ជាតិ
ស្ត្រី​ខ្មែរ​មួយរូប​មាន​បេសកកម្ម​ថែរក្សា​និង​លើកកម្ពស់​ម្ហូប​ខ្មែរ​នៅ​ឆាក​អន្តរជាតិ​
20, Jun 2019 , 7:59 pm        
រូបភាព
អ្នកស្រី រស់ រតនៈ នឹង​បោះពុម្ព​សៀវភៅ​មុខ​ម្ហូប​មួយ​ក្បាល​ដែ​ល​មាន​ចំណង​ជើង​ថា «‍ញុំា៖ រូបមន្ត​ធ្វើ​ម្ហូប​ចេញ​ពី​ផ្ទះ​បាយ​ខ្មែរ» នៅ​ខែ​កក្កដា​ខាង​មុខ​នេះ។ (រូបថតផ្តល់ឲ្យដោយអ្នកស្រី រស់ រតនៈ) Photo: Courtesy Photo
អ្នកស្រី រស់ រតនៈ នឹង​បោះពុម្ព​សៀវភៅ​មុខ​ម្ហូប​មួយ​ក្បាល​ដែ​ល​មាន​ចំណង​ជើង​ថា «‍ញុំា៖ រូបមន្ត​ធ្វើ​ម្ហូប​ចេញ​ពី​ផ្ទះ​បាយ​ខ្មែរ» នៅ​ខែ​កក្កដា​ខាង​មុខ​នេះ។ (រូបថតផ្តល់ឲ្យដោយអ្នកស្រី រស់ រតនៈ) Photo: Courtesy Photo
ដោយ: VOA
​វ៉ាស៊ីនតោន ៖​អ្នកស្រី រស់ រតនៈ ដែល​ត្រូវបាន​គេ​ស្គាល់​តាម​ឈ្មោះ ចុងភៅ ណាក់ គឺជា​ស្ថាបនិក​និង​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន រតនៈ ដែលមាន​ភោជនីយដ្ឋាន​លក្ខណៈ​គ្រួសារ​បែប​ទំនើប​មួយ​ឈ្មោះថា «​ម្ហូប​»​។​

 
​ចុងភៅ​វ័យ​៣៤​ឆ្នាំ​រូបនេះ​បាន​បើក​ភោជនីយដ្ឋាន «​ម្ហូប​»​កាលពី​ខែមករា​ឆ្នាំ​២០១៨​។ ភោជនីយដ្ឋាន «​ម្ហូប​» គឺជា​ភោជនីយដ្ឋាន​លក្ខណៈ​គ្រួសារ​បែប​ទំនើប​មុនគេ​បង្អស់​នៅ​ទីក្រុង​ភ្នំពេញ ដែល​ផ្តល់នូវ​បទពិសោធន៍​ដ៏​ពិសេស​ជាមួយនឹង​ការ​ចម្អិនម្ហូប​ខ្មែរ​ដែលមាន​រសជាតិ​ដើម នៅផ្ទះ​ឈើ​បុរាណ​ខ្មែរ ដែល​ស្ថិតនៅតាម​បណ្តោយ​ដង​ទន្លេមេគង្គ​នៃ​ប្រទេស​កម្ពុជា​។​
 
​ក្នុង​កិច្ចប្រឹងប្រែង​ថែរក្សា​ម្ហូប​ខ្មែរ ចុងភៅ ណាក់ កំពុង​សរសេរ​សៀវភៅ​មុខម្ហូប​មួយ​ក្បាល​និង​ផលិត​វីដេអូ​ខ្លី​អំពី​ការ​ចម្អិនម្ហូប​ខ្មែរ ដែល​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​ដើម្បី​ឲ្យ​ពិភពលោក​បាន​ស្គាល់​ម្ហូប​ខ្មែរ​ដែល​ត្រូវបាន​គេ​មើលរំលង​។​
 
