ជានិច្ច ដោយ​ហ្វឹកហាត់​យ៉ាង​ខ្ជាប់ខ្ជួន​ជាមួយ​គ្រូបង្វឹក ចាន់ រតនា ម្ចាស់​ក្លិប​សិល្បៈ​។ មួយវិញទៀត រូបគេ​ជាម​នុស្ស​ស្នូល​ម្នាក់​ក្នុង​ការជួយជ្រោមជ្រែង​អង្គការ Biafran ឬ Biafran Organization នៅ​កម្ពុជា និង ជួយ​អង្គការ​កុមារកំព្រា​។


 
​គ្រូបង្វឹក ចាន់ រតនា នៅតែ​ដើរតួ​សំខាន់​ក្នុង​បង្ហាត់​រូបនេះ​គេ​ក្លិប «​សិល្បៈ​» ជា​រៀងរាល់ថ្ងៃ​ដើម្បី​ត្រៀមខ្លួន​នៅ​សង្វៀន​អន្តរជាតិ ONE នាពេលខាងមុខ​។ កីឡាករ​សញ្ជាតិ​នី​ហ្សេ​រី​យ៉ា បញ្ជាក់​បែបនេះ ៖« ចាន់ រតនា នៅ​ជា​គ្រូ​ល្អ​របស់ខ្ញុំ​។ ខ្ញុំ​តែងតែ​ត្រៀមខ្លួន ១០០% ជាមួយ​គាត់​។ ក្រៅពី​ការងារ​ហ្វឹកហាត់​ត្រៀម​ប្រកួត​ខ្ញុំ ស្រលាញ់​ការងារ​ជួយ​ក្មេង​កំព្រា និង សហគមន៍​របស់ខ្ញុំ​នៅ​កម្ពុជា ពីព្រោះ​ខ្ញុំ​កើតចេញពី​ក្មេង​ដែល​លំបាក និង ខ្ញុំ​បាន​ចំណាយពេល​រស់នៅ ៨ ឆ្នាំ​នៅ​កម្ពុជា​តាម​ដងផ្លូវ​។ នៅទីនេះ​បាន​បង្រៀន​ខ្ញុំ​ច្រើន​អំពី​ការរស់នៅ​ដោយ​គ្មាន​ឳ​ពុក​ម្ដាយ ឬ សាច់ញាតិ​»​។ 


 
​ដោយសារ​ធ្វើ​ការងារ​ពាក់ព័ន្ធ និង ជួយ​ជ្រោមជ្រែង​ជនជាតិ​នី​ហ្សេ​រី​យ៉ា នៅ​កម្ពុជា ទើប​កីឡាករ​វ័យ ៣២ ឆ្នាំ​រូបនេះ​ត្រូវបាន​ដាក់ឈ្មោះថា «Biafran Warrior»​។ អ្នកលេង​គុន​ចម្រុះ​រូបនេះ​ជួយ Biafran Organization ទាំង​កម្លាំងកាយ​ចិត្ត និង ចូលរួម​វិភាគទាន​មួយចំនួន​ក្នុងនាម​មនុស្សធម៌​តាមតែ​អាចធ្វើ​ទៅបាន និង ជួយ​ផ្សព្វផ្សាយ​ដល់​ក្រុម​ជនជាតិ នី​ហ្សេ​រី​យ៉ា នៅ​កម្ពុជា​ទៀតផង​។  Onyedikachi រំលឹកថា ចន្លោះ​ពី​ឆ្នាំ ១៩៦៧ ដល់ ១៩៧០ មាន​ជនជាតិ​នី​ហ្សេ​រី​យ៉ា ជាង ៦ លាន​នាក់​រួមបញ្ចូល​ទាំង ស្ត្រី និង ក្មេងៗ​ផង​ត្រូវបាន​សម្លាប់​ដោយ​រដ្ឋាភិបាល​នី​ហ្សេ​រី​យ៉ា និង សម្ព័ន្ធមិត្ត​។ នេះ​ជា​រឿង​ដែល​កម្ពុជា​ស្រដៀង​ទៅ​កម្ពុជា​ដូច​កាល​របប​ខ្មែរក្រហម​អីចឹង​។ 
 
