អន្តរជាតិ
អង់គ្លេស​៖ លោក បូរី​ស ច​ន​សុន សង្ឃឹម​កាន់តែ​ខ្ពស់​ក្នុង​ការបន្ត​តំណែង​ពី​លោកស្រី ម៉េ​យ៍
20, Jun 2019 , 10:41 am        
រូបភាព
បេក្ខភាពបួននាក់ចុងក្រោយ៖ (ឆ្វេងទៅស្ដាំ) រដ្ឋមន្រ្តីមហាផ្ទៃ Sajid Javid, រដ្ឋមន្រ្តីបរិស្ថាន Michael Gove, អតីតរដ្ឋមន្រ្តីការបរទេស Boris Johnson និងរដ្ឋមន្រ្តីការបរទេសសព្វថ្ងៃ Jeremy Hunt ។ រូបភាព AFP
បេក្ខភាពបួននាក់ចុងក្រោយ៖ (ឆ្វេងទៅស្ដាំ) រដ្ឋមន្រ្តីមហាផ្ទៃ Sajid Javid, រដ្ឋមន្រ្តីបរិស្ថាន Michael Gove, អតីតរដ្ឋមន្រ្តីការបរទេស Boris Johnson និងរដ្ឋមន្រ្តីការបរទេសសព្វថ្ងៃ Jeremy Hunt ។ រូបភាព AFP
​នៅ​ចក្រភព​អង់គ្លេស ដំណើរការ​ជ្រើសរើស​មេ​ដឹកនាំ​ថ្មី ឈាន​ជិត​ដល់​ដំណាក់កាល​ចុងក្រោយ​ហើយ​។ ឆ្លងកាត់​ការបោះឆ្នោត​ផ្ទៃក្នុង​ច្រើន​ដំណាក់កាល បេក្ខជន​ចំនួន​១០​នាក់ ត្រូវបាន​ជម្រុះ​មក​ត្រឹម​៤​នាក់​ប៉ុណ្ណោះ ដោយ​អតីតរដ្ឋមន្ត្រី​ការបរទេស បូរី​ស ច​ន​សុន មាន​ភាគរយ​ខ្ពស់​ជាងគេ​ក្រោយ​ការបោះឆ្នោត​កន្លងមក ហើយ​ត្រូវបាន​គេ​រំពឹងថា នឹង​ស្នង​តំណែង​ពី​លោកស្រី ថេ​រ៉េ​សា ម៉េ​យ៍ ។ នាយករដ្ឋមន្ត្រី​ថ្មី នឹង​លេចមុខ​នៅ​ចុងខែ​កក្កដា​ខាងមុខ​។​

 
​អតីត​ប្រមុខ​ការទូត​អង់គ្លេស បូរី​ស ច​ន​សុន កំពុង​ខិតជិត​ទៅកាន់​តំណែង​នាយករដ្ឋមន្ត្រី​ជំនួស​លោកស្រី ថេ​រ៉េ​សា ម៉េ​យ៍ បន្ទាប់ពី​ទទួល​សំឡេង​នាំមុខគេ​ក្នុង​ដំណើរការ​ជ្រើសរើស​មេដឹកនាំ​ថ្មី​។ បច្ចុប្បន្ន បេក្ខជន​ចុងក្រោយ​នៅសល់​ចំនួន​៤​នាក់​ទៀត ដែល​ត្រូវ​ឆ្លងកាត់​ការបោះឆ្នោត​មួយ​ជុំ​ទៀត​ដើម្បី​ចម្រាញ់​យក​បេក្ខជន​ពីរ​ចុងក្រោយ​។ បេក្ខជន​ដែល​ឈ្នះ នឹង​ឡើងជា​ប្រធាន​បក្ស​អភិរក្ស ហើយ​ធ្វើជា​នាយករដ្ឋមន្ត្រី​ផងដែរ​។​
 