​អ្នកស្រី រតនៈ បាន​ប្រាប់ VOA ថា​៖
 
«​ខ្ញុំ​ស្រឡាញ់​ម្ហូប​ខ្មែរ ហើយ​ខ្ញុំ​ចង់​ធ្វើ​អី​លើកស្ទួយ​ម្ហូប​ខ្មែរ​ឲ្យ​ពិភពលោក​គេ​ស្គាល់​ឲ្យ​ស្មើរ​នឹង​ប្រទេសជិតខាង​របស់​យើង​ហ្នឹង​»​។​
 
​នៅ​ខែកក្កដា​ខាងមុខនេះ ចុងភៅ ណាក់ នឹងធ្វើ​ដំណើរ​មកកាន់​សហរដ្ឋអាមេរិក​ដើម្បី​ផ្សព្វផ្សាយ​សៀវភៅ​មុខម្ហូប​របស់​អ្នកស្រី ដែលមាន​កម្រាស់ ២០០​ទំព័រ និង​រៀបរាប់​ពី​រូបមន្ត​ម្ហូប​ខ្មែរ​៨០​មុខ​។​


អ្នកស្រី រស់ រតនៈ ដែល​ត្រូវ​បានគេ​ស្គាល់​ថា​ជា ចុងភៅ ណាក់ ​គឺ​ជា​ស្ថាបនិក​និង​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន រតនៈ ដែល​មាន​ភោជនីយដ្ឋាន​លក្ខណៈ​គ្រួសារ​បែប​ទំនើប​មួយ​ឈ្មោះ​ថា «ម្ហូប»។ (រូបថតផ្តល់ឲ្យដោយអ្នកស្រី រស់ រតនៈ


ភ្ញៀវអន្តរជាតិបានមកបរិភោគម្ហូបខ្មែរដែលចម្អិន​ដោយ​ចុងភៅ ណាក់ នៅ​ភោជនីយដ្ឋាន​លក្ខណៈ​គ្រួសារ​បែប​ទំនើប​របស់​អ្នក​ស្រី​ឈ្មោះ «ម្ហូប‍» នៅ​រាជធានីភ្នំពេញ។
 
​ម្ហូប​ខ្មែរ​ជា​ផ្នែក​មួយ​នៃ​អត្តសញ្ញាណរ​ស់រប​ស់វ​ប្ប​ធម៌​កម្ពុជា​
 
​តាំងពីក្មេង​មក ចុងភៅ ណាក់ ចូលចិត្ត​ចម្អិនម្ហូប​យ៉ាងខ្លាំង ប៉ុន្តែ​អ្នកស្រី​មិនដែល​គិតថា​នឹង​យក​ការ​ចម្អិនម្ហូប​នេះ​ធ្វើជា​អាជីព​នោះទេ​។​
 
​មុនពេល​បើក​ភោជនីយដ្ឋាន​លក្ខណៈ​គ្រួសារ​បែប​ទំនើប​នេះ​នៅ​ឆ្នាំ​២០១៨ អ្នកស្រី​បាន​ចំណាយពេល​៨​ឆ្នាំ​ធ្វើការ​ជាមួយនឹង​អង្គការ សិល្បៈ​ខ្មែរ​អមតៈ ហើយ​បាន​យល់ដឹង​អំពី​ទម្រង់​សិល្បៈ​ខ្មែរ​បុរាណ​ជាច្រើន​ដែល​កំពុង​រង​ការបាត់បង់ ហើយ​ក្នុងនោះ​រួមមាន​ម្ហូប​ខ្មែរ​ផងដែរ​។ ការណ៍​នេះ​បាន​ជំរុញ​ឲ្យ​អ្នកស្រី​ខិតខំ​ថែរក្សា​ការពារ​និង​ធ្វើ​ឲ្យ​ម្ហូប​ខ្មែរ​ពេញនិយម​ឡើងវិញ​។​
 
​ចុងភៅ ណាក់ បាន​ប្រាប់​ឲ្យ​ដឹងថា ម្ហូប​ខ្មែរ​មាន​លក្ខណៈពិសេស​ជាង​អ្វីដែល​អ្នកស្រី​ធ្លាប់​គិត​។​
 
