ONE Championship
កីឡាជាតិ
ជាតិ
ចាន់ រតនា​៖​បើ​នារីៗ​ខ្មែរ​អត់​លទ្ធភាព​ចង់​ហាត់គុន ខ្ញុំ​នឹង​បង្ហាត់​ដោយ​ឥតគិតថ្លៃ
21, Jun 2019 , 8:29 am        
រូបភាព
អត្ថបទ​៖ ស៊ី​ធី  
 
​អ្នក​ប្រដាល់​គុន​ចម្រុះ MMA ដែល​កំពុង​ល្បីល្បាញ​នៅ​សង្វៀន​លំដាប់​ពិភពលោក ONE កីឡាករ​ចាន់ រតនា ថា​លោក​ចង់​បង្ហាត់​នារីៗ​ខ្មែរ​ណា​ដែល​ចង់​ចង់​ហាត់គុន​ប្រដាល់​ខ្មែរ ឬ​គុន​ចម្រុះ​តែ​គ្មាន​លទ្ធភាព​ដោយ​ឥតគិតថ្លៃ​។​


 
«​នារី​ខ្មែរ​យើង​ភាគច្រើន​អត់​ដូច​បរទេស​ទេ​។ យើង​ប្រកាន់ខ្ជាប់​ប្រពៃណី ហើយ​ទី​១​ខ្លួនគេ​មិន​ចង់​ហាត់​ក្បាច់គុន និង​ទី​២ អាណាព្យាបាល​របស់​ពួកគាត់​មិន​ឲ្យ​ហាត់​ក្បាច់គុន​នោះឡើយ​។ រឿង​ហាត់​ដើម្បី​សុខភាព​ក៏​តិច ហើយ​បើ​ហាត់​ដើម្បី​ចង់​ឡើង​ប្រកួត​លើស​ង្វៀន​ទៀត​ក៏​រឹតតែ​តិច​។ បើសិន​បងប្អូន​នារីៗ​ចង់​ហ្វឹកហាត់​ខ្ញុំ​ផ្ដល់ជូន​ពិសេស ហើយ បើ​អត់​លទ្ធភាព​ទេ ខ្ញុំ​នឹង​ជួយ​បង្ហាត់​អត់​គិតថ្លៃ​ទៀត បើសិនជា​ហាត់​មានបំណង​ចង់​ឡើង​ប្រកួត​ពិតប្រាកដ​»​។ នេះ​ជាការ​ថ្លែង​របស់ ចាន់ រតនា ជា​គ្រូបង្វឹក និង​ជា​ម្ចាស់​ក្លិប​ប្រដាល់ «​សិល្បៈ​»​។ 


 
​ការ​ថ្លែង​បែបនេះ​ដោយសារ​កីឡាការិនី​គុន​ខ្មែរ​នៅមាន​ចំនួន​តិច​ណាស់​បើ​ធៀប​ទៅនឹង​ប្រទេស​នានា និង តំបន់​អឺរ៉ុប​។ រាល់ថ្ងៃ​បើ​ក្រឡេកមើល​កីឡាការិនី​ដែលមាន​ឈ្មោះ​លេចធ្លោ​រាល់ថ្ងៃនេះ​មាន​មិន​ច្រើន​នោះឡើយ ដូចជា នៅ ស្រី​ពៅ​, វី ស្រី​ខួច​, អេ ព្រី​យ៉ា​នុត​, និង សំ ថា​រ័ត្ន​។ ការដែល​មាន​កីឡាការិនី​តិច​បែបនេះ ទើប​ធ្វើ​ឲ្យ​មាន​ភាព​ខ្សត់ខ្សោយ​ឡើង​សង្វៀន​ប្រកួត ហើយ ស្រី​ខួច ក៏បាន​ត្អូញត្អែរ​ដែរ​ថា ទោះ​ខ្លួន​ហ្វឹកហាត់​ត្រៀម​ស៊ី​ហ្គេម​ប៉ុន្តែ កម្រ​មាន​សង្វៀន​ឡើង​ប្រកួត​ណាស់ និង បានត្រឹមតែ​ហាត់​ឡាំ​ជាមួយ​ប្រុសៗ ប៉ុណ្ណោះ​។ 
 
