កីឡាអន្តរជាតិ
អន្តរជាតិ
Mata បន្ត​នៅ​ជាមួយ Man Utd ២​ឆ្នាំ​ទៀត ស្របពេល Walker បន្ថែម​២​ឆ្នាំ​លើ​កិច្ចសន្យា​ចាស់​ឲ្យ Man City
20, Jun 2019 , 9:19 pm        
រូបភាព
​ខ្សែបម្រើ Juan Mata បាន​យល់ព្រម​បន្ត​កិច្ចសន្យា​រយៈពេល​២​ឆ្នាំ​ទៀត​ជាមួយ Manchester United ពោលគឺ​រហូតដល់​ឆ្នាំ​២០២១​។ ចំណែក​ខ្សែការពារ​ស្លាប​ស្តាំ Kyle Walker ក៏​ព្រម​បន្ថែម​រយៈពេល​២​ឆ្នាំ​លើ​កិច្ចសន្យា​ចាស់​ជាមួយ Manchester City រហូតដល់​ឆ្នាំ​២០២៤​ផងដែរ​។​


 
Mata ដែល​បាន​ផ្ទេរ​ពី Chelsea ទៅកាន់​ទឹកដី Old Trafford ក្នុងតម្លៃ​៣៧.១​លាន​ផោន (៤៧​លាន​ដុល្លារ​អាមេរិក​) កាលពី​ខែមករា ឆ្នាំ​២០១៤ នឹងត្រូវ​បញ្ចប់​កិច្ចសន្យា​របស់ខ្លួន​នៅ​ថ្ងៃទី​៣០ ខែមិថុនា​នេះ​។​
 
​ប៉ុន្តែ​ក្រោយ​មានការ​ចរចា​គ្នា​រវាង​ក្លិប​ជាមួយ​សមី​ខ្លួន​រួចមក ខ្សែបម្រើ​សញ្ជាតិ​អេ​ស្ប៉ា​ញ វ័យ​៣១​ឆ្នាំ​រូបនេះ បាន​យល់ព្រម​បន្ត​ស្នាក់នៅ​ជាមួយ​ក្រុម​បិសាច​ក្រហម​រហូតដល់​ឆ្នាំ​២០២១ ព្រមទាំង​ផ្តល់​លក្ខខណ្ឌ​ពន្យារ​១​ឆ្នាំ​ពីលើ​ថែមទៀត​។ រយៈពេល​៥​រដូវ​កាល​កន្លងមក Mata អា​ចរក​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​សរុប​ចំនួន ៤៥​គ្រាប់ ក្នុងការ​បង្ហាញខ្លួន​១៧៨​ប្រកួត​។​
 
«​ខ្ញុំ​បានរួម​រស់​ជាមួយ Manchester United អស់​រយៈពេល​៥​ឆ្នាំ​មកហើយ ហើយ​ខ្ញុំ​ពិត​ជាមាន​មោទកភាព​ណាស់ដែ​លអាច​ហៅ Old Trafford ថា​ជា​ផ្ទះ​របស់ខ្ញុំ​។ ខ្ញុំ​សប្បាយចិត្ត​ក្នុង​ការបន្ត​ជាមួយ​ក្រុម​ដ៏​អស្ចារ្យ នឹង​ក្លាយជា​ផ្នែក​មួយ​ដើម្បី​ប្រជែង​ពាន​នៅ​រដូវ​កាល​បន្តបន្ទាប់​»​។ នេះ​ជាការ​អះអាង​របស Mata​។​
 
​ដោយឡែក​អ្នកចាត់ការ​ទូទៅ Man Utd លោក Ole Gunnar Solskjaer បានបង្ហាញ​អារម្មណ៍​ស​ប្យា​យ​រីករាយ​យ៉ាងខ្លាំង​ដោយ​សរសើរ Mata ជា​កីឡាករ​ដ៏​ជំនាញ និង​មាន​ភាព​វ័យឆ្លាត​បំផុត​ដែល​លោក​ធ្លាប់​ធ្វើការ​ជាមួយ​។​
 
​ស្របពេល​ជាមួយគ្នានេះដែរ Kyle Walker ខ្សែការពារ​ស​ម្រើ​ស​ជាតិ​អង់គ្លេស​វ័យ​២៩​ឆ្នាំ​ក៏បាន​បន្ត​កិច្ចសន្យា​ឲ្យ Man City ក្រុម​ម្ចាស់​ជើងឯក Premier League ចំនួន​២​ឆ្នាំ​ទៀត បើ​ទោះ​កិច្ចសន្យា​របស់​រូបគេ​ត្រូវ​បញ្ចប់​នៅ​ឆ្នាំ​២០២២​ក្តី​។​
 
Walker ដែល​ផ្ទេរ​ពី Tottenham Hotspure ក្នុងតម្លៃ​៥៣​លាន​ផោន (៦៧​លាន​ដុល្លារ​អាមេរិក​) ក្នុង​ឆ្នាំ​២០១៧ បានបង្ហាញ​ខ្លួន​៨៩​ប្រកួត​ឲ្យ​ក្រុម​មេឃ​ខៀវ​សម្រាប់​រយៈពេល​២​រដូវ​កាល​នេះ​។​
​ខ្សែការពារ​ដែលមាន​ល្បឿន​លឿន​រូបនេះ​បាន​ជួយ​ក្រុម​របស់លោក Pep Guardiola ឈ្នះ​ពាន​៣​ក្នុង​មួយ​រដូវ​កាល រួមមាន FA Cup, EFL Cup និង Premier League នា​រដូវ​កាល ២០១៨-១៩៕

Tag:
 បាល់ទាត់​
  Juan Mata
  Kyle Walker
© រក្សាសិទ្ធិដោយ thmeythmey.com