លោក អេង រិទ្ធី ចង់​ឲ្យ​អ្នក​កាប់​ឈើ​ធ្វើ​ធ្យូង ងាក​មក​ប្រើ​ត្រឡោក​ដូង​-​សំបក​ផ្លែឈើ ច្នៃ​ជា​«​ធ្យូង​អនាម័យ​»
ជាតិ
សេដ្ឋកិច្ច
២៥ខេត្ត/រាជធានី
លោក អេង រិទ្ធី ចង់​ឲ្យ​អ្នក​កាប់​ឈើ​ធ្វើ​ធ្យូង ងាក​មក​ប្រើ​ត្រឡោក​ដូង​-​សំបក​ផ្លែឈើ ច្នៃ​ជា​«​ធ្យូង​អនាម័យ​»
19, Jun 2019 , 5:43 pm        
រូបភាព
រូបភាពផ្តល់ដោយលោក អេង រិទ្ធី ម្ចាស់សិប្បកម្មធ្យូងអនាម័យនៅខេត្តក្រចេះ
រូបភាពផ្តល់ដោយលោក អេង រិទ្ធី ម្ចាស់សិប្បកម្មធ្យូងអនាម័យនៅខេត្តក្រចេះ
​ភ្នំពេញ​៖ ដោយ​សម្លឹង​ឃើញ​ឱកាស​ទីផ្សារ​ធ្យូង​អនាម័យ អាចឈរជើង​បានយូរ​អង្វែង និង​អាច​ជំនួស​ធ្យូងឈើ​នៅ​ថ្ងៃ​អនាគត លោក អេង រិទ្ធី បានសម្រេច​ចិត្ត​បោះបង់​អាជីព​ជាង​ជួស​ជុល​រថយន្ត មក​បង្កើត​សិប្បកម្ម​កែច្នៃ​ធ្យូង​អនាម័យ ដែល​លោក​បាន​រៀន​អី​អ្នកជំនាញ​នៅ​ប្រទេស​ថៃ​។ ម្ចាស់​សិប្បកម្ម​នៅ​ខេត្តក្រចេះ រូបនេះ អាច​ផលិត​ធ្យូង​អនាម័យ​បាន ១​តោន​ក្នុង​មួយថ្ងៃ សម្រាប់​ផ្គត់ផ្គង់​ទៅ​ទីផ្សារ​។ បើទោះជា ទីផ្សារ​ធ្យូង​អនាម័យ​ដែល​លោក រិទ្ធី ច្នៃ​ពី​ត្រឡោក​ដូង​និង​សំបក​ផ្លែឈើ មិនទាន់​ទូលាយ​និងមានតម្លៃ​ថ្លៃ​ជាង​ធ្យូងឈើ​ពាក់កណ្តាល​ក៏ដោយ ក៏អ្នកជំនួញ​វ័យ​៣៥​ឆ្នាំ អេង រិទ្ធី ចង់ឃើញ​ម្ចាស់​សិប្បកម្ម​ធ្យូង​ធ្វើ​ពី​ឈើ​ទាំងអស់ ត្រឡប់មក​ច្នៃ​ជា​ធ្យូង​អនាម័យ​វិញ ដើម្បី​លើ​កម្ពស់​ទីផ្សារ​ធ្យូង​អនាម័យ​, ចូលរួម​ការពារ​ព្រៃឈើ និង​បរិស្ថាន​នៅ​កម្ពុជា​។​

 
​លោក អេង រិទ្ធី សម្រេចចិត្ត​បោះបង់​ការងារ​ជាង​ជួល​ជុល​រថយន្ត ងាក​មក​ធ្វើ​ជំនួញ​ធ្យូង​អនាម័យ​វិញ ដោយ​លោក រិទ្ធី មើលឃើញ​ឱកាស​ទីផ្សារ​ធ្យូង​អនាម័យ​, អត្ថប្រយោជន៍​នៃ​ការប្រើប្រាស់ និង​សម្បូរ​វត្ថុធាតុដើម​ក្នុង​ការផលិត​ធ្យូង​អនាម័យ​នេះ​ផង​។ «​ធ្យូង​អនាម័យ​» គឺជា​ធ្យូង​ដែល​ប្រើប្រាស់​បានយូរ អត់​ផ្ទុះ អត់​ហុយផ្សែង ឆេះ​ងំ​បាន​ហូរ និង​មិន​ប៉ះពាល់​ដល់​បរិស្ថាន​ដូច​ធ្យូង​ធ្វើ​ពី​ឈើ​ឡើយ​។ ធ្យូង​អនាម័យ​ដែល​បុរស​វ័យ​៣៥​ឆ្នាំ រូបនេះ ផលិត​គឺ​ច្នៃ​មកពី​ត្រឡោក​ដូង សំបក​ផ្លែឈើ​ផ្សេងៗ កម្ទេច​ឈើ​ដើម​ស្វាយចន្ទី និង​ដើម​កៅស៊ូ​ដែល​ងាប់ ឬ​ពុកផុយ​។ មានគំនិត​ច្នៃ​ជា​ធ្យូង​អនាម័យ​ដោយ​ប្រើ​ធាតុ​ផ្សំ​ទាំងនេះ ដែល​ងាយស្រួល​ស្វែងរក ផលិត​, ចំណេញ​ដល់​ការ​ចម្អិន​អាហារ និង​មិន​ប៉ះពាល់​ដល់​សុខភាព​ផង​នោះ គឺ​លោក រិទ្ធី រៀន​ពី​អ្នកជំនាញ​នៅ​ប្រទេស​ថៃ​។​


