អន្តរជាតិ
នយោបាយអន្តរជាតិ
រុស្ស៊ីបីនាក់និងអ៊ុយក្រែនម្នាក់ ត្រូវចោទប្រកាន់ករណីបាញ់ទម្លាក់យន្តហោះ MH17 ជនដែលត្រូវចោទទាំងបួននាក់។ រូបភាព AFP
× ជាងបួនឆ្នាំក្រោយសោកនាដកម្ម ទើបរកមុខជនត្រូវចោទឃើញ។ ក្រុមស៊ើបអង្កេតអន្តរជាតិ នៅថ្ងៃទី១៩ ខែមិថុនា បានចោទប្រកាន់មនុស្សបួននាក់ថា នៅពីក្រោយហេតុការណ៍បាញ់ទម្លាក់យន្តហោះនៃអាកាសចរណ៍ម៉ាឡេស៊ី Malaysia Airlines ជើងហោះហើរ MH17 ក្នុងដែនអាកាសអ៊ុយក្រែន។ មនុស្ស២៩៨ នៅលើយន្តហោះសុទ្ធតែបាត់បង់ជីវិតទាំងអស់។ រុស្ស៊ី បានបង្ហាញការសោកស្ដាយចំពោះការចោទប្រកាន់នេះ ខណៈគ្រួសារអ្នករងគ្រោះរីករាយដែលការរកយុត្តិធម៌ទៅមុខ។
ក្រុមស៊ើបអង្កេតអន្តរជាតិចម្រុះដឹកនាំដោយហូឡង់ បានបញ្ចេញមុខជនជាប់ចោទបួននាក់ដែលត្រូវទទួលខុសត្រូវករណីបាញ់ទម្លាក់យន្តហោះ Malaysia Airlines ជើងហោះហើរ MH17 កាលពីឆ្នាំ២០១៤ ។ ក្នុងចំណោមជនសង្ស័យនេះ មានជនជាតិរុស្ស៊ីបីនាក់ និងជនជាតិអ៊ិយក្រែនម្នាក់ផង។ ពួកគេ ជាជនសង្ស័យដំបូងដែលត្រូវប្រឈមមុខដំណើរការរកយុត្តិធម៌ឲ្យជនរងគ្រោះទាំង២៩៨នាក់ ដែលបាត់បង់ជីវិតក្នុងហេតុការណ៍ដ៏អាក្រក់នេះ។
ការកាត់ក្ដីជនទាំងពីរមានប្រវត្តិជាយោធា និងចារកម្មផងនោះ នឹងធ្វើឡើងនៅខែមីនា ឆ្នាំ២០២០ ក្នុងតុលាការហូឡង់ដែលមានជនជាតិរបស់ខ្លួនស្លាប់ច្រើនជាងគេ។ មានភាគរយច្រើនដែលការកាត់ក្ដី ធ្វើឡើងដោយកំបាំងមុខ ដ្បិតរុស្ស៊ី និងអ៊ុយក្រែនទំនងជាមិនបញ្ជូនជនជាតិខ្លួនឲ្យទៅតវ៉ាក្ដីចំពោះមុខតុលាការបរទេសឡើយ។ ជនទាំងបួនមានឈ្មោះដូចជា Igor Girkin, Sergei Dubinsky and Oleg Pulatov និង Leonid Kharchenko ។
ក្នុងសន្និសីទថ្ងៃទី១៩ ខែមិថុនា អគ្គរាជអាជ្ញាហូឡង់ Fred Westerbeke និយាយថា ជនទាំងបួនទទួលខុសត្រូវលើការនាំចូលប្រព័ន្ធមីស៊ីល BUK ចូលទឹកដីអ៊ុយក្រែនភាគខាងកើត ទោះជាមិនបានចុចប៊ូតុងបាញ់ក៏ដោយចុះ។ មន្ត្រីច្បាប់ហូឡង់រូបនេះបន្តថា ក្រុមលោកមិនទាមទារឲ្យមានការធ្វើបត្យាប័នជនទាំងនេះឡើយ តែសូមឲ្យរុស្ស៊ីជួយផ្ដល់កិច្ចសហការពេលនេះផង ដ្បិតនៅមានសំណួរច្រើនទៀតដែលមិនទាន់មានចម្លើយនៅឡើយ។
អគ្គរាជអាជ្ញាហូឡង់ Fred Westerbeke ក្នុងសន្និសីទព័ត៌មាន។ រូបភាព AFP
រុស្ស៊ីឯណោះវិញ បានទាត់ចោលការទម្លាក់កំហុសលើខ្លួនម្ដងទៀត។ ទីភ្នាក់ងារព័ត៌មាន AFP ផ្សាយថា ក្រសួងការបរទេសរុស្ស៊ី ចាត់ទុកការចោទប្រកាន់របស់ក្រុមស៊ើបអង្កេតអន្តរជាតិនេះ ជារឿងគ្មានមូលដ្ឋានច្បាស់លាស់ ហើយធ្វើឡើងដើម្បីបង្ខូចមុខមាត់រុស្ស៊ីលើឆាកអន្តរជាតិ។ ក្រសួងដដែលអះអាងថា តាំងពីថ្ងៃដំបូងនៃសោកនាដកម្មនេះ រុស្ស៊ីតែងចង់រកការពិត និងមានឆន្ទៈក្នុងការធ្វើកិច្ចសហប្រតិបត្តិការក្នុងការស៊ើបអង្កេតនេះ។
សូមបញ្ជាក់ថា ក្រុមស៊ើបអង្កេតអន្តរជាតិនេះ មានសមាសភាពមកពីប្រទេសដែលមានជនរងគ្រោះច្រើនដូចជាហូឡង់ អូស្ត្រាលី បែលហ្ស៊ិក ម៉ាឡេស៊ី និងអ៊ុយក្រែនជាដើម។ ជនជាតិហូឡង់ចំនួន១៩៦ បានស្លាប់ក្នុងហេតុការណ៍នេះ ខណៈអូស្ត្រាលីមាន៣៨នាក់ផងដែរ។ កាលពីខែឧសភា ឆ្នាំ២០១៨ អូស្ត្រាលី និងហូឡង់ចោទរុស្ស៊ីជាផ្លូវការថា ថានៅពីក្រោយសោកនាដកម្មនេះ ហើយភស្តុតាងសំខាន់ជាងគេមួយ គឺមីស៊ីល BUK របស់រុស្ស៊ីតែម្ដង៕
Tag:
រុស្ស៊ី
អ៊ុយក្រែន
ហូឡង់
MH17
© រក្សាសិទ្ធិដោយ thmeythmey.com