​នៅក្នុង​ការបោះឆ្នោត​ថ្ងៃទី​១៩ ខែមិថុនា លោក ច​ន​សុន ទទួល​សំឡេង​ច្រើនជាងគេ ជាមួយនឹង​សំឡេង​ចំនួន​១៤៣ ក្នុងចំណោម​សមាជិក​ជាន់ខ្ពស់​បក្ស​អភិរក្ស​ចំនួន​៣១៣​នាក់​។ រដ្ឋមន្ត្រីការបរទេស​បច្ចុប្បន្ន Jeremy Hunt នៅ​លំដាប់​ទី​ពីរ​ដោយមាន​សំឡេងគាំទ្រ​ចំនួន​៥៤, រដ្ឋមន្ត្រី​បរិស្ថាន​ឈរ​លំដាប់​ទី​បី​មាន​សំឡេង​៥១ និង​លំដាប់​ទី​បួន ធ្លាក់​លើ​រដ្ឋមន្ត្រី​មហាផ្ទៃ  Sajid Javid ដែល​ទទួល​សំឡេងគាំទ្រ​ចំនួន​៣៨ ។​
 
​រដ្ឋមន្ត្រី​អភិវឌ្ឍន៍​អន្តរជាតិ Rory Stewart ដែលជា​បេក្ខជន​មាន​ភាគរយ​ខ្ពស់​មួយ​ដែរនោះ ត្រូវបាន​ជម្រុះ​ចេញពី​ការប្រកួតប្រជែង​។ លោក Stewart ទទួល​សំឡេង​តិចជាងគេ​ក្នុងចំណោម​បេក្ខជន​ទាំង​៥ ដោយ​ទទួលបាន​ការគាំទ្រ​តែ​២១ សំឡេង​ប៉ុណ្ណោះ​។ 
 
​លោក ច​ន​សុន ដែលជា​អតីត​អភិបាលក្រុង​ឡុង​ដ៍​ផង​នោះ បាន​មិត្តភក្តិ និង​សហការី​ទាំងអស់​ដែល​បាន​គាំទ្រ​លោក​ក្នុងការ​ជម្រុះ​ជុំ​ទី​បី​នេះ ដែល​វា​ចំ​ថ្ងៃកំណើត​របស់លោក​ផងដែរ​។ លោក​បន្តថា យើង​បាន​ដើរ​លើផ្លូវ​វែងឆ្ងាយ តែ​មិនទាន់​ដល់​គោលដៅ​ឡើយ​។ លើ​រឿង​ចាក​ចេញពី​អឺរ៉ុប លោក ច​ន​សុន ប្រកាន់​ជំហរ​ដាច់ខាត គឺ​ត្រូវ​ចាកចេញ​នៅត្រឹម​ថ្ងៃទី​៣១ ខែតុលា ដែលជា​កាលបរិច្ឆេទ​ចុងក្រោយ ទោះ​មាន ឬ​គ្មាន​កិច្ចព្រមព្រៀង​ក៏ដោយ​។ 
 
​នៅ​ថ្ងៃទី​២០ ខែមិថុនា​នេះ ការ​ជម្រុះ​នឹង​ធ្វើឡើង​ម្ដងទៀត ដោយ​រក្សា​តែ​បេក្ខជន​ពីរ​នាក់​មាន​សំឡេង​ខ្ពស់​ជាងគេ ដើម្បី​តទល់​គ្នា​ទឹក​ចុងក្រោយ​។ នៅ​ដំណាក់​ចុងក្រោយ​នេះ សមាជិក​បក្ស​អភិរក្ស​ជាង​១៣​ម៉ឺន​នាក់​ទូទាំងប្រទេស នឹង​បោះឆ្នោត​លើ​បេក្ខជន​ទាំងពីរ​។ លទ្ធផល​ផ្លូវការ​នឹង​ប្រកាស​នៅក្នុង​សប្ដាហ៍​នៃ​ថ្ងៃទី​២២ ខែកក្កដា​។ កិច្ចការ​សំខាន់​របស់​នាយករដ្ឋមន្ត្រី​ថ្មី គឺ​ការ​លែងលះ​ជាមួយ​សហភាព​អឺរ៉ុប​ដែល​សព្វថ្ងៃ​ជាប់គាំង​ត្រឹម​រដ្ឋសភា​អង់គ្លេស​៕

Tag:
 អង់គ្លេស​
  បូរី​ស ច​ន​សុន​
  ថេ​រ៉េ​សា ម៉េ​យ៍
© រក្សាសិទ្ធិដោយ thmeythmey.com