«​ម្ហូប​វា​ជា​សិល្បៈ​មួយ ហើយ​សិល្បៈ​មួយ​នេះ​ក៏បាន​រួមចំណែក​យ៉ាង​ធំ​ដែរ ក្នុងការ​បង្ហាញ​អំពី​អត្តសញ្ញាណ​របស់​ជាតិ​របស់​យើង​ជាទូទៅ​តែម្តង​»​។​
 
​អ្នកស្រី​បាន​ប្រាប់ VOA ថា ភោជនីយដ្ឋាន​លក្ខណៈ​គ្រួសារ​បែប​ទំនើប​របស់​អ្នកស្រី​គឺ​មិនមែន​គ្រាន់តែ​ជា​ភោជនីយដ្ឋាន​ប៉ុណ្ណោះ​ទេ​។ វា​ជាទី​កន្លែង​ដែល​ភ្ញៀវ​អាច​ចូលរួម​យល់ដឹង​ពី​វប្បធម៌​ខ្មែរ ម្ហូប​ផ្ទះ​ខ្មែរ និង​ការរស់នៅ​បែប​ខ្មែរ​។ អ្នកស្រី​បាន​បន្តទៀតថា វា​មិនមែន​ត្រឹមតែ​ជាការ​ចម្អិនម្ហូប​នោះទេ វា​ជា​សិល្បៈ​សម្តែង​នៃ​ការធ្វើ​ម្ហូប​សម្រាប់​ភ្ញៀវ​ដែល​មកពី​កន្លែង​ផ្សេងៗ​គ្នា ដើម្បី​ឲ្យ​ពួកគេ​យល់ដឹង​អំពី​ម្ហូប​ខ្មែរ​កាន់តែ​ច្រើនឡើង​។​
 
«​ការ​ចម្អិន​គឺ​វា​ចេញពី​បេះដូង ម្ហូប​ចេញពី​បេះដូង​វា​ឆ្ងាញ់​។ ប៉ុន្តែ​សម្រាប់​ខ្ញុំ​ចេញ​តែ​ពី​បេះដូង ចេញ​តែ​ពី​ការស្រឡាញ់​វា​អត់​គ្រប់គ្រាន់​ទេ វា​ត្រូវតែមាន​ការប្រើប្រាស់​ខួរក្បាល​ក្នុងការ​មក​គិត​ដែរ​»​។​
 
​នៅ​ភោជនីយដ្ឋាន «​ម្ហូប​» ចុងភៅ ណាក់ ផ្តល់ជូន​នូវ​ម្ហូប​ដែល​ថ្មី​ស្រស់ មានឱជារស​ឆ្ងាញ់​និង​ល្អ​ដល់​សុខភាព ដែល​ធ្វើ​ពី​ផលិតផល​ក្នុងស្រុក​និង​តាម​រដូវ​កាល ដោយ​ប្រើប្រាស់​រូបមន្ត​ម្ហូប​ពី​បុរាណ​។ ការបរិភោគ​អាហារ​ត្រូវបាន​ផ្តល់​ជាមួយ​ការធ្វើ​បទ​បង្ហាញ និង​ការសម្តែង​តន្ត្រី​ខ្មែរ ដើម្បី​បង្កើន​បរិយាកាស​រីករាយ​ក្នុងការ​ទទួលទាន​ម្ហូប​ខ្មែរ​។​


«ទឹកគ្រឿង‍» គឺជាមុខម្ហូបខ្មែរម្យ៉ាងដ៏ពេញនិយមនៅកម្ពុជា ដែលភាគច្រើនត្រូវបរិភោគជាមួយបន្លែស្រស់និង​ឆ្អិន​ជា​ច្រើន​ប្រភេទ។


ផ្លែម្រេះគឺជាប្រភេទបន្លែហូបផ្លែម្យ៉ាងដែលពេញនិយមបរិភោគដោយពលរដ្ឋក្នុងប្រទេសកម្ពុជា។
 
