ជាតិ
វីដេអូ
ពី​ក្មេង​រើស​សំរាម​ទៅជា​អ្នក​រៀនសូត្រ​ម្នាក់ រ៉ុ​ន សុ​ភី អរគុណ Scott ដែល​រួមចំណែក​កែប្រែ​ជីវិត​ខ្លួន​
20, Jun 2019 , 9:29 am        
រូបភាព
​ភ្នំពេញ​៖ កញ្ញា រ៉ុ​ន សុ​ភី  គឺ​អតីត​ក្មេង​រើស​សំរាម​ដែល​ត្រូវបាន​គេ​ស្គាល់ និង​ស្ងើ​ច​សរសើរ តាមរយៈ​រូបថត​ទទួល​សញ្ញាបត្រ​បញ្ចប់​ការសិក្សា​ឆ្នាំ​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី ដែល​បង្ហោះ​ក្នុង​បណ្តាញ​សង្គម ដោយ​លោក Scott Neeson ប្រធាន​អង្គការ​មូលនិធិ​កុមារ​កម្ពុជា កាលពីពេល​ថ្មីៗ​នេះ​។ ក្នុង​បទ​សម្ភាស​ជាមួយ​សា​រព័​ត៌មាន​ថ្មីៗ យុវតី​សុ​ភី អះអាងថា Scott Neeson គឺជា​មនុស្ស​ដែល​បាន​ទាញ​នាង​ចេញពី​ជីវិត​នៅលើ​គំនរ​សំរាម​។ មានឱកាស​ទទួលបាន​ការអប់រំ ជាពិសេស​បាន​ទៅ​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី កញ្ញា រ៉ុ​ន សុ​ភី បាន​អរគុណ Scott ដែល​បាន​ចូលរួម​កែប្រែ​ជីវិត​របស់ខ្លួន​។ ពី​អតីត​ក្មេង​រើស​សំរាម​ដែល​ធ្លាប់​សំឡឹង​ឃើញ​ត្រឹម​ការងារ​នៅ​គំនរ​សំរាម ឬ​ការងារ​នៅក្នុង​រោងចក្រ ឥឡូវនេះ រ៉ុ​ន សុ​ភី មាន​ក្តី​ស្រមៃ​ថ្មី ​និង​ខ្ពស់ជាង​មុន គឺ​នាង​ចង់​ក្លាយជា​អ្នកដឹកនាំ​ក្នុង​ក្រុមហ៊ុន​ឯកជន ឬ​ជា​ម្ចាស់​អាជីវកម្ម​ទៅ​ថ្ងៃ​អនាគត​។ យុវតី​វ័យ​២១​ឆ្នាំ​រូបនេះ ក៏​សង្ឃឹម​ដែរ​ថា តាមរយៈ​ការអប់រំ​ដែល​ខ្លួន​ទទួលបាន​នេះ នឹង​ជួយ​ឲ្យ​​គ្រួសារខ្លួនរួច​ផុតពី​ភាពក្រីក្រ​​។​

 
​រស់នៅ និង​បាយទឹក​ព្រឹកល្ងាច នៅលើ​គំនរ​សំរាម គឺជា​អតីតកាល​របស់ កញ្ញា រ៉ុ​ន សុ​ភី ដែល​បច្ចុប្បន្ន មាន​វ័យ​២១​ឆ្នាំ​។ កើត​នៅ​រាជធានី​ភ្នំពេញ នៅក្នុង​គ្រួសារ​ដែលមាន​ជីវភាព​លំបាកលំបិន ហើយ​ជំពាក់​បំណុល​គេ​ទៅទៀត សុ​ភី មិនបាន​ចូលរៀន​នៅ​អាយុ​៦​ឆ្នាំ​ដូច​កុមារ​ដទៃ​ឡើយ​។ នាង​ត្រូវ​ដើរ​រើស​អេតចាយ ​នៅ​គំនរ​សំរាម​ស្ទឹងមានជ័យ ឬ​លក់​នំចំណី​ផ្សេងៗ ដើម្បី​បាន​ប្រាក់កាស​ខ្លះ មក​ឲ្យ​ឪពុកម្តាយ​ដោះស្រាយ​បន្ទុក​។ 
 
