ជាតិ
ក្រសួងទេសចរណ៍​ម៉ាឡេស៊ី នាំ​អ្នកកាសែត​នៃ​សារព័ត៌មាន​ថ្មីៗ និង​ហ្រ្វេសញូ ទៅ​ចូលរួម​ព្រឹត្តិការណ៍ MEGA FAM
20, Jun 2019 , 4:18 pm        
រូបភាព
​ក្រសួងទេសចរណ៍​ម៉ាឡេស៊ី តាមរយៈ​ក្រុមប្រឹក្សា​ផ្សព្វផ្សាយ​ទេសចរណ៍​ម៉ាឡេស៊ី​ប្រចាំ​កម្ពុជា បាន​អញ្ជើញ​អ្នកសារព័ត៌មាន​កម្ពុជា​ពីរនាក់ ពី​ស្ថាប័ន​ផ្សេងគ្នា​ដើម្បី​ទៅ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍ Malaysia Mega Familiarisation Tour Programme (MEGA FAM) ក្នុង​ពិធី​បើក​ការ​ប្រារព្ធ​ពិធីបុណ្យ EID Al-FITR ឆ្នាំ​២០១៩​។ ព្រឹត្តិការណ៍​នេះ នឹង​ប្រារព្ធ​ធ្វើ​រយៈពេល​៦​ថ្ងៃ នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី​។​

 
​អ្នកសារព័ត៌មាន​ដែល​នឹងត្រូវ​ចូលរួម​កម្មវិធី​ផ្សព្វផ្សាយ​គោលដៅ​ទេសចរណ៍​នៅ​ប្រទេស​ម៉ាឡេស៊ី​ចាប់ពី​ថ្ងៃទី​២០​ដល់ទី​២៥ មិថុនា ក្នុងនោះ​រួមមាន អ្នកនាង អ៊ី​សា រ៉​ហា​នី អ្នកយកព័ត៌មាន​នៃ​គេហទំព័រ​សារព័ត៌មាន​អន​ឡាញ​ថ្មីៗ និង​លោក ពិសិដ្ឋ មកពី​អង្គភាព​សារព័ត៌មាន​ហ្វ្រេស​ញូ​។ អ្នកសារព័ត៌មាន​ទាំង​ពីរ នឹង​ត្រូវធ្វើ​ទស្សនកិច្ច​នៅតាម​រមណីយដ្ឋាន​និង​គោលដៅ​ទេសចរណ៍​មួយចំនួន​ក្នុង​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ដូចជា អគារ​ភ្លោះ Petronas, សារមន្ទីរ​, Malaysia cartoon & Comic House ពិសេស​គឺ​ការចូលរួម​បើក​ការ​ប្រារព្ធ​ពិធី EID Al-FITR ឆ្នាំ​២០១៩ ដែលជា​ពិធីបុណ្យ​ប្រចាំឆ្នាំ​ដ៏​ធំ​មួយ​សម្រាប់​ប្រទេស​ម៉ាឡេស៊ី​។ លោកនាយក​រដ្ឋមន្ត្រី មហា​ធៀ ក៏​គ្រោង​នឹងមាន​វត្តមាន​ចូលរួម​ក្នុង​ពិធី​បើក​ព្រឹត្តិការណ៍​ដ៏​ធំ​នេះដែរ​។ 
 
MEGA FAM គឺ​យុទ្ធនាការ​ទេសចរណ៍​ម៉ាឡេស៊ី ទៅដល់​ស្ថាប័ន​ផ្សព្វផ្សាយ​ទូទាំង​ពិភពលោក​។ បង្កើតឡើង​តាំងពី​ឆ្នាំ​២០០០​មក ព្រឹត្តិការណ៍​នេះ​មាន​អ្នកចូលរួម​ជាង​១០០០​នាក់​រួចមកហើយ  ដែល​ពួកគេ​សុទ្ធសឹង​ជា​អ្នកសារព័ត៌មាន​និង​អ្នកគ្រប់គ្រង​ក្រុមហ៊ុន​បោះពុម្ពផ្សាយ​ផ្សេងៗ​។ ព្រឹត្តិការណ៍​ក៏មាន​កិច្ចសហការ​ចូលរួម​ពី​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុង​និង​ក្រៅប្រទេស​, បណ្ដា​សណ្ឋាគារ និង​ស្ថាប័ន​រាជរដ្ឋាភិបាល​។ ព្រឹត្តិការណ៍​នេះ គឺ​ដើម្បី​បង្កើន​ការយល់ដឹង និង​ផ្សព្វផ្សាយ​គោលដៅ​ទេសចរណ៍​នានា​ក្នុងប្រទេស​ម៉ាឡេស៊ី​៕


 

© រក្សាសិទ្ធិដោយ thmeythmey.com