​ចុងភៅ ណាក់ បាន​ប្រាប់ VOA ថា ភ្ញៀវ​របស់​អ្នកស្រី​មកពី​គ្រប់​ទីកន្លែង​នៅក្នុង​ពិភពលោក​។ សម្រាប់​ភ្ញៀវ​បរទេស ភោជនីយដ្ឋាន​លក្ខណៈ​គ្រួសារ​របស់​អ្នកស្រី​អាចជា​បទពិសោធន៍​ថ្មី​មួយ​ជាមួយ​ម្ហូប​ខ្មែរ ប៉ុន្តែ​សម្រាប់​ប្រជាជន​កម្ពុជា​វិញ ជាពិសេស​អ្នក​ដែល​បាន​ភៀសខ្លួន​ចេញពី​ប្រទេស​អំឡុងពេល​សង្គ្រាម​ក្នុង​ទសវត្សរ៍​១៩៧០ និង​១៩៨០ ការធ្វើ​ម្ហូប​របស់​អ្នកស្រី​រំលឹក​ពួកគេ​ពី​អតីតកាល​ដ៏​រុងរឿង​របស់​កម្ពុជា​។ ដោយសារតែ​ភាព​ប៉ិនប្រសប់​ខាង​ធ្វើ​ម្ហូប​ដ៏​ជំនាញ​របស់​អ្នកស្រី សណ្ឋាគារ Rosewood Phnom Penh បានជ្រើសរើស​យក​អ្នកស្រី និង​ភោជនីយដ្ឋាន​របស់​អ្នកស្រី​ជា​ដៃគូ​សហការ​ផ្នែក​ម្ហូបអាហារ​ខ្មែរ​។​
 
​ការសហការ​នេះ​គឺជា​ផ្នែក​មួយ​នៃ​ជោគជ័យ​របស់​ចុងភៅ ណាក់ ដែលជា​មនុស្ស​ដំបូង​គេ​ក្នុង​គ្រួសារ​របស់​អ្នកស្រី ដែល​បាន​ផ្លាស់ប្តូរ​ផ្ទះបាយ​របស់ខ្លួន​ទៅជា​ជំនួញ​ម្ហូបអាហារ​ខ្នាត​កណ្តាល​បែប​ទំនើប​នៅ​កម្ពុជា​។​
 
​ទោះបីជា​យ៉ាងណាក្តី ដើម្បី​ភាពជោគជ័យ​នេះ ចុងភៅ ណាក់ ត្រូវ​បញ្ឈប់​ការងារ​ដ៏​ល្អ​និង​ត្រូវ​ប្រើប្រាស់​ថវិកា​របស់​គ្រួសារ​ដើម្បី​ដំណើរការ​ជំនួញ​នេះ ដោយបាន​ឆ្លងកាត់​ទាំង​បញ្ហា​ថវិកា​និង​សម្ពាធ​ផ្លូវចិត្ត​។ ក៏ប៉ុន្តែ តាមរយៈ​គម្រោង​នៃ​កម្មវិធី SHE-Investment អ្នកស្រី​បាន​ដោះស្រាយ​បញ្ហា​ទាំងអស់នេះ ដោយ​ទទួលបាន​ការគាំទ្រ​នានា ដូចជា​ឱកាស​ជួប​ជាមួយ​សហគ្រិន​ស្ត្រី​ផ្សេងៗ​ទៀត ដើម្បី​រៀន​ពី​បញ្ហា​របស់​គ្នា​ទៅវិញទៅមក​។​
 
