អន្តរជាតិ
បក្សប្រឆាំង​រិះគន់​លោក ប្រា​យុទ្ធ ដែល​បន្ត​ដឹកនាំ​គណៈរដ្ឋមន្ត្រី​របប​យោធា ទាំង​ខ្លួន​ជា​នាយករដ្ឋមន្ត្រី​ថ្មី​
20, Jun 2019 , 7:39 pm        
រូបភាព
រូបភាព The Nation
រូបភាព The Nation
​មកទល់ពេលនេះ ថៃ នៅ​មិនទាន់​គណៈរដ្ឋមន្ត្រី​ថ្មី​ដែល​កើតចេញពី​ការបោះឆ្នោត​ថ្ងៃទី​២៤ ខែមីនា​នៅឡើយ​ទេ​។ លោក ប្រា​យុទ្ធ ចន្ទ​អូ​ចា ដែល​ត្រូវបាន​សភា​ជ្រើសតាំង​ជា​នាយករដ្ឋមន្ត្រី​នោះ បន្ត​ដឹកនាំ​គណៈរដ្ឋមន្ត្រី​ចាស់​ដែល​សល់​ពី​របប​យោធា​ដដែល​។ បក្ស​អនាគត​ឈានមុខ​ដែលជា​បក្សប្រឆាំង​ក្នុង​សភា​ថ្មី បាន​ចោទសួរ​ពី​ធម្មនុញ្ញភាព​នៃ​ដំណើរការ​នេះ ប៉ុន្តែ​ប្រធានរដ្ឋសភា​នៃ​សម្ព័ន្ធភាព​កាន់អំណាច ថា វា​ជា​រឿង​ស្របតាម​ច្បាប់​។​

 
​មិនទាន់​បង្កើត​គណៈរ​ដ្ឋ​មន្ត្រី​ថ្មី​បាន អាចដឹកនាំ​គណៈរដ្ឋមន្ត្រី​ចាស់​សិន​? ប្រធានបទ​នេះ ក្លាយជា​អាវុធ​សម្រាប់​ក្រុមប្រឆាំង​ប្រើ​ក្នុង​ការរិះគន់​លោក ប្រា​យុទ្ធ ចន្ទ​អូ​ចា នាយករដ្ឋមន្ត្រី​ទី​២៩ របស់​រាជាណាចក្រ​ថៃ​។ លោក ប្រា​យុទ្ធ ដែល​ត្រូវបាន​សភា​ថ្មី​កើតចេញពី​ការបោះឆ្នោត​ថ្ងៃទី​២៤ ខែមីនា គាំទ្រ​ឲ្យ​ធ្វើ​នាយករដ្ឋមន្ត្រី​នោះ បាន​បន្ត​ដឹកនាំ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ចាស់​ដែល​លោក​បង្កើត​អំឡុងពេល​របប​យោធា​គ្រប់គ្រង​ប្រទេស​។​
 
​សមាជិកសភា​បក្ស​អនាគត​ឈានមុខ Piyabutr Saengkanokkul នៅ​ថ្ងៃទី​១៩ ខែមិថុនា និយាយថា កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ប្រចាំ​សប្ដាហ៍​ដែល​ធ្វើ​នៅ​ថ្ងៃទី​១៨ ខែមិថុនា អាច​ខុសច្បាប់​រដ្ឋធម្មនុញ្ញ​ប្រទេស​។ អ្នកនយោបាយ​វ័យក្មេង​រូបនេះ អះអាងថា លោក ប្រា​យុទ្ធ ត្រូវបាន​មហាក្សត្រ​តែងតាំង​ជា​នាយករដ្ឋមន្ត្រី​ទៅហើយ តែ​បន្ត​ដឹកនាំ​គណៈរដ្ឋមន្ត្រី​ចាស់​ទៀត ដែល​ការណ៍​នេះ​អាច​នាំ​ឲ្យ​មានការ​យល់ច្រឡំ​។​កាសែត​ថៃ The Nation ផ្សាយ​ថា លោក Piyabutr ស្នើ​ឲ្យ​លោក ប្រា​យុទ្ធ ចេញមុខ​បកស្រាយ​។​
 