 
​ប្រកបមុខរបរ​ផលិត​ធ្យូង​អនាម័យ​នេះ​អស់​រយៈពេល​៣​ឆ្នាំ​មកហើយ ទើប​លោក អេង រិទ្ធី សម្រេចចិត្ត​បង្កើតជា​សិប្បកម្ម​ផលិត​ធ្យូង​អនាម័យ​ដោយ​ប្រើពេល​៣​ខែ​។ ម្ចាស់​សិប្បកម្ម​ធ្យូង​អនាម័យ​នៅ​ខេត្តក្រចេះ រូបនេះ បាន​ពន្យល់ ThmeyThmey25 ថា ការ​បង្កើតជា​សិប្បកម្ម​ធ្យូង​អនាម័យ​តូច​ល្មម​មួយ​នេះ​ ដើម្បីផលិត​ចែកចាយ​ដល់​អតិថិជន​មួយចំនួន​នៅ​រាជធានី​ភ្នំពេញ ដែល​ពួកគាត់​និយម​ប្រើប្រាស់​ធ្យូង​អនាម័យ​ចម្អិន​អាហារ​។​


 
​លោក រិទ្ធី បាន​ឲ្យ​ដឹងផង​ដែរ​ថា បច្ចុប្បន្ន សិប្បកម្ម​របស់លោក​ផលិត​ធ្យូង​អនាម័យ​បាន​១​តោន​ក្នុង​មួយថ្ងៃ សម្រាប់​ផ្គត់ផ្គង់​នៅលើ​ទីផ្សារ ដោយ ១​គីឡូក្រាម​មានតម្លៃ​ពី ៣,០០០​រៀល ទៅ ៤,០០០​រៀល តាម​ប្រភេទ​វត្ថុធាតុដើម​ដែល​យកមក​ច្នៃ​ជា​ធ្យូង​អនាម័យ​នេះ​។ «​កាលពីពេល​ថ្មីៗ​នេះ មាន​អតិថិជន​ច្រើន​គួរសម​បាន​គ្រាំទ្រ និង​ទិញ​ធ្យូង​របស់ខ្ញុំ ដោយសារ​ពួកគាត់​ស្គាល់​ពី​គុណភាព​ធ្យូង​អនាម័យ​នេះ​»​។ នេះ​ជាការ​បញ្ជាក់​របស់​អ្នកជំនួញ​ធ្យូង​អនាម័យ អេង រិទ្ធី​។​


 (រូបលោក អេង រិទ្ធី ម្ចាស់សិប្បកម្មធ្យូងអនាម័យនៅខេត្តក្រចេះ)

​បើទោះជា មិនទាន់មាន​ទីផ្សារ​ទូ​លំ​ទូលាយ និង​មានតម្លៃ​ថ្លៃ​ជាង​ធ្យូង​ធម្មតា (​ធ្យូង​ធ្វើ​អំពី​ឈើ​) រហូតដល់​ទៅ​១,៥០០​រៀល​ក៏ដោយ ម្ចាស់​សិប្បកម្ម​ធ្យូង​អនាម័យ រិទ្ធី មិន​បារម្ភ​ខ្លាំង​ពី​ការប្រកួតប្រជែង​ជាមួយ​សិប្ប​កិ​ម្ម​ធ្យូង​ធ្វើ​ពី​ឈើ​ឡើយ​។ មិន​បារម្ភ​ខ្លាំង​ព្រោះ​លោក រិទ្ធី មើលឃើញ​ពី​ឱកាស​ទីផ្សារ​របស់​អ្នកធ្វើ​ជំនួញ​ធ្យូង​អនាម័យ​រូបលោក អាច​នឹង​ឈរជើង​បានយូរ​អង្វែង​ជាង ហើយ​អាច​នឹង​ជំនួស​ធ្យូងឈើ​នៅ​ថ្ងៃ​អនាគត​បាន ខណៈ​ព្រៃឈើ​កាន់តែ​សឹករេចរឹល​ជា​បន្តបន្ទាប់​។​