​សៀវភៅ​មុខម្ហូប «​ញុំ​ា​» ជាការ​អភិរក្ស​រូបមន្ត​ម្ហូប​ខ្មែរ​
 
​ជា​ផ្នែក​មួយ​នៃ​ការលើកតម្កើង​និង​ថែរក្សា​ម្ហូប​ខ្មែរ ចុងភៅ ណាក់ កំពុង​សរសេរ​សៀវភៅ​មុខម្ហូប​ដំបូង​គេ​បង្អស់​របស់​អ្នកស្រី ដែលមាន​ចំណងជើង​ថា «​ញុំ​ា​៖ រូបមន្ត​ធើ្វ​ម្ហូប​ចេញពី​ផ្ទះបាយ​ខ្មែរ​» (Nhum – Recipes from a Khmer Home Kitchen) ដែល​នឹងត្រូវ​បោះពុម្ពផ្សាយ​នៅ​ខែកក្កដា​ខាងមុខនេះ​។ សៀវភៅ​មុខម្ហូប​នេះ បង្ហាញ​ពី​រូបមន្ត​ធ្វើ​ម្ហូប​ខ្មែរ​៨០​មុខ រួមជាមួយ​គ្រឿងផ្សំ​ដែលមាន​សារប្រយោជន៍​ដល់​សុខភាព​ជាង​១០០​មុខ និង​រូបថត​នានា ដែល​បង្ហាញ​នូវ​មុខម្ហូប​ខ្មែរ​ជាច្រើន​។​
 
​អ្នកស្រី​បាន​ប្រាប់​ឲ្យ​ដឹងថា សៀវភៅ​មុខម្ហូប​នេះ​ត្រូវបាន​ចងក្រង​ឡើង​ដោយ​ផ្អែកលើ​ចំណេះដឹង​និង​ជំនាញ​ធ្វើ​ម្ហូប​របស់​អ្នកស្រី​ផ្ទាល់ ដែល​អ្នកស្រី​បាន​រៀន​ពី​គ្រួសារ​កន្លងមក​។ អ្នកស្រី​បាន​បន្តទៀតថា ប្រទេស​កម្ពុ​ជាមាន​វប្ប​ធម៌​ផ្នែក​ម្ហូប​ដ៏​ស្រស់ស្អាត​និង​គួរ​ឲ្យ​ស្ងប់​ស្ងែ​ង​មួយ ដែល​គួរតែ​ទទួលបាន​ការកត់ត្រា​ទុក​។​
 
​ដោយ​ដឹងថា​ម្ហូប​ខ្មែរ​អាច​ប្រឈមមុខ​នឹង​ការបាត់បង់​នាពេល​អនាគត ចុងភៅ ណាក់ បាន​ប្តេជ្ញាចិត្ត​ចងក្រង​សៀវភៅ​មុខម្ហូប​ខ្មែរ​នេះ​ឡើង ដើម្បី​ការពារ​កុំ​ឲ្យ​មាន​សោកនាដកម្ម​ផ្នែក​វប្បធម៌​កើតមាន​ឡើងលើ​មុខម្ហូប​ខ្មែរ​។​
 
«​ខ្ញុំ​ឃើញ​អា​ភាព​នឹង​ងាយ​បាត់បង់​នឹង​តាមរយៈ ដោយសារតែ​ខ្មែរ​យើង​អត់​មាន​ទម្លាប់​ក្នុងការ​សរសេរ​ចងក្រង​ទុក​ទេ​។ ស្អីៗ​ក៏ដោយ ភាគច្រើន​គឺ​ពេល​បង្រៀន​កូនសិស្ស​ឬក៏​អីចឹង​គឺ​តាមរយៈ​មាត់​អញ្ចឹង​»​។​
 
