កីឡាអន្តរជាតិ
អន្តរជាតិ
Paul Scholes ត្រូវ FA ពិន័យ​ជាង​១​ម៉ឺន​ដុល្លារ ជុំវិញ​ការ​ភ្នាល់​បាល់​
20, Jun 2019 , 4:06 pm        
រូបភាព
Paul Scholes អតីត​ខ្សែបម្រើ​ឆ្នើម​របស់ Manchester United ត្រូវ​សហព័ន្ធ​កីឡាបាល់ទាត់​អង់គ្លេស (FA) ពិន័យ​ជា​ប្រាក់​ចំនួន ៨០០០​ផោន (១០១៤៥​ដុល្លារ​អាមេរិក​) បន្ទាប់ពី​លោក​សារភាពថា​បាន​ភ្នាល់​បាល់​ដែលជា​ទង្វើ​ខុសច្បាប់​។​



អត្ថបទទាក់ទង
 
Scholes ត្រូវ​ចោទប្រកាន់​ពីបទ​ភ្នាល់​ក្នុង​ការប្រកួត​កីឡាបាល់ទាត់​ចំនួន​១៤០​ដង ចន្លោះ​ពីថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០១៥ រហូតដល់​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៩​។ នេះ​មានន័យថា​អតីត​ខ្សែបម្រើ​ជម្រើសជាតិ​អង់គ្លេស ចូលរួម​ភ្នាល់​នៅមុន​ពេល​លោក​ក្លាយជា​អ្នកចាត់ការ​ទូទៅ​។​
 
​បុរស​សញ្ជាតិ​អង់គ្លេស​វ័យ​៤៤​ឆ្នាំនេះ​ត្រូវបានតែងតាំង​ជា​អ្នកចាត់ការ​ទូទៅ​ក្រុម Oldham ដែល​ស្ថិតក្នុង​ក្របខណ្ឌ League Two នៃ​លី​គ​បាល់ទាត់​លំដាប់​ទី​៤​អង់គ្លេស​កាលពី​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៩​។ ប៉ុន្តែ​ក្រោយ​ដឹកនាំ​បាន​៣១​ថ្ងៃ លោក​បានសម្រេច​ចុះចេញ​ពី​តំណែង​វិញ​។​
 
​ជុំវិញ​ករណីនេះ ភាគី FA បាន​សម្រាលទោស​របស់ Scholes មួយចំនួន បន្ទាប់ពី​លោក​ចេញមុខ​សារភាព​កំហុស​ខ្លួនឯង ដោយ​ពិន័យ​ជា​ប្រា​ក់ជាង​១​ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ និង​មិន​មានទោស​អ្វី​ផ្សេង​ទៀតឡើយ​។ សហព័ន្ធ​ក៏បាន​ព្រមាន Scholes ទៀតថា​នឹងដាក់​ពិន័យ​ឲ្យ​ធ្ងន់ធ្ងរ​បំផុត ប្រសិនបើ​លោក​ប្រ​ព្រឹ​ត្ដ​អំពើ​បែបនេះ​ទៀត​នាពេលខាងមុខ​។​
 
«​ខ្ញុំ​ចង់​សុំទោស​អ្នក​ទាំងអស់គ្នា ហើយ​ខ្ញុំ​យល់ព្រម​សម្រាប់​ការផាកពិន័យ​នេះ​យ៉ាង​ពេញទំហឹង​ពី​សំណាក់ FA​។ វា​ជា​កំហុស​យ៉ាងពិត​ប្រាកដ ប៉ុន្តែ​ខ្ញុំ​គ្មាន​ចេតនា​បំពាន​ច្បាប់​ឡើយ​។ ខ្ញុំ​ពិតជា​យល់​ខុស​មែន ខ្ញុំ​គិតថា​នៅពេល​ចូលរួម​ភ្នាល់​ក្នុងការ​ប្រកួត​គឺ​គ្មាន​បញ្ហា​។ ប៉ុន្តែ​ឥឡូវ​ខ្ញុំ​យល់​ហើយ ព្រមទាំង​ទទួលស្គាល់​កំហុស​ផង​»​។ នេះ​ជាការ​រៀបរាប់​របស់ Scholes​។​
 
Scholes សព្វថ្ងៃ​មាន​ភាគហ៊ុន​ចំនួន​១០​ភាគរយ​នៅក្នុង​ក្លិប Salford City ដែល​បាន​ទិញ​រួមគ្នា​ជាមួយ​អតីត​មិត្ត​រួម​ក្រុម​បិ​សា​ក្រហម​ចំនួន​៤​នាក់​ទៀត​ដូចជា Ryan Giggs, Gary Neville, Phil Neville និង Nicky Butt​។ លោក Peter Lim សេដ្ឋី​ជនជាតិ​សិង្ហ​បុរី​កាន់កាប់​ភាគហ៊ុន​៤០​ភាគរយ បន្ទាប់ពី​លក់​១០​ភាគរយ​ឲ្យ David Beckham កាលពី​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៩៕
 
 

Tag:
 បាល់ទាត់​
  Paul Scholes
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com