លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា មិននៅស្ងៀមឡើយ ក្រោយអ្នកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៅកម្ពុជា និង លោក ដាវីដ កាយ៉េ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកលើកស្ទួយ និងការពារសិទ្ធិសេរីភាពនៃការបញ្ចេញមតិ បានចេញសេចក្តីថ្លែងការណ៍រួមគ្នា ដោយលើកឡើងពីការបិទសិទ្ធិសេរីភាពនៅកម្ពុជា។
លោក កែវ រ៉េមី បកស្រាយទៅពួកគេថា ការដែលសមត្ថកិច្ចនិងតុលាការ ហៅអតីតសកម្មជនគណបក្សប្រឆាំងទៅសួរកន្លងមក មិនមែនជាការរឹតត្បិតសំឡេងអ្នកប្រឆាំង ឬជាការរឹតត្បិតសេរីភាពនៃការបញ្ចេញមតិនោះទេ តែជាការអនុវត្តច្បាប់។ លោក បន្តថា ជាគោលការណ៍ច្បាប់ និងសិទ្ធិមនុស្សជាសាកល ការជួបជុំគ្នា ឬការសម្តែងមតិក្នុងចេតនាទុច្ចរិត ដោយគាំទ្រចលនាខុសច្បាប់ បង្កភាពចលាចល និងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ មិនមែនជាសិទ្ធិសេរីភាពនៃការជួបជុំនិងការបញ្ចេញមតិ ដែលត្រូវការពារដោយច្បាប់នោះទេ តែផ្ទុយទៅវិញ ត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់។
ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានសរសេរសារមកកាន់សារព័ត៌មានថ្មីៗ តាមបណ្តាញទំនាក់ទំនងតេឡេក្រាម នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ យ៉ាងដូច្នេះថា «ផ្ទុយស្រឡះពីការលើកឡើងរបស់អ្នករាយការណ៍ពិសេសទាំងពីររូបនេះ សេរីភាពនៃការជួបជុំ និងការបញ្ចេញមតិ ត្រូវបានធានា និងការពារយ៉ាងពេញលេញនៅកម្ពុជា ដោយប្រជាពលរដ្ឋភាគច្រើនលើសលប់ កំពុងប្រើប្រាស់ដោយសេរី នូវបណ្តាញសារព័ត៌មាន និងបណ្តាញសង្គមក្នុងការសម្តែងមតិរបស់ខ្លួនតាមផ្លូវច្បាប់....»។
លើសពីនេះ មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលដែលទទួលបន្ទុកផ្នែកសិទ្ធិមនុស្សរូបនេះ បានលើកអំណះអំណាងថា វិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA ) ទើបនឹងត្រូវបានអនុញ្ញតឲ្យដំណើរការការិយាល័យនៅកម្ពុជាឡើងវិញ ក្រោយពីបានបំពេញបែបបទនិងនីតិវិធីច្បាប់។
តាមរយៈសេចក្តីថ្លែងការណ៍ ពីក្រុងហ្សឺណែវ ប្រទេសស្វីស នៅថ្ងៃទី១៩មិថុនា អ្នកស្រី ស្មីត និង លោក កាយ៉េ បានបង្ហាញកង្វល់ចំពោះវិធានការរបស់រដ្ឋាភិបាល ក្នុងការបំបិទសំឡេងដៃគូនយោបាយ និងសំឡេងក្រុមដែលមានមតិផ្ទុយ។ អ្នកទាំងពីរ រៀបរាប់ពីចំណាត់ការរបស់សមត្ថកិច្ច និងតុលាការ ដែលហៅអតីតមន្ត្រីគណបក្សប្រឆាំងជាង១០០នាក់ ទៅសួរនាំ ក្រោយពួកគេ បង្ហាញការគាំទ្រចំពោះលោក សម រង្ស៊ី និង លោក កឹម សុខា ដែលជាមេដឹកនាំរបស់ពួកគេ។
វិធានការនេះ ធ្វើឲ្យអ្នកជំនាញសិទ្ធិមនុស្សទាំងពីរ មានកង្វល់ពីការប្រើច្បាប់ ដើម្បីដាក់គោលដៅទៅលើការនិយាយស្តី។ អ្នកទាំងពីរ សង្កត់ធ្ងន់ថា «សិទ្ធិនេះ គឺជាមូលដ្ឋានគ្រឹះ សម្រាប់សង្គមប្រជាធិបតេយ្យ។ ការរឹតត្បិតលើសេរីភាពបញ្ចេញមតិ ត្រូវមានដែនកំណត់ និង ត្រូវកំណត់និយមន័យឲ្យបានច្បាស់លាស់.....»។
បរិយាយពីបញ្ហាទាំងអស់នេះហើយ អ្នកជំនាញសិទ្ធិមនុស្សខាងលើ ក៏អំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា ស្តារឡើងវិញនូវការធ្លាក់ចុះនៃសិទ្ធិនយោបាយនិងសិទ្ធិជាមូលដ្ឋាន។ បន្ថែមពីនេះ ពួកគេ ក៏បង្ហាញបំណងចង់ឲ្យមានការចរចាផងដែរ។
អ្នករាយការណ៍ពិសេសទាំងពីរ បញ្ជាក់ថា «ដល់ពេលដែលរដ្ឋាភិបាល [ត្រូវ] ដឹកនាំឲ្យមានការផ្លាស់ប្តូរវប្បធម៌នយោបាយ ឆ្ពោះទៅរកកិច្ចសន្ទនាមួយ ដែលផ្តោតទៅលើបញ្ហា ជាជាងផ្តោតលើរឿងបុគ្គល ដែលវា ជាវិធីមួយឈានទៅមុខ និងបង្កើតមូលដ្ឋានរឹងមាំសម្រាប់សន្តិភាពយូរអង្វែង ការអភិវឌ្ឍប្រកបដោយចីរភាព និងការទទួលបានសិទ្ធិមនុស្សទាំងអស់»។
យ៉ាងណា អ្នកជំនាញសិទ្ធិមនុស្សទាំងពីរ ពុំបានបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា ត្រូវសន្ទនាជាមួយភាគីណានោះទេ ប៉ុន្តែ ទំនងជាសំដៅលើអតីតក្រុមអ្នកប្រឆាំង ឬភាគីពាក់ព័ន្ធផ្សេងទៀត៕