​អ្នកស្រី​បាន​ឲ្យ​ដឹងថា សំណៅ​ឯកសារ​នៃ​រូបមន្ត​ធ្វើ​ម្ហូប​ពី​ដើម​របស់​កម្ពុជា​គឺ​ពិបាក​រក​។ ភាគច្រើន​នៃ​ព័ត៌មាន​ទាំងអស់​ត្រូវបាន​បាត់បង់​ក្នុងអំឡុងពេល​សង្គ្រាមស៊ីវិល​និង​របប​ប្រល័យពូជសាសន៍​ខ្មែរក្រហម​នៅ​ទស្សវត្សរ៍ ១៩៧០ ដែល​នាំ​ឲ្យ​មានការ​បាត់បង់​ជាប​ណើ្ត​រៗ​នៃ​កេរដំណែល និង​ចំណេះដឹង​វិជ្ជា​ធ្វើ​ម្ហូប​។ ម្យ៉ាងទៀត​ការធ្វើ​ចំណាកស្រុក​ទៅកាន់​ទីក្រុង​របស់​យុវជន​កម្ពុជា ដែល​បាន​ចាក​ចេញពី​ភូមិ​ស្រុក​របស់​ពួកគេ ដើម្បី​បន្ត​ការសិក្សា​និង​ស្វែងរក​ការងារ​នៅក្នុង​ទីក្រុង ក៏​ធ្វើ​ឲ្យ​បញ្ហា​នៃ​ការបាត់បង់​វប្បធម៌​ធ្វើ​ម្ហូប​ខ្មែរ​កាន់តែ​អាច​ធ្ងន់ធ្ងរ​ឡើង ដោយសារ​ពួកគេ​មិនមាន​ពេល​គ្រប់គ្រាន់​ក្នុង​ការរៀន​ពី​ឳ​ពុក​ម្តាយ​និង​យាយ​តា​របស់​ពួកគេ​ពី​ការ​ចម្អិនម្ហូប​ខ្មែរ​។​
 
«​ខ្ញុំ​ដឹងថា វា​នឹង​បាត់បង់​ដូចគ្នា បើសិនជា​យើង​អត់​ចាប់ផ្តើម​គិតគូរ​វា​។ ពេលដែល​ខ្ញុំ​ចង់​សិក្សា​ថា​ម្ហូប​ខ្មែរ​យើង ១០០​ឆ្នាំមុន ២០០​ឆ្នាំមុន ខ្មែរ​យើង​ម្ហូប​ប្រវត្តិ​យ៉ាងម៉េច យើង​ញុំ​ា​ស្អី​អីៗ​នឹង​វា​រក​អត់​បាន​។ ហើយ​ខ្ញុំ​មាន​អារម្មណ៍​ថា​ពិបាក​មែនទែន​។ បើសិនជា​កូនចៅ​ខ្ញុំ​ជំនាន់​ក្រោយ គាត់​មាន​បញ្ហាលំបាក​ដូច​ខ្ញុំ​អញ្ចឹង​ដែរ អា​នឹង​ខ្ញុំ​គិតថា អា​នឹង​ជា​កំហុស​របស់ខ្ញុំ ពីព្រោះ​ខ្ញុំ​ដឹង​ហើយ​ខ្ញុំ​អត់​ព្រម​សរសេរ​វា​ទុក​»​។​
 
​បន្ទាប់ពី​បញ្ចប់​ការសរសេរ​សៀវភៅ​របស់​អ្នកស្រី ចុងភៅ ណាក់ ក៏មាន​គម្រោង​ធ្វើដំណើរ​ទស្សនកិច្ច​ទៅកាន់​តំបន់​ដាច់ស្រយាល​នៃ​ប្រទេស​កម្ពុជា ដើម្បី​ស្វែងរក​និង​ធ្វើការ​កត់ត្រា​ទុក​នូវ​អ្វីដែល​អ្នកស្រី​បាន​ហៅថា «​ម្ហូប​ដែល​ត្រូវបាន​បំភ្លេច​» ដើម្បី​ធ្វើ​ឲ្យ​ម្ហូប​ខ្មែរ​ទាំងអស់នោះ​រស់​ឡើងវិញ​។​
 
«​ខ្ញុំ​ចង់​ឲ្យ​ការងារ​របស់ខ្ញុំ​គឺជា​ចម្លើយ​របស់​ក្មេងៗ​ទៅ​ថ្ងៃ​អនាគត​។ សំខាន់​ជាងនេះទៅទៀត គឺ​ខ្ញុំ​ចង់​ឲ្យ​ពិភពលោក​ស្គាល់​ម្ហូប​ខ្មែរ​ឲ្យ​ស្មើនឹង​ប្រទេសជិតខាង​របស់​យើង​ដែរ​»៕

© រក្សាសិទ្ធិដោយ thmeythmey.com