 
​សុ​ភី ជា​កូន​ទី​២ ក្នុងចំណោម​បងប្អូន​ប្រុស​ស្រី​៧​នាក់ ដែល​ភាគច្រើន​មិនបាន​ចូល​សាលារៀន​។ ដោយសារ​ជីវភាព​ក្រលំបាក​ពេក កុមារី សុ​ភី មិនដែល​ធ្លាប់​គិតថា ខ្លួន​មានឱកាស​បាន​ចូលរៀន ស្គាល់​ប៊ិច សៀវភៅ​នោះឡើយ​។ អ្វីដែល​កុមារី​រូបនេះ ដឹង ហើយ​ត្រូវ​ធ្វើជា​រៀងរាល់​ថ្ងៃនោះ គឺ​ធ្វើយ៉ាងណា ខំ​រើស​អេតចាយ ឲ្យ​បាន​ច្រើន​ដើម្បី​លក់ និង​យកប្រាក់​ទៅ​ឲ្យ​ម្តាយ​។ 
 
 
​កញ្ញា រ៉ុ​ន សុ​ភី ដែលមាន​មាឌ​ស្តើង ល្អិត និង​សម្បុរ​សណ្តែកបាយ បាន​រំឭក ជីវិត​កុមារភាព​របស់ខ្លួន​នៅលើ​គំនរ​សំរាម​ដូច្នេះ​៖«​ខ្ញុំ​រស់​នៅលើ​គំនរ​សំរាម​ហ្នឹង គឺ​វា​ពិបាក​ខ្លាំងណាស់​។ ពិបាក​គ្រប់សព្វ​ទាំងអស់ ទាំង​ការហូប ការ​គេង​ការ​អី គឺ​ពិបាក​ទាំងអស់​។ អត់​មានផ្ទះ​ជាក់លាក់​។ យើង​សង់ផ្ទះ​នៅលើ​ដី​គេ នៅពេលដែល​គេ​ត្រូវការ គេ​ដេញ​យើង​ចេញ​។ យើង​រើ​ពីមួយ​កន្លែង ទៅមួយ​កន្លែង​។ ផ្ទះ​ធ្វើ​ពី​តង់ ពេល​ភ្លៀង​មក ដេក​ទាំង​សើម​។ ហើយ​បាយ​ព្រឹក បាន​ថ្ងៃ​របស់ខ្ញុំ គឺ​នៅលើ​គំនរ​សំរាម​ហ្នឹងឯង​។ ដល់ពេល​ល្ងាច យើង​លក់​អេតចាយ​បាន​លុយ​យកទៅ​ឲ្យ​ម៉ែ ម៉ែ​គាត់​ទិញ​ម្ហូប​ធ្វើទៅបាន​ញ៉ាំ​បាយល្ងាច​ជុំគ្នា​ទៅ​។ តែ​តាម​ធម្មតា គឺ​គំនរ​សំរាម ជា​កន្លែង​ញ៉ាំ​បាយ ញ៉ាំ​អី​របស់ខ្ញុំ ហើយ​ពេល​ហ្នុ​ង ខ្ញុំ​អត់​ខ្ពើម​អី​ទេ ដោយសារ​វា​ជា​កន្លែង​ដែល​ខ្ញុំ​រស់នៅ ជា​កន្លែង​ដែល​ផ្តល់​លុយ​ឲ្យ​ខ្ញុំ ហើយ​ខ្ញុំ​នៅ​ហ្នឹង​ស្និទ្ធស្នាល​ដូច​មិត្តភក្តិ​»​។  


 
សុភី នឹងប្រើចំណេះដឹង ទាញគ្រួសារឲ្យចេញផុតពីភាពក្រីក្រ

 
​ដូចដែល អតីត​ក្មេង​រើស​សំរាម រ៉ុ​ន សុ​ភី បាន​រំឭក​អ៊ីចឹង នាង​រស់នៅ និង​ហូបចុក យ៉ាង​ស្និទ្ធស្នាល ហើយ​សកម្មភាព​ទាំងនេះ ត្រូវបានប្រតិបត្តិ​ជា​រៀងរាល់ថ្ងៃ រហូត​ថ្ងៃមួយ​ដែល​នាង បាន​ជួប​លោក Scott Neeson ដែល​ប្រធាន​អង្គការ​មូលនិធិ​កុមារ​កម្ពុជា​។ ថ្ងៃនោះ សុ​ភី ស្ថិតក្នុង​សម្លៀកបំពាក់​ប្រឡាក់​ស្រមក​ដូច​សព្វដង ពាក់មួក​ចាក់​ពណ៌​ស្លា​ទុំ និង​មាន​ស្ពាយ​កា​រ៉ុង​អេតចាយ​ពណ៌​ស​នៅលើ​ស្មា​ផង​។ ឯមុខ​ប្រឡាក់​ដី​ដោយ​កន្លែង​។ សុ​ភី រៀបរាប់ថា នៅពេល​ជួប ស្កុ​ត  គាត់​បាន​ហៅ​នាង ឲ្យ​ទៅ​រៀន​ភាសា​អង់គ្លេស​។ ស្រប​ពេលដែល សុ​ភី ចង់​ស្គាល់​ភាសា​អង់គ្លេស​នេះ​ខ្លាំង គួបផ្សំ​នឹង​ការ​យល់ថា មានការ​រៀនសូត្រ​ប៉ុណ្ណោះ ដែល​អាចជួយ​គ្រួសារ​នាង​មាន​ជីវភាព​ប្រសើរ​នោះ ទើប​កុមារី​រូបនេះ មិន​ស្ទាក់​ស្ទើរនឹង​សុំ​ម្តាយ​ទៅ​រៀន​នោះឡើយ​។ 