អត្ថបទទាក់ទង
 
​ផ្ទុយទៅវិញ ម្ចាស់​សិប្បកម្ម​ធ្យូង​អនាម័យ អេង រិទ្ធី កំពុង​បារម្ភ​ពី​ការកាប់បំផ្លាញ​ព្រៃឈើ​យកមក​ដុត​ធ្វើ​ធ្យូង ដោយ​ម្ចាស់​សិប្បកម្ម​មួយចំនួន​នៅ​កម្ពុជា នៅតែ​បន្ត​ផលិត​ធ្យូង​ធ្វើ​ពី​ឈើ​ទាំងនោះ​។ ដើម្បី​ទប់ស្កាត់​ការកាប់​ព្រៃឈើ​ខុសច្បាប់ ដែល​ពួកគេ​យកមក​ធ្វើ​ធ្យូង លោក រិទ្ធី សំណូមពរ​ឲ្យ​ម្ចាស់​សិប្បកម្ម​ទាំងនោះ ត្រឡប់មក​ច្នៃ​ជា​ធ្យូង​អនាម័យ​វិញ ដែល​អាចធ្វើ​ឲ្យ​សិប្បកម្ម​ធ្យូង​អនាម័យ​នៅ​កម្ពុ​ជាមាន​សន្ទុះ​កាន់តែខ្លាំង​ឡើង ហើយ​ចូលរួម​ការពារ​ព្រៃឈើ និង​បរិស្ថាន​បាន​ផងដែរ​។​


 
​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ម្ចាស់​សិប្បកម្ម​ធ្យូង​អនាម័យ​ដែល​ច្នៃ​ពី​ត្រឡោក​ដូង និង​សំបក​ផ្លែឈើ​ជាដើម ជឿជាក់​យ៉ាង​មុតមាំ​ថា​៖«​ទៅ​ថ្ងៃមុខ​ទៀត ព្រៃឈើ​ប្រាក​ដ៏​ជា​បាត់បង់​បន្តិច​ម្តងៗ ហើយ​ការផលិត​ធ្យូងឈើ​នឹង​ថមថយ​។ ដូច្នេះ យើង​មានតែ​ច្នៃ​ធ្បូ​ង​អនាម័យ​ដែល​ផលិត​ពី​របស់​កែច្នៃ​ទាំង​នោះទេ ទើប​អាចបំពេញ​តម្រូវការ​ទីផ្សារ​នៅ​ថ្ងៃ​អនាគត ជំនួស​ធ្យូងឈើ​បាន​»​។​


 
«​បើ​ធ្យូង​អនាម័យ​នឹងមាន​ទីផ្សារ​កាន់តែច្រើន ខ្ញុំ​អាចមាន​លទ្ធភាព​ផលិត​បាន​ដល់​ទៅ​៥​តោន​ក្នុង​មួយថ្ងៃ​សម្រាប់​ផ្គត់ផ្គង់​។ ប៉ុន្តែ ដោយសារ​ទីផ្សារ​មិនទាន់​អំណោយផល ខ្ញុំ​គ្រាន់តែ​ធ្វើ​វា​សម្រាប់​បំពេញតម្រូវការ​អាជីវ​ករ​ខ្នាតតូច និង​លក្ខណៈ​គ្រួសារ​ប៉ុណ្ណោះ​»​។ នេះ​ជាការ​អះអាង​របស់​អ្នកជំនួញ​ធ្យូង​អនាម័យ អេង រិទ្ធី ដែល​បច្ចុប្បន្ន ថ្វី​ត្បិត​មិនទាន់​ទទួលបាន​ផលចំណេញ​ច្រើន និង​ផ្គត់ផ្គង់​នៅលើ​ទីផ្សារ​បាន​ទូលំទូលាយ​ក៏ដោយ​៕






 

Tag:
 ​ជាតិ​
  សង្គម​
  ធ្យូង​
  បរិស្ថាន​
  ក្រចេះ
© រក្សាសិទ្ធិដោយ thmeythmey.com