​តារា​ប្រចាំ​សង្វៀន ONE បញ្ជាក់ថា​៖«​យើង​នៅទីនេះ​ដើម្បី​អប់រំ ក្រុម Biafran របស់​យើង យើង​មាន​តម្រូវការ ផ្សេងៗ ឬ សេរីភាព​ក្នុងការ​រស់នៅ ប៉ុន្តែ​យើង​គោរព​ច្បាប់​នៅ​កម្ពុជា​ដែល​មិនមាន​ភាព​រើសអើង​ជាតិ​សាសន៍​។ ហើយ​យើង​បាន​យល់​អំពី​ការឈឺចាប់​របស់​កម្ពុជា​ក្នុង​របប​ប្រល័យពូជសាសន៍​ដូច​យើង​ដែរ​។ ដូច្នេះ​យើង​ត្រូវតែ​ស្វែងរក និង ពុះពារ​ការរស់នៅ និង សេរីភាព​»​។ 


 
​មេដឹកនាំ Biafran (​ក្រុម​សញ្ជាតិ​ភាគតិច​នី​ហ្សេ​រី​យ៉ា​) មានឈ្មោះ Mazi Nnamdi Kanu ប្រចាំ​នៅ​កម្ពុជា ហើយ អង្គការ​របស់លោក I.P.O.B Worldwide តែងតែ​យក​ថ្ងៃទី ៣០ ខែ ឧសភា ដើម្បី​រំលឹក​ដល់​ការសម្លាប់​រង្គាល​ក្រុម Biafran នៅ​ឆ្នាំ ១៩៦៧​។ 
 
​បុរស​សញ្ជាតិ​នី​ហ្សេ​រី​យ៉ា​ដែល​រៀបការ​ប្រកួត​ខ្មែរ​បាន ៤ ឆ្នាំ​និង​ទើប​ផ្ដល់កំណើត​ឲ្យ​កូនស្រី ឈ្មោះ Daughter Luna នាពេល​ថ្មីៗ បាន​តាំងចិត្ត​បន្ត​ជួយ​អង្គការ​កុមារកំព្រា និង ក្រុម Biafran នៅ​កម្ពុជា​តាមរយៈ​ការប្រកួត​នៅលើ​ឆាក​អន្តរជាតិ ONE និង​ការប្រកួត​លើស​ង្វៀន​នានា​នៅ​កម្ពុជា​។ 
 
​គួរ​ដឹងថា Emmanuel Onyedikachi ឬ «The Biafran Warrior» កីឡាករ​ដែល​ឡើង​សង្វៀន ONE បាន​ចំនួន ៤ ដង​ក្នុងនោះ​ឈ្នះ ៣ លើក​ជាប់​គ្នា នៅ​ឆ្នាំ ២០១៨ មុន​ចាញ់​អ្នកលេង​គុន​ចម្រុះ សញ្ជាតិ​អាមេរិក Devon Morris កាល​ចុងខែ កុម្ភៈ នៅ​ប្រទេស​សិង្ហ​បុរី​។ ជ័យជម្នះ ៣ លើក​ជាប់​គ្នា នៅ​ឆ្នាំ ២០១៨ គឺ ប្រកួត​លើក​ទី​១ ឈ្នះ​កីឡាករ​ថៃ Nat Natchayangkul នៅ​ទឹក​ទី​៣ កាល​ខែ មីនា , ឈ្នះ​កីឡាករ​ជនជាតិ​ឥណ្ឌា Sandeep Kumar Dahiya នៅ​ទឹក​ទី​១ កាល ខែ កក្កដា និង ឈ្នះ កីឡាករ​ចិន Xiaoxiang Xie ក្នុង​ទឹក​ទី​៣ កាល​ខែ តុលា​ឆ្នាំ ២០១៨៕ 

Tag:
 MMA
  Emmanuel Onyedikachi
© រក្សាសិទ្ធិដោយ thmeythmey.com