 
​សុ​ភី បញ្ជាក់​៖«​ដោយសារ​គ្រួសារ​ខ្ញុំ​ក្រ ហើយ​ខ្ញុំ​អត់​ចង់​ក្រ​ទៅមុខទៀត​។ ខ្ញុំ​គិតថា បើ​ខ្ញុំ​ចេះ​អ៊ីចឹងទៅ អាចជួយ​គ្រួសារ​នៅពេល​ទៅមុខទៀត​។ ហើយ​ពេលនោះ នៅ​កន្លែង​ខ្ញុំ​រស់នៅ មាន​អ្នក​ដែល​គេ​គ្រាន់បើ​ជាង​ផ្ទះ​ខ្ញុំ (​ក្រ​ដូចគ្នា តែ​គេ​គ្រាន់បើ​ជាង​) ហើយ​ខ្ញុំ​ចង់​មាន​ដូច​គេ​។ ខ្ញុំ​ឃើញ​គ្រួសារ​ខ្ញុំ​មាន​អត់ៗ ហើយ​កូន​គេ​បាន​រៀន ហើយ​មើលទៅ​គេ​ដូច​ប្រសើរ​។ អ៊ីចឹង​ខ្ញុំ​គិតថា ខ្ញុំ​ចង់​ចូលរៀន​ដែរ ព្រោះ​ខ្ញុំ​ចង់​ជួយ​គ្រួសារ​ឲ្យ​ចេញ​ផុតពី​ភាពក្រីក្រ​»​។  
 
​ពី​ពេលនោះ​ហើយ ដែល​បាន​បើកឱកាស​ឲ្យ​កុមារី វ័យ​១១​ឆ្នាំ រ៉ុ​ន សុ​ភី បាន​ស្គាល់​ការរៀនសូត្រ រហូត​ក្លាយ​ជា​សិស្ស​ដំបូងបង្អស់ របស់​អង្គការ​មូលនិធិ​កុមារ​កម្ពុជា ដែល​ទទួលបាន​អាហារូបករណ៍​ពេញ ពី​សាកលវិទ្យាល័យ​មែ​ល​ប៊​ន (Melbourne) ប្រទេស​អូស្ត្រាលី​។ មកទល់ពេលនេះ សុ​ភី មិនអាច​មិន​រំឭក​គុណ ប្រធាន​អង្គការ​មូលនិធិ​កុមារ​កម្ពុជា​នោះឡើយ​។ សុ​ភី រៀបរាប់ថា​៖«​បើ​ខ្ញុំ​អត់​បាន​ជួប​ស្កុ​ត​ទេ ឥឡូវ​ហ្នឹង​ខ្ញុំ​ប្រហែលជា​រៀបការ​បាត់ទៅហើយ​។ ខ្ញុំ​ក៏​មិនដឹងថា ជីវិត​នឹង​ទៅជា​យ៉ាងណា​? បន្ត​រើស​សំរាម​ផង​ក៏​មិនដឹង ឬក៏​ធ្វើការ​រោងចក្រ​? ពេលនោះ មានតែ​រើស​សំរាម និង​រោងចក្រ​ទេ ដែល​ល្បី​សម្រាប់​ខ្ញុំ​»​។ 
 