​នៅឯ​សភាសមាជិក​បក្ស​អនាគត​ឈានមុខ ក៏បាន​ស្នើ​មានការ​ជជែក​លើ​បញ្ហា​នេះដែរ​។ បក្ស​ទើប​បង្កើត​ថ្មី​តែ​ទទួលបាន​ការគាំទ្រ​គួរ​ឲ្យ​កត់សម្គាល់​នោះ អះអាងថា ព្រះរាជក្រឹត្យ​របស់​មហា​ក្សត្រ មហា វ​ជិ​រាល​ង្ក​រណ៍ បានបញ្ចប់​អាណត្តិ​នាយករដ្ឋមន្ត្រី​នៃ​របប​យោធា​របស់លោក ប្រា​យុទ្ធ ទៅហើយ ដូចនេះ​គណៈរដ្ឋមន្ត្រី​ចាស់ ក៏ត្រូវ​អស់​សុ​ភព​ភាពដូចគ្នា​។ ចន្លោះ​ពេលនេះ លេខាធិការ​អចិន្ត្រៃយ៍​តាម​ក្រសួង​នីមួយៗ ជា​អ្នកចាត់ចែង​ការងារ​រហូត​មាន​រដ្ឋមន្ត្រី​ថ្មី​។​
 
​យ៉ាងណាមិញ ប្រធានសភា​ថៃ Chuan Leekpai បាន​ទាត់ចោល​សំណើ​របស់​បក្ស​អនាគត​ឈានមុខ​ដែល​ចង់​ឲ្យ​មានការ​ជជែក​ពី​លក្ខណៈ​ស​ម្ប​តិ្ត​របស់​រដ្ឋាភិបាល​លោក ប្រា​យុទ្ធ ។ ប្រធានសភា​មកពី​ប្រជាធិបតេយ្យ​ដែល​នៅក្រោម​សម្ព័ន្ធភាព​កាន់អំណាច​នេះ លើកយក​មាត្រា​២៦៤ នៃ​រដ្ឋធម្មនុញ្ញ​ដែល​អនុញ្ញាត​ឲ្យ​គណៈរដ្ឋមន្ត្រី​សល់​ពី​របប​យោធា​អាច​ធ្វើការ​របស់ខ្លួនរ​ហូត​សមាសភាព​គណៈរដ្ឋមន្ត្រី​ថ្មី​ចូលកាន់​តំណែង​។​
 
​ជុំវិញ​សមាសភាព​គណៈរដ្ឋមន្ត្រី​ថ្មី លោក Wissanu Krea-ngam ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋា​ភិ​បាល​មុន​និយាយថា បញ្ជី​ឈ្មោះ​បេក្ខភាព​ដែល​ត្រូវ​ដឹកនាំ​ក្រសួង បាន​ទៅ​ដល់ដៃ​លោក ប្រា​យុទ្ធ ហើយ​។ បញ្ជី​នេះ ជាការ​រួមបញ្ចូល​គ្នា​របស់​គណបក្ស​ក្នុង​សម្ព័ន្ធភាព​កាន់អំណាច​ដឹកនាំ​ដោយ​បក្ស​កម្លាំង​ប្រជារាស្ត្រ​។ ថ្លែងប្រាប់​អ្នកសារព័ត៌មាន​នៅ​ថ្ងៃទី​១៨ ខែមិថុនា លោក ប្រា​យុទ្ធ អះអាងថា លោក​នឹង​រៀបចំ​ប​ញ​ញ្ជី​ឈ្មោះ​ឲ្យ​រួចរាល់​នៅត្រឹម​ដំណាច់ខែ​មិថុនា​នេះ​៕  
 

Tag:
 ថៃ​
  ប្រា​យុទ្ធ ចន្ទ​អូ​ចា
© រក្សាសិទ្ធិដោយ thmeythmey.com