អចលនទ្រព្យ
អត្ថបទពាណិជ្ជកម្ម
គម្រោង​ផ្សារ​ទំនើប​ថៃ Big C តម្លៃ ៦.៨ លាន​ដុល្លារ នឹងមាន​វត្ត​មាននៅ​ប៉ោយប៉ែត​
20, Jun 2019 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​មិន​ថា​អ្នក​ដែល​និយម​ចេញចូល​ប្រទេស​ថៃ ឬក៏​មិន​ធ្លាប់​នោះឡើយ ភាគច្រើន​សុទ្ធតែ​ធ្លាប់​បានឮ ពី​ឈ្មោះ​ផ្សារ​លក់ទំនិញ​ដ៏​ល្បី​មួយ ដែលមាន​ឈ្មោះថា ផ្សារ​ទំនើប Big C Super Center នេះ​។ ក្នុង​មួយឆ្នាំៗ ផ្សារ​ទំនើប​នេះ​ទទួលបាន​អតិថិជន​ជាច្រើន​ម៉ឺន​នាក់ មិន​ថា​បរទេស និង​ជនជាតិ​ថៃ សុទ្ធតែ​និយម​ទៅ​ទិញ​ទំនិញ​នៅទីនេះ ដោយសារតែ​ផ្សារ​នេះ​មាន​ជម្រើស​ផលិតផល​រាប់ម៉ឺន​សែន​មុខ និង​មាន​គុណភាព​ខ្ពស់ ហើយ​តម្លៃ​ទាប​ជាង​កន្លែង ផ្សេងៗ​។​
 
​អ្វីដែល​ធ្វើឱ្យ​ភ្ញាក់ផ្អើល​នោះ​គឺ ផ្សារ​ទំនើប Big C  នឹង​បើក​សាខា​ដំបូង​របស់ខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា នា​ចុងឆ្នាំ​២០១៩ នេះហើយ ពោលគឺ​នៅ​តំបន់​កាស៊ីណូ​ផ្កាយ​ប្រាំ ភូមិ​សាមគ្គី​មានជ័យ ខេត្តបន្ទាយមានជ័យ បណ្តោយ​ព្រំដែន​អន្តរជាតិ​ជាតិ​កម្ពុជា​¬-​ថៃ​។​
 
​កម្ពុជា បានចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៩ កន្លងទៅនេះ ដើម្បី​អនុញ្ញាតឱ្យ​មានការ​បង្កើត​គម្រោង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ដែល​ស្ថិតនៅក្រោម​ឈ្មោះ​ក្រុមហ៊ុន BIG C SUPER CENTER​ពិតមែន​។ នេះ​បើ​យោងតាម​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC)​។ 
 
​ប្រភព​ដដែល​បានឱ្យដឹងថា ការវិនិយោគ​ផ្សារ​ទំនើប​ដ៏​ល្បី​របស់​ប្រទេស​ថៃ​មួយ​នេះ មាន​ទំហំ​វិនិយោគ​ប្រមាណ ៦.៨ លាន​ដុល្លារ ដែល​គ្រោង​បង្កើត​ការងារ​រហូតដល់​ទៅ ១,២២២​កន្លែង​ឯណោះ នៅពេលដែល​ដាក់​ដំណើរការ​ជា​ផ្លូវការ​។​
 
​ចំណែកឯ​សារព័ត៌មាន​ថៃ Sa Kaeo Story បាន​ចុះផ្សាយ​ថា ផ្សារ​ទំនើប BIG C សាខាប្រទេស​កម្ពុជា​នេះ កំពុងតែ​សាងសង់​លើ​ផ្ទៃដី​សរុប​ប្រមាណ ៨,០០០​ម៉ែត្រការ៉េ ហើយ​គ្រោង​ដាក់​ដំណើរការ នៅ​ចុងឆ្នាំ​២០១៩​ខាងមុខនេះ​។​
 
​គួរបញ្ជាក់​ផងដែរ​ថា សេដ្ឋកិច្ច​របស់​កម្ពុជា ហាក់​នៅ​បន្ត​លូតលាស់​យ៉ាងគំហុក នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។ កំណើនសេដ្ឋកិច្ច​យ៉ាង​លឿន​នេះហើយ បានធ្វើឱ្យ​អ្នកវិនិយោគ​បរទេស​ជាច្រើន បាន​ងាក​មកកាន់​កម្ពុជា ដើម្បី​ស្វែងរក​វិនិយោគ លើ​វិស័យ​ដែល​កំពុងមាន​សក្តានុពល​ខ្លាំង​។​
 
​ក្នុងនោះ​ខេត្តបន្ទាយមានជ័យ ក៏ដូចជា​ក្រុង​ប៉ោយប៉ែត​តែម្តង ក៏​ទទួលបាន​អ្នកវិនិយោគ​ជាច្រើន មក​ដាក់​ទីតាំង​អាជីវកម្ម​ផងដែរ ដោយ​ក្នុងនោះ​អាជីវកម្ម ដែល​ទទួលបាន​ប្រជាប្រិយភាព​ច្រើនជាងគេ មាន​ប្រភេទ​សណ្ឋាគារ កាស៊ីណូ ភោជនីយដ្ឋាន គម្រោង​អភិវឌ្ឍន៍​អគារ​ស្នាក់នៅ ក៏ដូចជា​មជ្ឈមណ្ឌល​ក​ម្សា​ន្ត​ជាច្រើន​ផ្សេងៗ​ទៀត​។​
 
​ស្របពេល​ជាមួយនឹង​វត្តមាន​គម្រោង​អភិវឌ្ឍន៍​ធំៗ​ទាំងនេះ បានធ្វើឱ្យ​តម្លៃ​អ​ច​នល​ទ្រព្យ​នៅ​ទីក្រុង​ប៉ោយប៉ែត ហាក់​លោត​យ៉ាង​លឿន ពោលគឺ​តម្លៃ​ជួល​ផ្ទះ​អាជីវកម្ម នៅតាម​បណ្តោយ​ផ្លូវ​កាស៊ីណូ​ផ្កាយ​ប្រាំ មាន​ចាប់ពី​ជាង​១​ពាន់​ដុល្លារ​ឡើងទៅ​។ នេះ​បើតាម​តម្លៃ​ទទួល​ជួល​វិញ ពី​សំណង់​ផ្ទះល្វែង និង​វីឡា ស្តារ​ហ្គោល ដែលជា​គម្រោង​សាងសង់​លំនៅដ្ឋាន​ស្តង់ដារ​មួយ នៅក្នុង​តំបន់​នេះ​៕
 
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com