សុភី ធ្លាប់ស្រមៃត្រឹមធ្វើកម្មកររោងចក្រ តែឥឡូវនាងចង់ក្លាយជាដឹកនាំ
 
​ស្គាល់​តែ​គំនរ​សំរាម​តាំងតែ​ពី​តូច សុ​ភី គ្មាន​ក្តី​ស្រមៃ​អ្វី​ក្រៅពី​ការងារ​នៅ​គំនរ​សំរាម ឬ​ធ្វើ​ការងារ​រោងចក្រ នៅពេល​ខ្លួន​ធំ​ឡើយ​នោះឡើយ​។ ប៉ុន្តែ​ពី​បាន​ចូលរៀន រហូត​បាន​អាហារូបករណ៍​ពេញ ពី​សាកលវិទ្យាល័យ​មែ​ល​ប៊​ន (Melbourne) ប្រទេស​អូស្ត្រាលី​កាលពី​ឆ្នាំ​២០១៨​នោះ សុ​ភី បាន​បង្ហើប​ពី​ក្តី​ស្រមៃ​ថ្មី​របស់ខ្លួន ដែល​ចង់​ក្លាយជា​ដឹកនាំ​នៅក្នុង​ក្រុមហ៊ុន ឬ​អាជីវកម្ម​ផ្ទាល់ខ្លួន​ទៅ​ថ្ងៃ​អនាគត​។  


 
 
​ទោះបី​ពេលនេះ សុ​ភី មិនទាន់​អាច​រកប្រាក់​ចំណូល​មក​ជួយ​គ្រួ​សារបាន ស្រប​ពេលដែល គ្រួសារ​នៅតែ​ត្រដាបត្រដួស​ក៏ដោយ ប៉ុន្តែ​សុ​ភី នៅតែ​មិន​បោះចោល​ការសិក្សា​ឡើយ ព្រោះ​នាង​ចង់​ជួយ​គ្រួសារ​ក្នុង​រយៈពេល​វែង​។ សុ​ភី ពន្យល់​ទាំង​ទឹកភ្នែក​៖«​ពេលខ្លះ​ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​អត់​ប្រយោជន៍ ហើយ​ខ្ញុំ​ចង់​បញ្ឈប់ ប៉ុន្តែ​ខ្ញុំ​គិត​មួយ​ទៀតថា វា​គ្រាន់តែ​ជា​គោលដៅ​រយៈពេល​ខ្លី​របស់ខ្ញុំ​។ បើ​ខ្ញុំ​ចេញ​ធ្វើការ ខ្ញុំ​ឈប់រៀន​ទៅ មិន​ប្រាកដថា ខ្ញុំ​អាចជួយ​គាត់​បាន ដូចដែល​ខ្ញុំ​បន្ត​ការសិក្សា យើង​បាន​រៀន​ជ្រៅជ្រះ​។ ទោះបីជា​យ៉ាងម៉េច ក៏​យើង​អាច​បាន​លុយ​ច្រើនជាង​យើង​ឈប់​ឥឡូវ​ហ្នឹង​ដែរ​។ ខ្ញុំ​ចង់​ជួយ​គ្រួសារ​ខ្ញុំ​រយៈពេល​វែង មិន​ត្រឹម​រយៈ​ខ្លី ហើយ​ជួយ​បាន​ខ្លាំង​ជាង​អ្វីដែល​ខ្ញុំ​ចង់បាន​ទៀត​។  អ៊ីចឹង​ខ្ញុំ​នៅតែ​បន្ត​ការសិក្សា​ទៀត​។ ម្យ៉ាង​ម៉ាក់​ប៉ា ខ្ញុំ​គាត់​ក្រ គាត់​និយាយថា គាត់​អត់​មានអី​ចែក​ឲ្យ​កូន ប៉ុន្តែ​គាត់​ថា គាត់​មានតែ​អាហ្នឹង​(​ចំណេះ​)​ជំរុញ​ឲ្យ​កូន​ទៅ​រៀន​»​។​
 
​លើសពីនេះទៅទៀត សុ​ភី សង្ឃឹមថា នាង​នឹង​អាចជួយ​ជ្រោមជ្រែង​ជីវភាព​គ្រួសារ​ឲ្យ​ល្អប្រសើរ​ជាង​ពេលបច្ចុប្បន្ន តាមរយៈ​ការ​ខំប្រឹង​រៀន ឲ្យ​មាន​ការងារ​ធ្វើ និង​ឈានទៅ​សម្រេច​ក្តី​ស្រមៃ​របស់ខ្លួន ដែល​ចង់​ក្លាយជា​អ្នកដឹកនាំ​នោះ​៕

Tag:
 រ៉ុ​ន សុ​ភី​
  Scott Neeson
 ​ក្មេង​រើស​សំរាម​
© រក្សាសិទ្ធិដោយ thmeythmey.com