​ចាន់ រតនា គូសបញ្ជាក់ ៖«​ក្លិប​របស់ខ្ញុំ​រាល់ថ្ងៃ មាន​នារីៗ​បទេស​ហ្វឹកហាត់​ច្រើនជាង​បុរស​ផង​។ អ្នកខ្លះ​ហាត់​ដើម្បី​សុខភាព ហើយ​មួយចំនួនទៀត​ហាត់​ចង់​ឡើង​វ៉ៃ​ណាស់​។ ខ្ញុំ​គិតថា នារី​បរទេស គាត់​មាន​សេរីភាព​ជាង​នារី​ខ្មែរ​ដែល​អាចមកពី​ប្រពៃណី​កំហិត និង កត្តា​គ្រួសារ​»​។ អ្នកលេង​យុទ្ធ​គុនខម គុន​ខ្មែរ និង គុន​ចម្រុះ នៅតែ​ទទូច និង លើកទឹកចិត្ត​ដល់​នារីៗ​ឲ្យ​ចូលរួម​ហ្វឹកហាត់​ក្នុង​គោលដៅ​ដើម្បី​សុខភាព​មាំមួន ហើយក៏​រួមចំណែក​លើកកម្ពស់​ក្បាច់គុន​ខ្មែរ​ផងដែរ​។ កូនប្រុស​លោក ចាន់ ប៊ុនធឿន បាន​បញ្ចេញ​ទស្សនៈ​ផ្ទាល់ខ្លួន​ថា នៅ ស្រី​ពៅ បច្ចុប្បន្ន​កំពុងតែ​ល្អជា​ពិសេស​គុន​ខ្មែរ​របស់គេ​មាន​បម្លាស់​ទី​លឿន កម្លាំង​ដៃ​ធ្ងន់​ល្អ និង​មាន​ភាព​វៃឆ្លាត​។ ប៉ុន្តែ​អ្វីដែល​ត្រូវ​កែប្រែ​ឲ្យ​ល្អ​នៅ​សង្វៀន ONE នោះ​គឺ ព្យាយាម​ហ្វឹកហាត់ ក្បាច់គុន MMA ចំបាប់ និង យូ​ដូ​ជាដើម​ដើម្បី​ឲ្យ​ការប្រកួត​កាន់តែ​ល្អ​នៅ​សង្វៀន​អន្តរជាតិ​។ ចំណែក វី ស្រី​ខួច ក៏​ល្អ​ដែរ​ប៉ុន្តែ គីឡូ​ហាក់​ឡើង​ធ្ងន់​បន្តិច ដូច្នេះ​ពេល​ទៅ​វ៉ៃ​ម្ដងៗ ត្រូវ​បញ្ចុះ​គីឡូ ហើយ​ពេល​បញ្ចុះ​គីឡូ គឺ​ឆាប់​អស់កម្លាំង​ណាស់​។ 
 
​ម្ចាស់​ក្លិប «​សិល្បៈ​» ចង់ឃើញ​កីឡាការិនី​ថ្មីៗ​ជាច្រើន​ទៀត​ដើម្បី​អាច​ប្រកួតប្រជែង​ក្នុងស្រុក និង ត្រៀម​ទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ​។ កីឡា​ការ​ជើងចាស់​រូបនេះ​រំពឹងថា នារីៗ​នឹងចូលរួម​ដើម្បី​ធ្វើ​ឲ្យ​ក្បាច់គុន​នៅ​កម្ពុជា​កាន់តែ​ផុសផុល និង ទទួលបាន​ការប្រកួត​ប្រជែង​កាន់តែ​ខ្ពស់​។ 
 
​ចាន់ រតនា ជា​កីឡាករ​គុន​ចម្រុះ​កម្រិត​កំពូល​ម្នាក់​ប្រចាំ​នៅ​កម្ពុជា​និង​ប្រចាំ​សង្វៀន​កម្រិត​ពិភពលោក ONE Championship​។ ថ្មីៗ​នេះ​អ្នកជំនាញ MMA មួយចំនួន​បានលើកឡើង​ថា បុរស​វ័យ ៣៣ ឆ្នាំ​រូបនេះ​អាច​នឹង​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​នៅ​សង្វៀន ONE នៅ​ថ្ងៃ​ណាមួយ​។ រតនា ឈ្នះ ២ លើកចុងក្រោយ​នៅ​សង្វៀន ONE ពោល​ឈ្នះ​កីឡាករ​ឥណ្ឌូណេស៊ី Rudy Agustian នៅត្រឹម​ទឹក​ទី​២ កាល​ដើមខែ​ឧសភា និង​ឈ្នះ Abrou Fernandes នៅ​ទឹក​ទី​២​កាល​ខែ ធ្នូ ឆ្នាំ ២០១៨​។​
 
​ក្លិប «​សិល្បៈ​» មាន​ទីតាំង​ស្ថិតនៅ​ក្បែរ សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ទួលស្លែង ហើយ ទីតាំង​បច្ចុប្បន្ននេះ​នឹង​ផុត​កិច្ចសន្យាជួល​ត្រឹម​ខែ តុលា ឆ្នាំ ២០១៩ ខាងមុខនេះ​ក្រោយ​ស្នាក់នៅ​និង​បង្វឹក​កូនសិស្ស បាន​រយៈពេល ៣ ឆ្នាំ​។ ការផ្លាស់ប្ដូរ​ទីតាំង​ក្លិប​មិនត្រូវ​បានកំណត់​នោះឡើយ ព្រោះ​កំពុងតែ​ស្វែងរក​។ បើ​បងប្អូន​នារីៗ ចង់​ហ្វឹកហាត់​ដើម្បី​ប្រកួត​ទៅ​ថ្ងៃមុខ​សូម​ទាក់ទង​លេខ​ទូរ​សព្ទ 092 345 439៕ 

© រក្សាសិទ្ធិដោយ thmeythmey.com